ពីនេះ ពីនោះ
តើ​អ្វី​ទៅជា​សេចក្ដីស្រឡាញ់​ពិត​?
25, Jun 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សេចក្ដីស្រឡាញ់​គឺជា​ផ្នែក​និង​ជា​កញ្ចប់​មួយ​នៃ​ជីវិត​របស់​មនុស្ស​។ ចំណែក​ភាសា​ដែល​គេ​តែង​និយាយថា “​បង​ស្រឡាញ់​អូន​”, “​អូន​គឺជារ​បស់បង​” “ អូន​ស្រឡាញ់​បង​”, “​បង​ជា​របស់​អូន​” គឺ​ពិតជា​ពេញនិយម​ណាស់​ក្នុង​ជីវិត​ស្នេហា​របស់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ​។ ក៏ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​ហៅថា​សេចក្ដីស្រឡាញ់? សេចក្ដីស្នេហា​? រវាង​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ដែល​ពិត​នោះ​ប្រហែល​ជាមាន​មនុស្ស​តិច​ណាស់​អាច​វាយ​តម្លៃ​ដឹង​ច្បាស់​។​



​ជាការ​ពិតណាស់ បើ​និយាយ​ពី​សេចក្ដីស្រឡាញ់ គេ​អាច​មើលឃើញ​នៅក្នុង​រូបភាព​ច្រើនយ៉ាង​។ តែ​នៅទីនេះ​គឺ​ចង់​បង្ហាញថា​អ្វី​ទៅជា​ស្នេហា​រវាង​មនុស្ស​ប្រុស​ស្រី ដែល​ឈានទៅដល់​ការពិត​មួយ​នៃ​សេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់​ប្រៀបបាន​ទៅនឹង ភាព​ធ្វើឱ្យ​ស្រើបស្រាល​ក្នុង​ចិ​ត្ដ​។ ពិភព​នៃ “​សេចក្ដី ស្រឡាញ់​” បន្លឺ​សូរសម្លេង​យ៉ាង​ផ្អែមល្ហែម​ចំពោះ​សោ​តៈ​។ ពិភព​នៃ​សេចក្ដីស្រឡាញ់​ពាំ​នាំនូវ​ការស្រមើស្រមៃ​អំពី​រូបភាព របស់​គូស្នេហ៍​និយាយ​ខ្សឹបខ្សៀវ​គ្នា​យ៉ាង​ផ្អែមល្ហែម​ជាមួយគ្នា​មិន​ខ្វាយខ្វល់​ពី​ពិភពលោក ទាំងមូល​ឡើយ​។​

​សម្រាប់​យុវវ័យ​ជាច្រើន សេចក្ដីស្រឡាញ់​គឺ​គ្រាន់តែ​ជា​អារម្មណ៍​ដែល​ទាក់ទង​ជាមួយ​ផ្លូវភេទ​តែប៉ុណ្ណោះ​។ ព្រោះ​ពេល​មាន​ចំណងទាក់ទង​គ្នា យុវវ័យ​តែង​ធ្វើឱ្យ​ទាក់​ចិ​ត្ដ​ដោយ​តម្រេក​យ៉ាងខ្លាំង​ចំពោះ​រូប​កាយ សម្រស់​ផ្នែក​ខាងក្រៅ ដែល​នាំ​ឲ្យ​រំជួល​ក្នុង​អារម្មណ៍​ផ្នែក​ផ្លូវភេទ​។ ហើយ​សេចក្ដី ស្រឡាញ់​បែបនេះ​ដឹកនាំ​ទៅរក​គំនិត​មួយ​អំពី​សេចក្ដីស្រឡាញ់​ថា​ជា​មិ​ត្ដ​ភាព ហើយ​នាំទៅរក​គំនិត​ថា ពេល​គូស្នេហ៍​បែកបាក់​គ្នា​ទៅ ពួកគេ​អាច​រម្ងាប់​មិ​ត្ដ​ភាព ព្រោះ​មិ​ត្ដ​ភាព​អន់​ជាង​សេចក្ដីស្រឡាញ់​។​

​តែបើ​និយាយ​ពី​សេចក្ដីស្រឡាញ់​គឺ ជា​សកម្មភាព​នៃ​ការ​មាន​ជា​កម្មសិទ្ធិ ឬ​ត្រូវបាន​គេ​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ដោយ​មនុស្ស​ម្នាក់ទៀត​។ សេចក្ដីស្រឡាញ់​ចាប់ផ្ដើម​ពីបទ​ពិសោធន៍​នៃ​ភាព​ឯកោ​។ សេចក្ដីស្នេហា​គឺ ជា​ចម្លើយ​ចំពោះ​បញ្ហា​នៃ​ភាព​ឯកោ​។ សេចក្ដីស្រឡាញ់​គឺជា​បទពិសោធន៍​នៃ​ជម្រៅ​និង​អាថ៌កំបាំង​របស់​អ្នកដទៃ (​គូស្នេហ៍​) និង​ជា​ឆន្ទៈ​ដ៏​រឹងមាំ​ធ្វើ​ដើម្បី​គាត់ នៅពេល​បុគ្គល​ណាមួយ​អាច​ទៅ​ដឹង​ពី​អាថ៌កំបាំង​នោះ អាច​ទៅ​បំពេញ​ភាព​ឯកោ​នោះ​គឺជា​ដំណើរ​ឈានទៅ​ការ​បង្កើតជា​សេចក្ដីស្រឡាញ់​។ សេចក្ដីស្នេហា​តម្រូវឱ្យមាន​ការទាក់ទាញ ហើយ​ការទាក់ទាញ​អាច​បង្ហាញឱ្យឃើញ​ជា​ពាក្យសំដី កាយវិការ ឬ ជាការ​សម្លឹងមើល ដែល​ទាំងអស់នេះ​អាចជា​សញ្ញា​ផ្សេងៗ ។​

​ទោះជា​យ៉ាងណាក៏ដោយ សេចក្ដីស្នេហា​មិនមែន​គ្រាន់តែ​និយាយ​វា​នោះឡើយ វា​គឺជា​ការ​ប្រតិ​ប​ត្ដិ ទៀតផង​។ ដោយសារ​គូស្នេហ៍​មិនមែនជា​ប្រធាន​វិស័យ​ភាព​គ្មាន​រូបរាង ដូច្នេះ ស្រឡាញ់​បុគ្គល​ម្នាក់ បញ្ជាក់ថា​គេ​ចង់ឱ្យមាន​អត្ថិភាព​រាងកាយ​របស់​បុគ្គល​នោះ និង​បន្ទាប់មក គឺ ពិភពលោក របស់​ដៃគូ​ស្នេហ៍​នោះ​។ សេចក្ដីស្នេហា​មិនអាច​ផ្ដាច់​ចេញពី​ការ​ការថែទាំ វា​មិនអាច​ផ្ដាច់​ចេញពី​ការងារ​នោះឡើយ​។ ស្រឡាញ់​គូស្នេហ៍ គឺត្រូវធ្វើ​ការងារ​ដើម្បី​សេចក្ដីស្នេហា​នោះ ត្រូវ​ថែទាំ ត្រូវ​ថែរក្សា​រាងកាយ​របស់​នាង ពិភពលោក​របស់​នាង សុខុមាលភាព​ទាំងមូល​របស់​នាង​។ សេចក្ដីស្រឡាញ់​មិនមែនជា​ការចង់​ទទួលបាន តែ​ជាការ​ផ្ដល់​ឲ្យ​ទៅ​ភាគី​ដែល​ត្រូវ​បុគ្គល​បាន​ស្រឡាញ់​នោះ​។​

​ដូច្នេះ​សេចក្ដីស្រឡាញ់​ត្រូវការ​ចាំបាច់​នូវ​ពុទ្ធិ​ផ្ទាល់ខ្លួន​ច្បាស់លាស់​អំពី​គូស្នេហ៍​។ សេចក្ដីស្នេហា​តម្រូវ​ឲ្យ​មានការ​ប្រតិ​ប​ត្ដិ ជាជាង​ការនិយាយ ហើយ​ការស្រឡាញ់​មិនអាច​កំណត់​ពី​ទំហំ អាយុកាល រយៈពេល ដែន​កំណត់ និង​មិនអាច​បកស្រាយ​បាន​នោះទេ ព្រោះ​សេចក្ដីស្រឡាញ់​គឺ​ទាំងមូល អនន្ដ និង ពិសិដ្ឋ​។ ហើយ​សេចក្ដីស្រឡាញ់​គឺ​គ្មាន​ទីបំផុត​នោះទេ បើ​នោះ​បី​ជា រូបរាងកាយ​នៃ​ភាគី​ណាមួយ​បាត់បង់​ពី​ពិភពលោក​នេះ​ក៏ដោយ​។​។


© រក្សាសិទ្ធិដោយ thmeythmey.com