ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ លោក ញឹក ប៊ុនឆៃ បំភាន់​មន្ត្រី​ដែលមាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ឲ្យ​ទៅតាម​ខ្លួន​
03, Feb 2016 , 9:39 pm        
រូបភាព
​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជាម​ន្ត្រី​ស្និទ្ធ​នឹង​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក ញ៉េប ប៊ុនជិន អះអាងថា លោក ញឹក ប៊ុនឆៃ អនុប្រធាន​បក្ស បាន​ប្រើ​ពាក្យឃោសនា ដោយ​បំភាន់​ពាក្យ ប្រាប់​មន្ត្រី​បក្ស​ដែលមាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ថា មិន​បាត់បង់​តួនាទី​ឡើយ ដែល​ផ្ទុយ​ពី​ក្របខណ្ឌ​បក្ស​។​



​បន្ទាប់ពី​បានប្រកាសថា​ខ្លួន​បាន​ចាក​ចេញពី​បក្ស នឹង​ទៅ​បង្កើត​គណបក្ស​ថ្មី​មាន​ឈ្មោះថា​«​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​» នោះ លោក ញឹក ប៊ុនឆៃ ក៏បាន​បញ្ជាក់ថា មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច ស្ទើរ​ទាំងអស់ បាន​ចេញពី​សម្តេចក្រុមព្រះ មក​បង្កើត​គណបក្ស​ជាមួយ​លោក​។​

​ត្រង់ចំណុច​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ចោទ​លោក ញឹក ប៊ុនឆៃ ដែល​អូសទាញ​មន្ត្រី ហ្វ៊ុនស៊ិនប៉ិច មាន​តំណែង​ក្នុង​រដ្ឋាភិបាល​មួយចំនួន​ទៅជា​មួយ​ខ្លួន​នេះ​ថា បាន​បំភាន់​ពាក្យសម្ដី​ក្រោម​ការឃោសនា​ថា មន្ត្រី​ទាំងនោះ​នឹងមិន​បាត់​តំណែង​ទេ បើ​ទៅ​ចូលរួម​បង្កើត​បក្ស​ថ្មី​ជាមួយ​ខ្លួន ។ លោក ញ៉េប ប៊ុនជិន ចាត់ទុក​ការឃោសនា​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ ដែល​ផ្ទុយ​ពី​ក្របខណ្ឌ​ដៃគូរ​សហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​រំ​ឮ​ក​ពាក្យសម្ដី​ឃោសនា​របស់លោក ញឹក ប៊ុនឆៃ ដូច្នេះ​ថា​៖«​គាត់​បាន​បំពាន់​ពាក្យសម្ដី​ប្រាប់​មន្ត្រី​បក្ស​ថា បើ​ពួកគេ​ទៅ​ចូលរួម​បង្កើត​បក្ស​ជាមួយ​គាត់​នោះ មន្ត្រី​ទាំងនោះ​នឹងមិន​បាត់បង់​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ឡើយ តែបើ​នៅ​ជាមួយ​សម្ដេចក្រុមព្រះ ពួកគេ​នឹង​បាត់បង់​តំណែង​នេះ​។ តែ​ការឃោសនា​ជាការ​បំភាន់​ពាក្យ​ដែល​ផ្ទុយ​ពី​ក្របខណ្ឌ​បក្ស​ជាមួយ​គណបក្ស​ប្រជាជន​»​។

​តែ​យ៉ាងណា លោក ញ៉េប ប៊ុនជិន មិនទាន់​ហ៊ាន​អារកាត់​ថា ទាំង​លោក ញឹក ប៊ុនឆៃ ទាំង​មន្ត្រី​ដែល​ចាក​ចេញពី​បក្ស​ទាំងនោះ នឹងត្រូវ​បាត់បង់​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ​ឫ​អត់​ទេ​? ដោយ​លោក​ថា បញ្ហា​នេះ​គឺ​អាស្រ័យ​លើ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​«​ការបាត់បង់​តួនាទី​ក្នុង​រដ្ឋាភិបាល​គឺ​ការសម្រេច​លើ​ប្រមុខ​ដឹកនាំ​ថា ដក ឫ​មិន​ដក​ប៉ុណ្ណោះ​។​តែ​ខ្ញុំ​ស្នើ​ឲ្យ​មន្ត្រី​ដែល​ទៅជា​មួយ​លោក ញឹក ប៊ុនឆៃ ដាក់ពាក្យ​លាឈប់​ពី​បក្ស​ទៅ ព្រោះ​កុំ​ឲ្យ​ថ្ងៃមុខ​មានការ​បាត់បង់​តួនាទី​ក្នុង​រដ្ឋាភិបាល រត់ចេញ ឬ​រត់​ចូលបក្ស​វិញ​ស្រេច​តែ​ចិត្ត​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក ញ៉េប ប៊ុនជិន​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ក៏​បដិសេធ​មិន​ឆ្លើយ​សំនួរ​ដែល​សួរ​ទាក់ទង​និង​តួនាទី​មន្ត្រី​បក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះដែរ ដោយ​លោក​គ្រាន់តែ​ឆ្លើយថា ចំណុច​ទាំងអស់នេះ គឺ​អាស្រ័យទៅលើ​សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​។​

​លោក ញឹក ប៊ុនឆៃ ដែល​បាន​ដើរ​ចេញពី​បក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ថ្មី​នេះ ដោយសារតែ​លោក​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​កៀបសង្កត់​មកលើ​ខ្លួន និង​មន្ត្រី​បក្ស​មួយចំនួនទៀត ។ អនុប្រធាន​រូបនេះ​ថា ទ្រង់ រណឫទ្ធិ បាន​បង្កើត​បក្សពួកនិយម ដឹកនាំ​បែប​អត្តនោម័ត ហើយ​បក្ស​គ្មាន​ការរីកចម្រើន​ទេ​ក្នុង​រយៈពេល​១​ឆ្នាំនេះ​។ ជាងនេះទៅទៀត​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ញឹក ប៊ុនឆៃ អះអាងថា លោក​និង​សម្ដេចក្រុមព្រះ មាន​របៀប​ដឹកនាំ និង​ចរិត​ផ្សេងគ្នា ដែល​មិនអាច​រួបរួមគ្នា​ទៀត​បានឡើយ​។​

​លោក ញ៉េប ប៊ុនជិន ចាត់ទុក​ការចាកចេញ​របស់លោក ញឹក ប៊ុនឆៃ ថា ជា​សិទ្ធិ​របស់លោក ញឹក ប៊ុនឆៃ​។​តែ​យ៉ាងណា​អ្នកនាំពាក្យ​រូបនេះ ស្នើ​ឲ្យ​លោក ញឹក ប៊ុនឆៃ ពិចារណា​ឲ្យ​បានច្បាស់លាស់ ដោយ​លោក​រំលឹក​លោក ញឹក ប៊ុនឆៃ ឲ្យ​ក្រឡេក​ទៅ​មើល​មេរៀន​ពី​អតីតកាល​ឆ្នាំ​២០០៦ ក្រោយពី​បក្ស​បាន​បែកបាក់​គ្នា គឺ​គណបក្ស​រាជានិយម​បាន​បាត់បង់​សំឡេង​ពី​២៦​កៅអី មក​សូន្យ​កៅអី បាត់បង់​រចនាសម្ព័ន​បក្ស​ជាដើម​៕


Tag:
 ហ្វ៊ុនស៊ិនប៉ិច​
  ​ញឹក​ប៊ុនឆៃ​
  ​ញ៉េប​ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com