ជាតិ
ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម ទាំងស្រុង​សំឡេង ៥៦/៥៦
05, Feb 2016 , 11:26 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាជិក​ព្រឹទ្ធសភា​ចំនួន ៥៦/៥៦ នៃ​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព លើ​សេចក្តីព្រាង​សេចក្តីព្រាងច្បាប់ ស្តីពី គណនេយ្យ និង​សវនកម្ម ទាំងស្រុង ដោយ​ឥត​កែប្រែ​ក្នុងសម័យ​ប្រជុំ​លើក​ទី​៨ ព្រឹទ្ធសភា នីតិកាល​ទី​៣ ដែល​ដឹកនាំ​ប្រជុំ​ដោយ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​



​សេចក្តីព្រាងច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម តាក់តែង​ឡើងជា​លាយលក្ខណ៍​អក្សរ មាន ១៣​ជំពូក ៣៩​មាត្រា​។ ច្បាប់​នេះ ត្រូវបាន​រដ្ឋសភា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩៧​សំឡេង កាល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​វិស័យ​គណនេយ្យ និង​សវនកម្ម​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាពជឿ​ទុកចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ រាជរដ្ឋាភិបាល​បានសម្រេច​រៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម​ថ្មី ជំនួស​ច្បាប់​ស្តីពី គណនេយ្យ​សហគ្រាស សវនកម្ម​គណនេយ្យ​ស​ហ​គ្រាស និង​វិជ្ជាជីវៈ​គណនេយ្យ ដែលមាន​ជា​ធរមាន ដោយ​ផ្អែកលើ​ការសិក្សា​ពីបទ​ពិសោធន៍ និង​បរិការណ៍​សេដ្ឋកិច្ចពិភពលោក ដែល​បាន​ស្តែង​ឲ្យ​ឃើញ​ឡើង​នូវ​វិបត្តិ​នាពេល​កន្លងមក ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​ថ្មីៗ​នៃ​វិធាន​ប្រុងប្រយ័ត្ន​ផ្នែក​គណនេយ្យ និង​សវនកម្ម នៅក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ។​

​អគ្គលេខាធិការ​ព្រឹទ្ធសភា​លោក អ៊ុំ សារិទ្ធ បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ ឆ្លុះបញ្ចាំង​នូវ​ការអភិវឌ្ឍ​ដ៏​លឿន​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុងប្រទេស និង​ការ​ប្រ​មើ​ល​មើល​ជា​ទស្សនវិស័យ​លើ​វិស័យនេះ​ទៅ​អនាគត ក៏ដូចជា​ភាពចាំបាច់​ក្នុងការ​អនុលោម​តាម​ស្តង់ដារ​មូលដ្ឋាន​ជា​អន្តរជាតិ​។ ហើយ​ថា សេចក្តីព្រាងច្បាប់​នេះ អាច​ឆ្លើយតបបាន​ទាំងស្រុង​ទៅនឹង​ស្តង់ដា​គណនេយ្យ និង​សវនកម្ម​អន្តរជាតិ និង​តំបន់ ដែលមាន​សារសំខាន់​នៅក្នុង​បរិការណ៍​សមាហរណកម្ម​កម្ពុជា ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​លើសពីនេះ លោក​ថា សេចក្តីព្រាងច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម ជាពិសេស​ក្នុង​ការធានា​ភាពត្រឹមត្រូវ​ច្បាស់លាស់ តម្លាភាព គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ ក្នុងការ​គ្រប់គ្រង​កិច្ចប្រតិបត្តិការ ហិរញ្ញវត្ថុ​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែល​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ គណនេយ្យ និង​សវន​កម្មនេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​ជាតិ ដូច​មានចែង​នៅក្នុង​ចក្ខុវិស័យ និង​ផែនការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០១-២០១០ ដែល​ត្រូវបានធ្វើ​បច្ចុប្បន្ន​កម្ម​ទៅជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៦-២០១៥ ហើយ​បន្ត​មកទៀត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១-២០២០​។​

​បើតាម​អគ្គលេខាធិការ​ព្រឹទ្ធសភា បើ​ប្រៀបធៀប​សេចក្តីព្រាងច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម​ថ្មី ជាមួយនឹង​ច្បាប់​ស្តីពី គណនេយ្យ​សហគ្រាស សវនកម្ម​គណនេយ្យ​ស​ហ​គ្រាស និង​វិជ្ជាជីវៈ​គណនេយ្យ គឺមាន​ចំណុច ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​គុណសម្បត្តិ​ជាច្រើន​រួមមាន​ដូចខាងក្រោម​៖

-​បង្កើន​តម្លាភាព និង​សុក្រឹតភាព​នៃ​ឯកសារ​គណនេយ្យ និង​របាយការណ៍​ហិរញ្ញវត្ថុ របស់​ស្ថាប័ន​សាធារណៈ និង​សហគ្រាស​ដែល​អាច​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​ស្ថាប័នរដ្ឋ និង​សហគ្រាស ក៏ដូចជា​ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​។​

-​ជំរុញ​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​នៃ​ស្ថាប័ន​សាធារណៈ និង​សហគ្រាស​។​

-​បង្កើន​គុណភាព និង​សមត្ថភាព​ធនធានមនុស្ស​ជា​គណនេយ្យករ និង​សវន​ករ និង​លើកកម្ពស់​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម​។​

-​ជំរុញ​បន្ថែម និង​ទ្រទ្រង់​និរន្តរភាព​នៃ​ទីផ្សារ​មូលធន ព្រមទាំង​បង្កលក្ខណៈ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម មានលទ្ធភាព​ចូលរួម​ក្នុង​ទីផ្សារ​មូលធន និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​។​

​ដោយឡែក អត្ថប្រយោជន៍​ផ្សេងទៀត​នៃ​សេចក្តីព្រាងច្បាប់​នេះ មានដូចជា ជំរុញ​កំណើន​ចំណូល​ពន្ធដារ​ប្រកបដោយ​ប្រសិទ្ធភាព ​ការកត់ត្រា​ចំណូល​, ចំណាយបាន​ត្រឹមត្រូវ​ អាច​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួលបាន​តួលេខ​ច្បាស់លាស់​ អំពី​ប្រតិបត្តិការ​អាជីវកម្ម ដែល​ងាយ​ក្នុង​ការកំណត់​ពន្ធដារ និង​បង្កើន​ចំណូល​ថវិកាជាតិ ពី​អាករ​នៃ​ការ​សុំចូល​ជា​សមាជិក ឬ​សុំ​អាជ្ញាបណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម (​ករណី​មិន​អនុវត្តន៍តាមច្បាប់ ​ត្រូវបាន​ពិន័យ​អន្តរកាល និង​ជាប់ពន្ធនាគារ​)​។​

​ជាងនេះទៀត ធានាបាន​នូវ​កំណើនសេដ្ឋកិច្ច​(GDP) និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ព្យាករណ៍​សេដ្ឋកិច្ច  គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាចនឹងទទួល​បាន​តួលេខ​អំពី​ចំណូល​សរុប ឬ​ចំណាយ​សរុប​ពិតប្រាកដ ដើម្បី​គណនា​ផលិតផល​សរុប​ក្នុងស្រុក (​ផលិតផល​សរុប​ក្នុងស្រុក​ពិត និង​ផលិតផល សរុប​ក្នុងស្រុក​ម្នាក់ៗ​) និង​ផ្តល់​ភាពងាយស្រួល​ដល់​ការសិក្សា​ស្រាវជ្រាវ វិភាគ អំពី​គ្រប់​សកម្មភាព​សេដ្ឋកិច្ច ដែលជា​មូលដ្ឋាន​សម្រាប់​ព្យាករណ៍​សេដ្ឋកិច្ច​។​

​ធានាបាន​នូវ​ភាពច្បាស់លាស់ តម្លាភាព គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​លើ​កិច្ចប្រតិបត្តិការ ហិរញ្ញវត្ថុ  គឺ​ដោយ​មើលឃើញ​នូវ​បញ្ហា​ប្រឈម​កើតឡើង​ពី​កំណើន​ធុរកិច្ច រាជ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មី​នេះ ដោយ​ផ្តល់​សិទ្ធិ​បន្ថែម​ដល់​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ (​ក​.​ជ​.​គ​) ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ លើ​ការអនុវត្ត​ច្បាប់​ស្តង់ដារ បង្កើតជា​ក្រមសីលធម៌ វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម ហើយ​ក៏មាន​វិធានការ​មួយចំនួន​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមប្រឹក្សា ជាតិ​គណនេយ្យ​អាច​ផ្តល់ ព្យួរ និង​ដកហូត​អាជ្ញាបណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ ដោយ​អាច​ចាត់វិធានការ​វិន័យ ឬ​ទណ្ឌកម្ម​រដ្ឋបាល​។​

​រីឯ អំពើ​បំពាន​ច្បាប់ និង​បង្កើន​គុណភាព និង​ពង្រឹងសមត្ថភាព គឺ​តម្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព លើ​វិស័យ​គណនេយ្យ និង​សវនកម្ម ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ដើម្បី​ធ្វើការលើ​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្របតាម​ស្តង់ដា​រគណនេយ្យ បង្ហាញ​ពី​តម្លាភាព ភាពត្រឹមត្រូវ​របស់​វិនិយោគិន និង​ស្របតាម​និយាម​អន្តរជាតិ (​ស្តង់ដា​របាយការណ៍​ហិរញ្ញវត្ថុ អន្តរជាតិ​)៕


Tag:
 ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com