អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ផ្ដល់​លុយ​ជាង​៤៥០​លាន​ដុល្លារ​សម្រាប់​ដំណើរការ​សន្តិភាព​នៅ​កូ​ឡុំ​ប៊ី​
06, Feb 2016 , 1:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ផ្ដល់​លុយ​៤៥០​លាន​ដុល្លារ​ដល់​កូ​ឡុំ​ប៊ី​សម្រាប់​ជំរុញ​ដល់​ដំណើរការ​សន្តិភាព​ដែល​កំពុងតែ​ចេញ​ជា​រូបរាង​ដោយ​សន្សឹមៗ​។ លោក អូ​បា​ម៉ា ប្រកាស​ដូចនេះ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី Juan Manuel Santos ហើយ​លុយ​ទាំងនេះ​គឺជា​ការផ្ដល់​បន្ថែមទៀត​លើ​ជំនួយ​យោធា​ដែល​បាន​ឲ្យ​ជា​រៀងរាល់ឆ្នាំ​មកហើយ​នោះ​។



ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​ពី​ជំហ​គាំទ្រ​ដល់​ដំណើរ​ការកសាង​សន្តិភាព​នៅ​កូ​ឡុំ​ប៊ី ខណៈ​ទាំង​ភាគី​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម FARC បាន​ឯកភាពគ្នា​លើ​បទ​ឈប់​បាញ់​និង​ថែមទាំង​ហៅ​អង្គការសហប្រជាជាតិ​មក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​នេះ​ផង​។ លោក អូ​បា​ម៉ា ក៏បាន​ប្រកាស​ផ្ដល់​លុយ​៤៥០​លាន​ដុល្លារ​សម្រាប់​ដំណើរការ​សន្តិភាព​សម្រាប់​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះដែរ នៅពេលដែល​លោក​ជួប​ជាមួយ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី Juan Manuel Santos នៅឯ​សេត​វិមាន​។​

​កន្លងមក អាមេរិក​តែងតែ​ផ្ដល់ជំនួយ​ជាច្រើន​រយ​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​។ ជាពិសេស​តាមរយៈ​ផែន ការ​កូ​ឡុំ​ប៊ី (Plan Columbia) ដែលជា​ភាគច្រើន​ក្រោមរូបភាព​ជា​ជំនួយ​យោធា​សម្រាប់​ពង្រឹង​វិស័យ​សន្តិសុខ ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ការប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​FARC​។ យ៉ាងណាមិញ រដ្ឋបាល​លោក អូ​បា​ម៉ា គឺ​ចង់​បញ្ចប់​ផែនការ​នេះដែ​លវា​ជា​ផ្នែក​មួយ​នៃ​ការកសាង​គោលនយោបាយ​ថ្មី​របស់​អាមេរិក​មកលើ​តំបន់​អាមេរិក​ឡាទីន​ដែល​មិនសូវ​ជាមាន​ទំនាក់ទំនង​ល្អប្រសើរ​ប៉ុន្មាន​នោះទេ​។

​ក្នុងជំនួប​ដែល​ធ្វើ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា និយាយថា អាមេរិក​និង​កូ​ឡុំ​ប៊ី​ជា​ដៃគូរ​ក្នុងពេល​មាន​សង្គ្រាម ដូច្នេះ​ក៏​គួរតែ​ក្លាយជា​ដៃ​គួរ​នៅពេល​កសាង​សន្តិភាព​ផងដែរ​។ ចំណែក​ប្រធានាធិបតី​កូ​ឡុំ​ប៊ី Santos ក៏បាន​អរគុណ​អាមេរិក​ចំពោះ​ជំនួយ​លើក​នេះ ដែល​វា​នឹង​ជួយ​ដល់​ការកសាង​សន្តិភាព​ឲ្យ​កាន់តែ​រលូន​។​

​ជម្លោះ​ប្រដាប់អាវុធ​រវាង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​និង​ក្រុម​ឧទ្ទាម FARC បានអូសបន្លាយ​ជាង​៥០​ឆ្នាំ​មកហើយ​។ ជម្លោះ​នេះ​គឺជា​ជម្លោះ​មាន​រយៈពេល​យូរ​ជាងគេ​នៅ​តំបន់​អាមេរិក​ឡាទីន​។ មនុស្ស​ច្រើនជាង​ពីរ​សែន​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​រាប់លាន​នាក់​ទៀត​បាន​ភៀសខ្លួន​ចេញពី​ទីលំនៅ​។ ថ្វី​ត្បិត​ការចរចា​មាន​ច្រើនលើក​ក៏ដោយ ដំណើរការ​សន្តិភាព​នៅ​តែ​មិនទាន់មាន​ពន្លឺ ទើបតែ​ពេលនេះ​ភាគី​ទាំងពីរ​ឈាន​មួយ​ជំហាន​រួមគ្នា​សំដៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះ​។

​លើសពីនេះ រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ក្រុម​ឧទ្ទាម FARC បានធ្វើ​សំណើ​រួមគ្នា​ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ចូលមក​ពិនិត្យ​បទ​ឈប់​បាញ់​និង​ការរំសាយ​អាវុធ​ក្រុម​ឧទ្ទាម​ដែល​ឈានដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​រយៈ​ប្រាំ​ទសវត្សរ៍​នៅក្នុង​ប្រទេស​នេះ​។ ហើយ​នៅពេលនេះ អាមេរិក​ថែមទាំង​ផ្ដល់​លុយ​ថែមទៀត ដែល​នេះ​នឹងធ្វើ​ឲ្យ​ដំណើរ​ការកសាង​សន្តិភាព​នៅ​កូ​ឡុំ​ប៊ី​កាន់តែ​ឆាប់​ចេញ​ជា​រូបរាង​ថែមទៀត​៕


Tag:
 អាមេរិក​
  កូ​ឡុំ​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com