អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហេតុអ្វី​កូរ៉េខាងជើង​បាញ់​គ្រាប់​មី​ស៊ី​ល​បន្តបន្ទាប់​?
08, Feb 2016 , 5:16 pm        
រូបភាព
ដោយ:
 
​កាលពី​ថ្ងៃអាទិត្យ ទី​០៧ ខែកុម្ភៈ ម្សិលមិញ កូរ៉េខាងជើង បានប្រកាស​ពី​ការបាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ដោយ​ភ្ជាប់​ជាមួយនឹង​ផ្កាយរណប​ទៅកាន់​លំហ​អាកាស​ដោយ​ជោគជ័យ​។ ការបាញ់​ដែល​ធ្វើ​បន្តបន្ទាប់ គ្នា​ពី​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​កាលពីដើមឆ្នាំ​២០១៦​នេះ បាន​បង្កើតជា​ការគំរាមកំហែង​ថ្មី និង​កំពុង ដាក់​សម្ពាធ​ខ្លាំង​ទៅលើ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេសជិតខាង​ដែល​រួមមាន​កូរ៉េខាងត្បូង ជប៉ុន និង អាមេរិក​ដែលជា​តួអង្គ​សំខាន់​លើ​ផ្នែក​សន្តិសុខ​។ តើ​មាន​កត្តា​ជំរុញ​អ្វីខ្លះ​បានជា​កូរ៉េខាងជើង បាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​ជា​បន្តបន្ទាប់​គ្នា បើទោះបី​ជាមាន​បំរាម​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​?


 
​សហគមន៍​អន្តរជាតិ ជាពិសេស​កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក បាន​ថ្កោលទោស​យ៉ាងខ្លាំង និង​កំពុងតែ​បញ្ចេញ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​ដែល​ពិតជា​បាន គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​។ ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង មិនមែនជា​រឿង ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ តែ​គេ​ចាប់អារម្មណ៍​ការបាញ់​នេះ ក្រោម​ហេតុផល​មួយចំនួន​។ 
 
១. កូរ៉េខាងជើង មិន​ចង់​ឲ្យ​ចិន​ព្រងើយកន្តើយ​ខ្លួន​បន្តទៀត​?
​អ្នកណា​ក៏​ដឹងថា កូរ៉េខាងជើង និង​ចិន គឺជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​ជាមួយគ្នា ។ ជាពិសេស​នោះ​ក្នុង អំឡុង​សម័យ​សង្គ្រាមត្រជាក់​ដែល​ចិន​បាន​បញ្ជូន​កងទ័ព​ជាច្រើន​ដើម្បី​ជួយ និង​អន្តរាគមន៍​ក្នុង​សង្គ្រាម ឧបទ្វីប​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​។ យ៉ាងណាក៏ដោយ សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ​ហាក់​ចាប់ផ្តើម​ឃ្លាត ឆ្ងាយ​ពីគ្នា​គួរកត់សម្គាល់​ក្រោយពេល​លោក គីម ជុងអ៊ីល បានទទួល​មរណភាព ដែល​ត្រូវ​ជំនួស​ដោយ មេដឹកនាំ​វ័យក្មេង​គីម ជុង​អ៊ុន និង​ក្នុងពេល​ប្រធានាធិបតី​ស៊ី ជិន​ពីង​ដឹកនាំ​ប្រទេស​ចិន​។​
 
​អ្វី​គួរកត់សម្គាល់​នោះ ជំនួស​ភាព​សិទ្ធ​ស្នាល​រវាង​កូរ៉េខាងជើង និង​ចិន កូរ៉េខាងត្បូង​ដែលជា​បងប្អូន និង​គូសត្រូវ​ស្លាប់​រស់​កូរ៉េខាងជើង បាន​ចូលមក​កាន់តែ​ជិត​ជាមួយនឹង​ចិន​តាមរយៈ​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ជាក់ស្តែង ចិន និង​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​ពាណិជ្ជកម្ម​សេរី​ជា​ផ្លូវការ​នៅ ឆ្នាំ​២០១៥ ដែល​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ប្រធានាធិបតី​ចិន​លោក ស៊ី ជិ​ង​ពីង ចាត់ទុកថា​ជា​កិច្ច​ព្រម ព្រៀង​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥​ក្នុងឱកាស​ចិន​ធ្វើ​ព្យុហយាត្រា​រម្លឹក​ខួប​លើក​ទី​៧០​នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី​២ កូរ៉េខាងជើង អន់ចិត្ត​មិនតិច​ទេ​នៅពេល លោក គីម ជុង​អ៊ុន បាន​អវត្តមាន ខណៈ​លោកស្រី​ផាក ហ្គឺ​ន​ហេ បានបង្ហាញ​ភាពស្និទ្ធស្នាល​យ៉ាងខ្លាំង​ជាមួយនឹង​លោក​ស៊ី ជិន​ពីង​។ ក្នុងន័យនេះ គេ​អាចសន្និដ្ឋាន ថា​ការបាញ់​មី​ស៊ី​ល​បន្តបន្ទាប់​របស់​កូរ៉េខាងជើង ដែល​បាន​បង្ក​ឲ្យ​ចិន​ភ្ញាក់ផ្អើល​ដែល​សហគមន៍​អន្តរជាតិ​មើលឃើញថា​ជាការ​មិន​គោរព​ចិន ក៏​ជា​ហេតុផល​មួយ​ដើម្បី​ឲ្យ​ចិន មានការ​ចាប់អារម្មណ៍ និង​មិន​ព្រងើយកន្តើយ​ជាមួយនឹង​កូរ៉េខាងជើង​បន្តទៀត​។​
 
២. ការបាញ់​មី​ស៊ី​ល​ដើម្បី​បង្ហាញ​ពី​ភាព​រឹង​ម៉ាំ​របស់​កូរ៉េខាងជើង​?
​ក្រោយ​មរណៈភាព​នៃ​រប​ស់​អតីត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ីល ឆ្នាំ​២០១១ សហគមន៍​អន្តរជាតិ ដំបូង​មើលឃើញថា​ឥទ្ធិពល​កូរ៉េខាងជើង​អាច​នឹងត្រូវ​ធ្លាក់ចុះ ដ្បិត​មេដឹកនាំ​ដែល​ត្រូវ​ឡើងកាន់តំណែង ជំនួស​ដែលមាន​លោក គីម ជុង​អ៊ុន នៅ​វ័យក្មេង​ពេក​។ មិន​ខុសពី​មេដឹកនាំ​ត្រកូល​គីម​មុនៗ លោក គីម ជុង អ៊ុន​បាន​បន្ត​មហិច្ឆតា​ក្នុងការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​បរមាណូ ដែល​កូរ៉េខាងជើង​ចាត់ទុកជា​យុទ្ធសាស្ត្រ​ការពារ​ខ្លួន និង​ប្រឆាំង​ដាច់ខាត​ចំពោះ​វត្តមាន​អាមេរិក​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ គិត​ចាប់ពី​ឆ្នាំ​២០១២ កូរ៉េខាងជើង បាន​បាញ់​គ្រាប់បែក​មី​ស៊ី​ល​ជា​ច្រើនដង​មកហើយ​។ ហើយ​ការបាញ់​ពីរ​ចុង​ក្រោយនេះ ពោលគឺ​កាលពី​ថ្ងៃទី​០៦ មករា និង ថ្ងៃទី​០៧ ខែកុម្ភៈ​ឆ្នាំ​២០១៦ ត្រូវបាន​គេ​មើលឃើញ ថា​ជា​ចេតនា​របស់លោក​គីម ជុង​អ៊ុន​ដើម្បី​បង្ហាញ​ទៅកាន់​ប្រជាជន​កូរ៉េខាងជើង​ដើម្បី​ផ្តល់​ទំនុកចិត្ត​ទៅ លើ​មេដឹកនាំ​ត្រកូល​គីម ខណៈ​សមាជ​បក្ស​កុម្មុយនីស្ត​លើ​ទី​៧ កាន់តែ​ខិតជិត​មកដល់​។ នេះ​មានន័យ ថា​លោក គីម ជុង​អ៊ុន ចង់​សម្រេច​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​មុនពេល​នៃ​សមាជ បក្ស​របស់ខ្លួន​។ កូរ៉េខាងជើង នឹងធ្វើ​សមាជ​បក្ស​លើក​ទី​៧ នៅ​ខែឧសភា​។ 
 
៣. ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ជា​លេស​ដើម្បី​ចរចា​រក​ជំនួយ​?
​ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ចម្លើយ​ដែល​កូរ៉េខាងជើង ចង់បាន​ក្រោយពី​ការបាញ់​មី​ស៊ី​ល​នោះ មិនមាន​ជា ការដំឡើង​ប្រព័ន្ធ​កម្ទេច​មី​ស៊ី​ល​របស់​អាមេរិក ឬ​ទណ្ឌកម្ម​ថ្មី​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នោះទេ​។ អ្វីដែល​កូរ៉េខាងជើង ចង់បាន​ដែល​វា​ជាហេតុ​មួយ​ដែល​គេ​តែង​សង្កេត​នោះ​គឺជា​ជំនួយ​។ បើ​យោងតាម​ការប្រកាស​រប​ស់​សារព័ត៌មាន​ជាតិ ដែល​ស្រប​ជាមួយនឹង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ផងដែរ​នោះ នៅ​ឆ្នាំ​២០១៥ កូរ៉េខាងជើង​បាន​ជួប​នូវ​បញ្ហា​គ្រោះរាំងស្ងួត​ដែល​មិន​ធា្ល​ប់​កើតមាន​ក្នុង​រយៈពេល​១០០​ឆ្នាំ​ចុងក្រោយ ។ ដូច្នេះ កូរ៉េខាងជើង ត្រូវ​បង្ក​ឲ្យ​មាន​បញ្ហា​អ្វីមួយ​ដើម្បី​យក​លេស​ចរចា​រក​ជំនួយ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​របស់ខ្លួន​។ ហើយ​នេះ ក៏​មិនមែនជា​រឿង​ថ្មី​អ្វី​នោះដែរ ។ ក្រោយ​ការបាញ់​គ្រាប់ផ្លោង​រវាង​កូរ៉េ​ទាំងពីរ នៅ​ខែសីហា ឆ្នាំ​២០១៥ ជា​លទ្ធផល កូរ៉េខាងជើង ទទួល​ជំនួយ​ជាច្រើន​ពី​កូរ៉េខាងត្បូង​ផងដែរ​៕ 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com