ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម​ប្រកាស​បន្ត​សវនាកា​រលើប​ណ្តឹ​ង​សាទុក្ខ​ក្នុង​សំណុំរឿង​០០២/០០១
09, Feb 2016 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​បន្ត​សវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង​០០២/០០១ ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨​ខែកុម្ភៈ និង​ថ្ងៃ​១៩​ខែកុម្ភៈ គឺជា​ថ្ងៃ​បម្រុង​ប្រសិនបើ​ត្រូវការ​ពេលវេលា​បន្ថែម​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម អង្គជំនុំជម្រះ​តុលាការ​កំពូល នឹង​ស្តាប់​សា​រណា​ផ្ទាល់មាត់​លើ​បញ្ហា​នានា ដែល​បាន​លើក ឡើង​នៅក្នុង​បណ្តឹងសាទុក្ខ​នេះ​។​

​សូមជម្រាបថា សវនាការ​នេះ ពាក់ព័ន្ធ​ទៅនឹង​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា នួន ជា និង ខៀវ សំផន ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ក្នុង​សំណុំរឿង​០០២/០១ ដែល​បានប្រកាស ថ្ងៃទី​៧ ខែ សីហា ឆ្នាំ​២០១៤​។ បណ្តឹងសាទុក្ខ​នេះ មាន​ទំហំធំធេង និង​ស្មុគស្មាញ ប្រសិនបើ​ប្រៀបធៀប​នឹង​កិច្ចដំណើរការ​នីតិវិធី​ដទៃទៀត ពាក់ព័ន្ធ​នឹង​អំពើ​ឃោរឃៅ​ដ៏​ធ្ងន់ធ្ងរ​ដែល​រង​ការចោទប្រកាន់​នោះ​។​

​ក្នុងករណី​ដែល​ពុំទាន់​មានការ​សម្រេច​លើ​បញ្ហា​នៃ​បណ្តឹងសាទុក្ខ​នេះ​ទេ ជនជាប់ចោទ​នៅតែ​ត្រូវបាន​សន្មត​ថា​គ្មាន​ទោស​។ អង្គជំនុំជម្រះ​តុលាការ​កំពូល​រំពឹងទុក​ថា សាធារណៈជន មន្ត្រីរាជការ ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន គោរព​គោលការណ៍​សច្ចធារណ៍នៃនិរទោស​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​ណាមួយ​ដែល​ខ្លួន​មានបំណង​ធ្វើឡើង​ស្តី អំពី​រឿងក្តី​នេះ​និង​ជនជាប់ចោទ​។ 

​សំណុំរឿង​០០២/០០១ គឺជា​ការជំនុំជម្រះ​លើកទីមួយ នៃ​ការជំនុំជម្រះ​យ៉ាងតិច​ពីរ ប្រឆាំងនឹង លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង លោក នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០០១ គឺ  ផ្តោតលើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​រង​ការចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ និង​ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង​ការកាប់សម្លាប់​ដែល​រង​ការចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់​។ នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០១៤ អង្គជំនុំជម្រះ​សាលាដំបូង​រកឃើញថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បានសម្រេច​ប្រកាស​ទោស​ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ​អស់​មួយជីវិត​។ នួន ជា និង ខៀវ សំផន បានធ្វើ​បណ្តឹងសាទុក្ខ​ប្រឆាំង នឹង​សាលក្រម របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ​បាន​លើក​ទឡ្ហីករណ៍​បណ្តឹងសាទុក្ខ​រៀងៗ​ខ្លួន​ចំនួន ២២៣ និង ១៤៨​។ បន្ថែម​លើ​នេះ សហ​ព្រះរាជអាជ្ញា បានដាក់​បណ្តឹងសាទុក្ខ ដោយ​កម្រិត​ត្រឹមតែ​ស្វែងរក​ដំណោះស្រាយ ដែល​ប្រកាស​ដោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល ទាក់ទង​នឹង​ភាព​អាច​អនុវត្តន៍​បាន នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​ហៅថា «​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III» (JCE III) នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​៕


Tag:
 បណ្តឹងសាទុក្ខ​
  នួន ជា​
  ខៀវ សំផន
© រក្សាសិទ្ធិដោយ thmeythmey.com