ជាតិ
សង្គមជាតិ
រ៉ឺម៉កកង់​បី​មិន​ក្រោម​៥០០​គ្រឿង​ចល័ត​ដឹក​ភ្ញៀវ​ពេលយប់​នៅ​តំបន់​ផ្សារ​ចាស់​
11, Feb 2016 , 3:30 pm        
រូបភាព
 
​សៀមរាប​៖ ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ការដោះស្រាយ​ការកកស្ទះ​នៅ​តំបន់​ផ្សារ​ចាស់ ដែលជា​គោលដៅ​សំខាន់​សម្រាប់​ភ្ញៀវទេសចរ​នៅពេល​យប់ គឺជា​ការងារ​មួយ​ស្មុគស្មាញ​បំផុត​។ ព្រោះថា ជាទី​ក្រុង​បុរាណ ហើយ​ផ្លូវ​ក្នុង​តំបន់​ផ្សារ​ចាស់​ទៀតសោត ក៏​មិនអាច​ពង្រីក​បាន​នោះដែរ​។ កំណើន​យាន្ត​យន្ត​ជា​មូលហេតុ​សំខាន់ ដែល​ធ្វើ​ឲ្យ​តំបន់​ផ្សារ​ចាស់ ឫ​ផាប់​ស្ទ្រី​ត តែង​កកស្ទះ​ជារឿយៗ ក្នុង​នោះគេ​សង្កេតឃើញ​កំណើត​រ៉ឺម៉កកង់​បី ដែលមាន​ចំនួន​ច្រើនជាងគេ​។​

 
​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក សត ណា​ឌី បាន​ឲ្យ​ដឹងថា បញ្ហា​ប្រឈម​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​ផ្សារ​ចាស់ រួមមាន​បញ្ហា​រ៉ឺម៉កកង់​បី មធ្យោបាយ​ធ្វើដំណើរ​របស់​អ្នកធ្វើការ​នៅតាម​ហាង​មួយៗ បញ្ហា​អ្នកសុំទាន បញ្ហា​រទេះរុញ​ចល័ត និង​បញ្ហា​រថយន្ត​ដឹក​ភ្ញៀវ ដែល​គ្មាន​ចំណត​ត្រឹមត្រូវ​។ លោក សត ឌី​ណា បញ្ជាក់ថា អ្នករត់​រ៉ឺម៉ក​កង់​បី និង​រទេះរុញ​ចល័ត​តែង​បង្ក​ការកកស្ទះ​នៅតាម​ផ្លូវ​ក្នុង​តំបន់​ផ្សារ​ចាស់ ដែល​ភ្ញៀវ​និយម​ដើរ​ពេលយប់​។ 
 
​សម្រាប់​វិធានការ​របស់​អាជ្ញាធរ​ខេត្ត គឺ​ត្រឹម​ហៅ​ពួកគេ​អប់រំ​ឲ្យ​យល់ដឹង​ពី​ផលប៉ះពាល់​តែប៉ុណ្ណោះ ចំណែក​ការដាក់ទោសទណ្ឌ គឺ​ពុំមាន​ច្បាប់​នៅឡើយ​។ លោក សត ឌី​ណា បន្ថែមថា គេ​មិនត្រូវ​មើលស្រាល​លើ​បញ្ហា​ទាំងអស់នេះ​បានទេ ព្រោះថា​វា​អាច​នឹង​បង្ក​ជា​បញ្ហា​អសន្តិសុខ​សង្គម​បាន​។ ស្នងការ​ខេត្តសៀមរាប បាន​លើក​ឧទាហរណ៍​ដូច​ប្រទេស​លី​ប៊ី ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភាពលំបាក ដោយសារតែ​ការហាម​ប្រាណ​មិន​ឲ្យ​លក់ដូរ​នេះ​។ «​ដើមហេតុ ប៉ូលិស​លី​ប៊ី ចុះ​ធ្វើ​សណ្តាប់ធ្នាប់​ដោយ​ទៅ​ចាប់​កញ្ច្រែង​លក់​របស់​និស្សិត ទើប​បង្ក​ឲ្យ​ផ្ទុះ​អំពើហិង្សា​កើតឡើង ហើយ​អ្នកនយោបាយ​លូកដៃ​ចូល ធ្វើ​ឲ្យ​ប្រទេស​នេះ​រងគ្រោះ​ដោយសារ​បដិវត្តន៍​ផ្កាម្លិះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សត ណា​ឌី​។​
 
​តាម​ការបញ្ជាក់​របស់​លោក សត ណា​ឌី ដដែល ក្នុង​មួយ​យប់ៗ​មាន​រ៉ឺម៉ក​កង់​បី ចន្លោះ​ពី​៣០០​ទៅ​៥០០​គ្រឿង ដែល​ចល័ត​ដឹក​ភ្ញៀវ​នៅ​តំបន់​ផ្សារ​ចាស់​។ ក្រៅពីនេះ​មាន​ម៉ូតូ​ពី​៣០០​ទៅ​៥០០​គ្រឿង កង់​ពី​៣០០​ទៅ​៥០០​គ្រឿង រទេះរុញ​ចល័ត​ភាគច្រើន​លក់​ទឹក​ផ្លែឈើ មាន​ពី​៧០​ទៅ​៩០​គ្រឿង​។ បច្ចុប្បន្ន​តំបន់​ផ្សារ​ចាស់ មាន​កន្លែង​ចំណត​យានយន្ត​តែមួយ​កន្លែង​ប៉ុណ្ណោះ គឺ​នៅក្រោម​ដើម​ពោធិ៍ មុខ​សណ្ឋាគារ​តា​ព្រហ្ម ក្រៅពីនេះ រថយន្ត​មួយចំនួនធំ តែង​ចត​នៅ​កៀន​ផ្លូវ​ក្បែរ​តំបន់​នោះ ដែល​បង្ក​ជាការ​កកស្ទះ​គ្មាន​លោះ​ថ្ងៃ​ឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com