ជាតិ
ក្រសួងមហាផ្ទៃ​បង្គាប់​ឲ្យ​លោក ញឹក ប៊ុនឆៃ កែប្រែ​សញ្ញា​គណបក្ស​
11, Feb 2016 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ លើ​ការស្នើសុំ​របស់លោក ញឹក ប៊ុនឆៃ រួចមក ក្រសួងមហាផ្ទៃ​បានសម្រេច​ឲ្យ លោក ញឹក ប៊ុនឆៃ កែប្រែ​សញ្ញា​សម្គាល់​គណបក្ស​ខ្មែរ រួបរួម​ជាតិ របស់លោក​ឡើងវិញ ដោយសារ​តែមាន​លក្ខណៈ​ដូច​ទៅនឹង សញ្ញា​សម្គាល់​គណបក្ស​ដ​ទៃ ដែល​បាន​ប្រើប្រាស់​រួចហើយ​។



​បើតាម​លិខិត​សម្តេច ស ខេង ដែល​ចេញ​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹងថា «​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យឃើញថា សញ្ញា​សម្គាល់​របស់​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ គឺជា​សញ្ញា​សម្គាល់​ដែល​គណបក្សនយោបាយ​ផ្សេង បាន​ប្រើប្រាស់​រួចមកហើយ​។ ដូច្នេះ​ក្រសួងមហាផ្ទៃ​ស្នើសុំ​ឲ្យ​ឯកឧត្តម ធ្វើការ​ផ្លាស់ប្តូ​រសញ្ញា​ស​ម្គា​ល់ របស់​គណបក្ស​ឡើងវិញ ដើម្បី​ឲ្យ​ស្របតាម​ច្បាប់ ដែល​បានកំណត់​»​។​

​ការបដិសេធ​របស់​ក្រសួងមហាផ្ទៃ​នេះ គឺធ្វើឡើង​ក្រោយពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជូនលិខិត​មួយ​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ នេះ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ជំទាស់​ទៅនឹង លោក ញឹក ប៊ុនឆៃ ដែល​បង្កើត​បក្ស​ថ្មី​ហើយ​យក​រូប​ស្លាក​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់ ដែល​ធ្លាប់បាន​បង្កើត​រួចហើយ​។​

​កន្លងមក​លោក ញឹក ប៊ុនឆៃ ពន្យល់ថា មូលហេតុ​ដែល​លោក​យក Logo  គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់​មក​ប្រើ ដោយសារ​លោក​ចង់​រក្សា​មរតក​ដើម​ហ្វ៊ុនស៊ិនប៉ិច ដែល​ព្រះ​បរម​រតន​កោដ្ឋ​បាន​បន្សល់ទុក​។ លោក​ថា បន្ទាប់ពី​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាង​មក​ធ្វើជា​ប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​នៅ​ឆ្នាំ ២០១៥ ព្រះអង្គ​បាន​បោះចោល​Logo ចាស់​នេះ ទៅ​បង្កើត​Logo ថ្មី ដែល​លោក​និង​អ្នករាជានិយម​មួយចំនួន​មិន​ពេញចិត្ត​៕

Tag:
 ញឹក ប៊ុនឆៃ
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com