អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្សី​បារម្ភ​លើ​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​របស់​អា​មេ​រិ​កនៅ​កូរ៉េខាងត្បូង​
12, Feb 2016 , 8:59 am        
រូបភាព
ដោយ:
ក្រសួងការបរទេស​រុស្សី​ បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន​ លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​របស់​អា​មេ​រិ​ក នៅ​កូរ៉េខាងត្បូង ក្រោម​ហេតុផល​ថា​ការពារ​កូរ៉េខាងត្បូង​ ពី​ការវាយប្រហារ​របស់​កូរ៉េខាងជើង​។ រុស្សី​ក៏បាន​ចាត់ទុក​ការ​ពង្រាយ​ប្រព័ន្ធ​ការ​ពារ​អាកាស​​នេះ​ ជា​សកម្មភាព​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រុស្សី​ និង​អាមេរិក​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន New China​។​

 
​ក្រសួងការបរទេស​រុស្សី​បានចេញ​សេចក្ដី​សេចក្ដីថ្លែងការណ៍​មួយ ​បង្ហាញ​ពី​ការព្រួយបារម្ភ នៅពេលដែល​ទីក្រុង​វ៉ា​ស៊ី​ង​តោន​ និង​ទីក្រុង​សេ​អ៊ូ​ល​ បានចាប់ផ្ដើម​ការពិភាក្សា​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង​។ រុស្សី​យល់ថា នេះ​ជា​គ្រាន់តែ​ជា​លេស​សម្រាប់​អាមេរិក ក្នុងការ​ពង្រាយ​ប្រព័ន្ធ​ការពារ​របស់ខ្លួន​នៅលើ​ពិភពលោក​តែប៉ុណ្ណោះ ហើយ​វា​ក៏​អាច​ផ្ដល់​ផល​មិនល្អ​ក្នុង​ទំនាក់ទំនង​រុស្សី​ និង​អាមេរិក​។​
 
​សេចក្ដីថ្លែងការណ៍​ដដែល​នោះ​ក៏បាន​បញ្ជាក់ដែរថា ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅក្នុង​តំបន់​ ដោយ​អះអាងថា​មានការ​ប្រឈមមុខ​ផ្នែក​សន្តិសុខ នឹងធ្វើ​ឲ្យ​មានការ​ប្រណាំងប្រជែង​សព្វាវុធ​នៅ​តំបន់​អាស៊ី​ខាងកើត​។ លើសពីនោះ វា​ក៏​នឹងធ្វើ​ឲ្យ​រាំងស្ទះ​ការចរចា​ស្ដីពី​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង ក៏ដូចជា​ប៉ះពាល់​ដល់​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​លើ​ពិភពលោក​ផងដែរ​។​
 
​លើសពីនេះទៅទៀត សេចក្ដីថ្លែងការណ៍​ក៏​ទទូច​ឲ្យ​បង្កើត​ប្រព័ន្ធ​សន្តិភាព​រួម ​នៅក្នុង​តំបន់​អាស៊ី​ខាងកើត ​ដែល​នឹង​ជួយ​ការពារ​ផលប្រយោជន៍​សន្តិសុខ​ ប្រទេស​ទាំងអស់​ក្នុង​តំបន់​។ ជាមួយគ្នា​នោះ រុស្សី​ក៏បាន​បង្ហាញ​ក្ដីសង្ឃឹម ​លាយឡំ​នឹង​ការព្រមាន​ថា ទាំង​អាមេរិក ​និង​កូរ៉េខាងត្បូង​ នឹង​គិត​ឲ្យ​ច្បាស់​ពី​លទ្ធផល​ទាំងឡាយ​ចេញពី​ការពង្រាយ​នេះ​។​
 
​ជារឿយៗ ឲ្យ​តែ​កូរ៉េខាងជើង​ធ្វើ​ការបាញ់​កាំជ្រួច ​ឬ​សាកល្បង​អាវុធ កូរ៉េខាងត្បូង​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក​ក្នុង​តំបន់ តែងតែ​ស្នើ​ឲ្យ​មានការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​ក្នុង​ទឹកដី​របស់ខ្លួន​។ ទីក្រុង​សេ​អ៊ូ​ល​ត្រូវការ​ជំនួយ​ការពារ​នេះ​ជា​ចាំបាច់ ​ដើម្បី​ត្រៀមខ្លួន​ការពារ​នឹង​ការវាយប្រហារ​ជាយថាហេតុ​ណាមួយ​ ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៧ ខែកុម្ភៈ កូរ៉េខាងជើង​បាន​បាញ់​រ៉ុ​ក​ហ្កែ​តទៅ​កាន់​លំហ​អាកាស​ ល្មើស​នឹង​បម្រាម​អន្តរជាតិ ដែល​ប្រទេស​ជាច្រើន​ចាត់ទុកជា​ការសាកល្បង​បច្ចេកវិទ្យា​កាំជ្រួច​បាលី​ស្ទិ​ចរ​យៈ​ចម្ងាយ​ឆ្ងាយ​។ ក្រោយ​ការបាញ់​បង្ហោះ​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ បាន​ងាក​ទៅរក​ជំនួយ​ប្រព័ន្ធ​អាកាស​របស់​អាមេរិក ​ដើម្បី​ការពារ​ខ្លួន​។ តែ​រុស្សី​មិនសូវ​ជា​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ ពីព្រោះ​រុស្សី​ចាត់ទុក​នេះ​ជា​ផែនការ​របស់​អាមេរិក​ ក្នុងការ​ហ៊ុមព័ទ្ធ​ឥទ្ធិពល​របស់ខ្លួន​ប៉ុណ្ណោះ​៕  
 
 

Tag:
 អាមេរិក​
  រុស្សី​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com