ពីនេះ ពីនោះ
កូន​ខ្មែរ​កំពុង​រំលាយ​អក្សរសាស្ត្រ​ខ្លួន​នៅតាម​បណ្ដាញ​សង្គម​
13, Feb 2016 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការពេញនិយម​ប្រើប្រាស់​បណ្ដាញ​សង្គម​គ្រប់​ប្រភេទ​សព្វថ្ងៃ គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី ចំណេះដឹង ពាណិជ្ជកម្ម អប់រំ សុខភាព ភ្ជាប់​ទំនាក់ទំនង​រវាង​មិត្តភក្តិ​និង​មិត្តភក្តិ បុគ្គលិក​និង​ចៅហ្វាយនាយ ជាដើម​។ ចំណែក​នៅក្នុង​ភាសាសរសេរ​ទំនាក់ទំនង​គ្នា​នោះគេ​ឃើញ​មាន​ភាសា​ផ្សេងៗ​គ្នា​ដែល​គេ​សរសេរ ទៅតាម​ចំណេះ​ដែល​គេ​មាន​ចំពោះ​ភាសា​។​



​ការសរសេរ នៅក្នុង​បណ្ដាញ​សង្គម​បច្ចុប្បន្ននេះ យុវជន​ខ្មែរ បញ្ញវន្ត​ខ្មែរ ពលរដ្ឋ​ខ្មែរ​ពេញនិយម​យ៉ាងខ្លាំង នៅក្នុង​ការសរសេរ​ជា​អក្សរ​អង់គ្លេស តែ​សូរ​ប្រកប​ជា​ភាសា​ខ្មែរ​។ នៅពេលដែល​យុវជន​ខ្មែរ​ពេញនិយម សរសេរ​នៅតាម​បណ្ដាញ​សង្គម​បែបនេះ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សមត្ថភាព​ផ្នែក​ភាសា​អង់គ្លេស​ខ្លួន​មិន​រីកចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បីតែ​ភាសាជាតិ​របស់ខ្លួន ក៏​ខ្លួន​វង្វេង​សរសេរ​មិន​ត្រឹមត្រូវ មិន​ច្បាស់លាស់​ផងដែរ​។

​ទោះបី​ការសរសេរ​នៅក្នុង​បណ្ដាញ​សង្គម​សម្រាប់តែ​ការកម្សាន្ត ប៉ុន្តែ​នៅពេលដែល​អ្នក​ទាំងនោះ​ត្រូវការ​សរសេរ​ផ្លូវការ មនុស្ស​មួយចំនួនធំ សរសេរ​អក្សរ​ខ្មែរ​ខុស ច្រើនជាង​សរសេរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​។ ទោះបី​ជាមាន​មនុស្ស​មួយចំនួន​គិតថា មិន​ផ្លូវការ តែ​អ្នក​ទាំងអស់នោះ​ហាក់ដូចជា​ភ្លេច​ថា នៅ​សម័យ​បច្ចេកវិទ្យា សម័យ​វិទ្យាសាស្ត្រ ឥទ្ធិពល​នៃ​សម្ភារ​ទំនើប ជាពិសេស​បណ្ដាញ​សង្គម​នេះ មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ចំពោះ​ខួរក្បាល​មនុស្ស​សម័យថ្មី​។

​ពិតណាស់ នៅពេល​យុវជន​ខ្មែរ បន្ត​សរសេរ​នៅលើ​បណ្ដាញ​សង្គម​បែបនេះ វា​គឺជា​ការផ្សព្វផ្សាយ​និង​បំផ្លាញ​ភាសាជាតិ​។ ទីបំផុត​កូន​ខ្មែរ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​នាំគ្នា​សរសេរ​ភាសា​ខ្លួនឯង​តាម​គ្នា ហើយ​ពាក្យ​ទាំងនោះ​មិនមែនជា​ពាក្យ​ដែល​ត្រឹមត្រូវ ទៅតាម​វចនានុក្រម​ខ្មែរ​ដែល​បានកំណត់​។

​គួរ​រំលឹក​ឡើងវិញ​ថា សិស្ស​និស្សិត​ខ្មែរ ពលរដ្ឋ​ខ្មែរ បញ្ញវន្ដ​ខ្មែរ គួរ​នាំគ្នា​ភ្ញាក់ខ្លួន​ឡើងវិញ​ថា របៀប​សរសេរ​របស់​ខ្លួន​នៅក្នុង​បណ្ដាញ​សង្គម​បច្ចុប្បន្ននេះ​គឺ​ត្រូវតែ​កែប្រែ​ឡើងវិញ​។ បើសិនជា​សរសេរ​ជា​ភាសា​ខ្មែរ​គួរ​ណាស់​សរសេរ​ខ្មែរ​ឲ្យ​ចំ​ជា​ខ្មែរ តែបើ​សរសេរ​ជា​ភាសាបរទេស​គឺ​ត្រូវ​ឲ្យ​ច្បាស់​ជាមួយ​ភាសាបរទេស ទោះ​តិច​ឬ​ច្រើន​គឺ​ត្រូវ​ទម្លាប់​ដោយ​ខ្លួនឯង​។ ព្រោះ​ថ្ងៃ​ណាមួយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​នឹង​វង្វេង​តាម​គ្នា​ក្នុង​ការសរសេរ​ភាសាជាតិ​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com