ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​មហា​សាមគ្គី​ជាតិខ្មែរ សន្យា​សាង​កម្ពុជា​ឲ្យ​ក្លាយជា​មហានគរ​ទី​២
19, Feb 2016 , 3:31 pm        
រូបភាព
​ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លោក ញ៉ែម វណ្ណ​ថន ហ៊ាន​ប្រកាស​ខ្លាំងៗ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន ថា លោក​នឹង​ប្រមែ​ល​ប្រមូល​អ្នកនយោបាយ និង​អ្នកមាន​សមត្ថភាព​គ្រប់​ទីកន្លែង ឲ្យ​មក​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​លោក ដើម្បី​កសាង​ប្រទេស ឲ្យ​រីកចម្រើន​ដូច​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ។ ការ​ថ្លែង​របស់​ប្រធាន​បក្ស​រូបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការបង្កើត​គណបក្ស​ផ្ទាល់ខ្លួន ដែលមាន​ឈ្មោះថា «​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​»  ដែល​ធ្វើឡើង នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតក្នុង​ខណ្ឌ​សែន​សុខ  កាលពី​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ នេះ​។



​គ្រាន់តែ​ប្រកាស​បើក​គណបក្ស​ភ្លាម លោក ញ៉ែម វណ្ណ​ថន ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ បាន​ពន្លឺ​ឡើង​យ៉ាងខ្លាំង​ថា ក្រុម​អ្នកនយោបាយ​របស់ខ្លួន​នឹង​ពួតដៃគ្នា កសាង​ប្រទេស​កម្ពុជា ឲ្យ​រុងរឿង​ដូច​សម័យ​មហានគរ​។ ដើម្បី​កែប្រែ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ឲ្យ​ក្លាយជា​ព្រះរាជាណាចក្រ​មហានគរ​ទី​២ លោក ញ៉ែម វណ្ណ​ថន បាន​ប្រកាន់យក​គោលជំហរ​សាមគ្គីភាព ជា​មូល​ដ្ឋា​គ្រឹះ​ក្នុង​ការធ្វើ​នយោបាយ ដោយ​ដង្ហោយហៅ​អ្នកស្នេហាជាតិ អ្នកនយោបាយ បណ្ឌិត​បញ្ញវន្ត ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ  ឲ្យ​រួបរួម​ជាមួយ​គណបក្សរ​បស់​ខ្លួន​។

​ប្រធាន​បក្ស​ថ្មី​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ខ្មែរ​មាន​សាមគ្គី​ឡើងវិញ​ហើយ ចាប់​ពីថ្ងៃ​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ កើតឡើង​។ យើង​នឹង​កសាង​ប្រទេស ឲ្យ​ដូច​សម័យអង្គរ​»​។

​សូម​ស្តាប់​ប្រសាសន៍​របស់លោក ញ៉ែម វណ្ណ​ថន​៖



​បើទោះបីជា​គណបក្ស​ខ្លួន​ទើបតែ​បង្កើត​ក៏ពិតមែន តែ​ប្រមុខ​បក្ស​រូបនេះ​បាន​សម្តែង​ការជឿជាក់​យ៉ាង​មាំ​ថា គណបក្ស​ខ្លួន​នឹងមាន​វាសនា ជាប់​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ហើយក៏​អាច​មានឱកាស​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​យ៉ាងច្រើន​ផងដែរ​។

​ដើម្បី​ប្រ​កួត​ប្រជែង​ការបោះឆ្នោត​ខាងមុខ គណបក្ស​ថ្មីស្រឡាង​មួយ​នេះ បាន​តាក់តែង​គោ​លន​យោ​យ​បាយ​សំខាន់ៗ ចំ​នួ​២០​ចំណុច សម្រាប់​ការឃោសនា​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។ គោ​លន​យោ​យ​ទាំងនោះ មានដូចជា ការបង្កើត​ច្បាប់​ស្តីពី​អំណាច​និង​ស្ថាប័ន​ព្រះមហាក្សត្រ​, ការអភិវឌ្ឍ​សេដ្ឋកិច្ច​, ការពង្រឹង​វិស័យ​កសិកម្ម​, ការពង្រឹង​ប្រព័ន្ធយុត្តិធម៌​, ការពង្រឹង​វិស័យ​អប់រំ​, ការពង្រឹង​ការគោរព​សិទ្ធិមនុស្ស និង​ការបង្កើន​ការងារ ជាដើម​។

​ចំណែកឯ រចនាសម្ព័ន្ធ​និង​ថ្នាក់​ដឹង​ជាន់ខ្ពស់​នៃ​គណបក្ស រួមមាន លោក ញ៉ែម វណ្ណ​ថន ប្រធាន​, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ប្រធានកិត្តិយស​, លោក កែវ ពេជ្រ​មុន្នី អនុប្រធាន​, លោក មៀ​ច សំរួល អគ្គលេខាធិការ និង លោកស្រី អ៊ូ ចន្ទ​ផល្លា អគ្គ​ហេរញ្ញិក ។​

​សូមបញ្ជាក់ថា លោក ញ៉ែម វណ្ណ​ថន គឺជា​អតីត​អគ្គលេខាធិការ​នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​តេ​យ្យ របស់លោក ម៉ម សូណង់ដូ ។ ដោយ​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់លោក ម៉ម សូណង់ដូ លោក ញ៉ែម វណ្ណ​ថន បាន​ចាប់ដៃ​ជាមួយ​លោក ហ៊ាង រិទ្ធី អតីត​អនុប្រធាន​នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទៅ​បង្កើត​«​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ​» ដែលមាន​លោក ហ៊ាង រិទ្ធី ជា​ប្រធាន​។ ក្រោយមក លោក ញ៉ែម វណ្ណ​ថន ក៏បាន​ចាក​ចេញពី​លោក ហ៊ាង រិទ្ធី ដោយ​លោក អះអាងថា ប្រធាន​បក្ស​យុត្តិធម៌​ជាតិខ្មែ​រូបនេះ មាន​ភាពជា​អ្នកដឹង​នាំ​ដូច​ប្រធាន​បក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ ដែរ​។

​នៅ​ទីបំផុត លោក ញ៉ែម វណ្ណ​ថន បាន​កៀងគរ​គ្នីគ្នា មក​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង ដើម្បី​មាន​សេរីភាពពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​តាម​ឆន្ទៈ​និង​ការយល់ឃើញ​របស់ខ្លួន​។ ប្រធាន​បក្ស​ដែល​ចាត់ទុក​ខ្លួន​ថា​ជា​ជនរងគ្រោះ​នយោបាយ​រូបនេះ បានបញ្ជាក់​ចុងក្រោយ​ថា ចាប់ពី​ថ្ងៃនេះ​តទៅ លោក​សុខចិត្ត​លះបង់​ជីវិត​ទៅក្នុង​ឆាកនយោបាយ​ជា​រៀងរហូត ដោយ​មិន​ចាក​ចេញពី​បក្ស ទៅធ្វើ​កិច្ចការ​អ្វី​ផ្សេង​ឡើយ​៕


Tag:
 បក្ស​មហា​សាមគ្គី​ជាតិខ្មែរ​
  បក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com