ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត ទូច សំណាង បង្កើត​«​រ៉ូ​បូត​ប្រមូល​សំរាម​» ដើម្បី​បណ្តុះ​គំនិត​សម្អាត​បរិស្ថាន​
20, Feb 2016 , 9:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​វ័យ​២២​ឆ្នាំ ទូច សំណាង ដែលជា​និស្សិត​ឆ្នាំ​ទី​៥​ផ្នែក​អេឡិចត្រូនិក​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន បាន​បង្កើត​រ៉ូ​បូត​ប្រមូល​សំរាម​មួយគ្រឿង ដើម្បី​បណ្តុះ​គំនិត​ពលរដ្ឋ​ឲ្យ​ចូលរួម​សម្អាត​បរិស្ថាន​។ រ៉ូ​បូត​មួយ​នេះ គេ​អាច​ហៅ​វា​ថា Cleaning Robot ដែលមាន​សមត្ថភាព​ប្រមូល​សំរាម ពិសេស​វា​អាច​ប្រមូល​សំបក​កំប៉ុង ឫ​ដប​បាន​ចំនួន​១៥ ក្នុង​១​នាទី​។​

 
​ក្នុង​បន្ទប់​ស្រាវជ្រាវ​ធំ​ល្មម​មួយ​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ដែល​រួមមាន​ទៅដោយ​ទូរ​ដាក់តាំង​សម្ភារៈ​ច្នៃប្រឌិត​ថ្មីៗ  កុំព្យូទ័រ និង ឧបករណ៍​ពិសោធន៍​ផ្សេងៗ ក្រុមនិស្សិត​ដែលមាន​គ្នា​ប្រមាណ​១០​នាក់​ខ្លះ​កំពុងតែ​ចុច​កុំព្យូទ័រ ឯ​ខ្លះទៀត​កំពុង​ជជែក​ពិភាក្សាគ្នា​។ ដោយឡែក និស្សិត ទូច សំណាង ដែល​ស្ថិតក្នុង​បន្ទប់​នេះដែរ​កំពុង​ឈរ​ក្បែរ​រ៉ូ​បូត​មួយគ្រឿង ដៃ​កាន់​តេ​ឡេ​បញ្ជា ទំនងជា​ចង់​ឲ្យ​វា​ធ្វើ​អ្វី​ម្យ៉ាង​។ 
 
​ភ្នែក​សំឡឹង​រ៉ូ​បូត​មិន​ដាក់ សំណាង ឲ្យ​ឈ្មោះ​វា​ថា Cleaning Robot​។ Cleaning Robot ដែល​និស្សិត​រូបនេះ​បង្កើត​វា​ឡើង មាន​សមត្ថភាព​អាច​ប្រមូល​សំរាម តាម​ការបញ្ជា​របស់​ម​នុស្ស​។​គេ​អាច​បញ្ជា​វា​ឲ្យ​ប្រមូល​សំបក​កំប៉ុង ឫ​ដប​បាន​ចំនួន​១៥ ក្នុង​១​នាទី​។ 
 


​ជា​ភ្នាក់ងារ​សម្អាត​បរិស្ថាន​Cleaning Robot អាច​ឲ្យ​គេ​បញ្ជា​ទៅមុខ​-​ក្រោយ ងាកឆ្វេង​-​ស្តាំ តាមចិត្ត​របស់​អ្នកបញ្ជា​។​វា​មាន​ដៃ​២​សម្រាប់​កៀប​សំរាម ស្នូក​១​សម្រាប់​ចូក​សំរាម និង​មាន​កង់​ដែល​អាច​ឲ្យ​វា​ប្តូរ​ទីតាំង​បាន​។ ក្រៅពី​តួខ្លួន Cleaning Robot នៅមាន​តេ​ឡេ​១​សម្រាប់​បញ្ជា​ទៅ​តួខ្លួន​ទាំងមូល​ឲ្យ​ធ្វើការ​។ ដើម្បី​អាច​បញ្ជា​យ៉ាងនេះ​បាន សំណាង​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ដាក់​បន្ទះ​ឈី​ប​តូច​១ ដែលជា​ខួរក្បាល​នៃ​រ៉ូ​បូត ដើម្បី​ចាំ​ទទួល​ការបញ្ជា​ពី​តេ​ឡេ​។ ហើយ​ខ្ញុំ​បាន​បញ្ចូល​កម្មវិធី​ដែល​ឲ្យ​បន្ទះ​ឈី​ប និង​តេ​ឡេ​មាន​ទំនាក់ទំនង​និង​គ្នា​»​។ គេ​អាច​បញ្ជា​វា​ក្នុង​ចម្ងាយ​១០០​ម៉ែត្រ​ឯណោះ​។​
 
«​វា​មិន​ងាយស្រួល​អ្វី​ប៉ុន្មាន​ទេ ទម្រាំ​បាន​រ៉ូ​បូត​មួយ​នេះ​។ ខ្ញុំ​បាន​ច្នៃ​រូបរាង​វា​ខុស​៣ ឫ​៤​ដង​។ ហើយ​តេ​ឡេ​បញ្ជា​វិញ​រិត​តែ​ពិបាក ទម្រាំ​អាចដាក់​កម្មវិធី​ឲ្យ​វា​អាច​បញ្ជា​តួ​រ៉ូ​បូត​បាន ខុស​មិនតិច​ដង​ទេ​»​។ នេះ​ជាការ​ពោល​រៀបរាប់​របស់​និស្សិត ទូច សំណាង ពី​ផល​លំបាក​ពេល​បង្កើត​រ៉ូ​បូត​នេះ​ឡើង​។​
 


​ក្នុង​រយៈពេល​១​ខែ​ពេញ ដែល​សំណាង​ត្រូវ​រៀន​ផង ឆ្លៀតពេល​ចូល​បន្ទប់​ស្រាវជ្រាវ​ផង ហើយ​រូបគេ​ត្រូវ​បន្ត​ស្នាដៃ​ដល់​យប់​ជ្រៅ​ទើបបាន​សំរាក​។ តែ​ចំពោះ​ការចំណាយ​លើ​ឧបករណ៍​ផ្សេងៗ សំណាង​ទទួល​ការ​ឧបត្ថម​ថវិកា​ពីសា​លា ដោយ​រ៉ូ​បូត​១​គ្រឿង​នេះ ត្រូវ​ចំណាយ​ប្រមាណ​១០០​ដុល្លារ​អាមេរិក​។​
 
​ទោះជា​លំបាក តែ​សំណាង​មិនបាន​គិតថា ជា​រឿង​ធំដុំ​នោះទេ​។ ហេតុតែ​ចិត្ត​ស្រលាញ់​ការស្រាវជ្រាវ បង្កើត​ស្នាដៃ​ថ្មីៗ ផ្សារភ្ជាប់​នឹង​ការអភិវឌ្ឍ​សង្គម និស្សិត​រូបនេះ​មានគំនិត​បង្កើត​ស្នាដៃ​នេះ​ឡើង ដើម្បី​ជួយ​បណ្តុះ​គំនិត​ឲ្យ​ពលរដ្ឋ​ចេះ​សម្អាត​បរិស្ថាន​ជុំវិញខ្លួន​។ អ្នក​ច្នៃប្រឌិត​វ័យក្មេង​រូបនេះ និយាយ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​បង្កើត​រ៉ូ​បូត​មួយ​នេះ ចង់​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​សម្អាត​បរិស្ថាន​រប​ស់​ពួកយើង​»​។ 
 
​ដូច​បំណង​របស់​សំណាង ស្នាដៃ​មួយ​នេះ​ធ្លាប់​ត្រូវបាន​ដាក់តាំង​បង្ហាញ និង​ចូលរួម​ប្រកួតប្រជែង ដោយ​ទទួល​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពិធីបុណ្យ​សមុទ្រ ដែលជា​កម្មវិធី​ជួយ​ជំរុញ​ការចូលរួម​សម្អាត​បរិស្ថាន​តាម​តំបន់ឆ្នេរ​សមុទ្រ​។​
 


​មិនទាន់​ស្ងប់ចិត្ត អ្នក​ច្នៃប្រឌិត​រូបនេះ នឹង​បង្កើន​សមត្ថភាព Cleaning Robot នេះ​បន្ថែមទៀត​។ រូបគេ នឹង​ស្រាវជ្រាវ​បន្ត ដើម្បី​បំពាក់​កាំ​មេ​រ៉ា ដែល​អាច​ឲ្យ​វា​ប្រមូល​សំរាម​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​មាន​មនុស្ស​បញ្ជា​។ រ៉ូ​បូត​នេះ នឹង​ត្រូវបាន​បញ្ចូល​ក​ម្ម​វិធី​ឲ្យ​វា​ស្គាល់​ពី​វត្ថុ​ដែល​ត្រូវ​ប្រមូល និង​វត្ថុ​ដែល​មិនត្រូវ​ប្រមូល​។​
​តើ​ពេលណា​ទើប​កម្ពុ​ជាមាន​រ៉ូ​បូត​ប្រមូល​សំរាម​នេះ​គ្រប់​ទីកន្លែង​? តើ​វា​មានតម្លៃ​ប៉ុន្មាន​? គេ​ត្រូវ​នៅ​រង់ចាំ​មើល​សិន​៕
 
 

Tag:
 បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com