ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ​ថា បើCNRPឈ្នះឆ្នោត ​គឺអាច​ផ្ដល់​សេចក្ដីសុខ​ជូន​ពលរដ្ឋ​គ្រប់​និន្នាការ​
21, Feb 2016 , 10:05 am        
រូបភាព
រូបភាព៖ facebook Kem Sokha
រូបភាព៖ facebook Kem Sokha
ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​អះអាង​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា មហិច្ឆតា​លោក​មិនមែន​ចង់បាន​ត្រឹមតែ​ការរួបរួម​ជាមួយ​ឯកឧត្តម សម រង្ស៊ី នោះទេ ពោលគឺ​លោក​ចង់​ឲ្យ​ខ្មែរ​មានការ​រួបរួម​ជាតិ​ទាំងមូល ហើយ​ត្រូវ​ឈរលើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​ឈានទៅរក​ការរៀបចំ​ប្រទេសជាតិ​ឲ្យ​បានល្អ​។​


 
​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បន្ថែមថា ដើម្បី​ឲ្យ​មានការ​រៀបចំ​ប្រទេស​បានល្អ​នោះ គណបក្ស​លោក​ត្រូវតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការប្រកួតប្រជែង​បោះឆ្នោត ដើម្បី​ដណ្ដើម​ការដឹកនាំ​ប្រទេស​។ ឯកឧត្តម កឹម សុខា បញ្ជាក់ថា បើ​គណបក្ស​លោក​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​នោះ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់ គឺ​នឹង​អាច​រស់នៅ​បាន​ដោយ​សេចក្ដីសុខ ដោយ​គ្មាន​ការ​គុំ​គួ​ន​សងសឹក​គ្នា​នោះឡើយ​។​
 
​ថ្លែង​ទៅកាន់​សកម្មជន​មូលដ្ឋាន​និង​អ្នកគាំទ្រ​ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នោះ ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ចូលរួម​ប្រកួត​តាមរយៈ​ការបោះឆ្នោត គូប្រកួត​មិនមែនជា​គូសត្រូវ​ទេ​។ គូប្រកួត​ក្នុងការ​បោះឆ្នោត​នៅក្នុង​ប្រទេស​យើង គណបក្ស​ណាក៏ដោយ​មិនមែនជា​សត្រូវ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្ដែ​គណបក្ស​នោះ​អាចជា​គូប្រកួត​ដើម្បី​ប្រកួត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដណ្ដើម​ការដឹកនាំ​ប្រទេស​។ ប្រកួត​ដើម្បី​ឈ្នះ ឈ្នះ​ដើម្បី​អ្វី មិនមែន​ឈ្នះ​ដើម្បី​ទៅ​កម្ទេច​អ្នកចាញ់ ឈ្នះ​ដើម្បី​ធ្វើបាប​អ្នកទន់ខ្សោយ ឈ្នះ​ដើម្បី​សងសឹក​គុំ​គួ​ន​គេ អត់​ទេ​…​។​គឺ​ឈ្នះ​ដើម្បី​ផ្ដល់​សេចក្ដីសុខ​ទៅដល់​ខ្មែរ​គ្រប់រូប​ទាំងអស់ ទាំង​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់​»៕
 

Tag:
 ឯកឧត្តម កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com