ពីនេះ ពីនោះ
ពាក្យ​ថា​«​កុំ​ក្បត់​ឆន្ទៈ​រាស្ត្រ​» មិនមែនជា​សញ្ញា​ល្អ​ដើម្បី​ឲ្យ​ជាតិ​មាន​សាមគ្គី​ទេ
22, Feb 2016 , 9:48 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេលដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​ស្រែកថា «​ចូល​អ្នកនយោបាយ​កុំ​ក្បត់​ឆន្ទៈ​រាស្ត្រ​» ពេលខ្លះ​ស្ដាប់ទៅ​ពិតជា​រឿង​ដែល​សាមញ្ញ ងាយស្រួល​យល់​។ ព្រោះ​ពាក្យ​ទាំងនេះ​មានន័យថា ឲ្យ​អ្នកនយោបាយ​ធ្វើ​អ្វី​ទៅតាម​បំណងប្រាថ្នា​ពិត​របស់​រាស្ត្រ​ដែល​ចង់បាន ។​



​ប៉ុន្តែ បើសិនជា​គេ​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ ឆន្ទៈ និង​សភាព​ជាក់ស្ដែង ឬ​តថភាព​របស់​មនុស្ស​នៅក្នុង​សង្គម​គឺ​វា​មិន​ដូចគ្នា​នោះទេ​។ ព្រោះថា​នៅក្នុង​សង្គម មាន​អ្នកមាន មាន​អ្នកក្រ មាន​ក្រុម​បញ្ញវន្ត មាន​ក្រុមយុវជន​ដែលមាន​កម្រិត​ផ្នែក​ចំណេះដឹង​ខ្ពស់ និង​ទាប មាន​ប្រជាកសិករ មាន​កម្មករ មាន​អ្នកជំនួញ មាន​មន្ត្រីរាជការ មាន​មន្ត្រី​សង្គម​ស៊ីវិល និយាយ​រួម​គឺមាន​លក្ខណៈ​ចម្រុះ​នៃ​ស្ថានភាព របស់​ប្រជាជន​។

​ហេតុ​នោះ​ហើយ​នៅពេល​និយាយ​អំពី​«​ឆន្ទៈ​រាស្ត្រ​» នោះ​មានន័យថា គឺ​និយាយ​អំពី​គោលបំណង​របស់​រាស្ត្រ សេចក្ដីប្រាថ្នា និង​ការយល់ឃើញ​របស់​រាស្ត្រ​។ ប៉ុន្តែ​តើ​អ្នក​ន​យោ​អាចបំពេញ​ឆន្ទៈ​រាស្ត្រ​បានទេ​? សំណួរ​នេះ​គឺជា​សំណួរ​ដែល​ពិបាក​នៅក្នុង​ការឆ្លើយ ព្រោះថា មនុស្សម្នា​ក់មាន​ឆន្ទៈ​ផ្ទាល់ខ្លួន​មួយ ចុះ​មនុស្ស​មួយ​ប្រទេស ថែមទាំង​មាន​ប្រភព មាន​ស្ថានភាព​សេដ្ឋកិច្ច មាន​តួនាទី មានមុខ​របរ​...​ផ្សេងៗ​គ្នា ជាច្រើន​លាន​អ្នក នោះ​ក៏​មានន័យថា ពួកគេ​ក៏មាន​ឆន្ទៈ​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន​ដែរ​។ ហេតុនេះ​បើសិនជា​អ្នកនយោបាយ​ណា អាច​និយាយបានថា ខ្លួន​អាចបំពេញ​ឆន្ទៈ​រាស្ត្រ​បាន នោះ​ប្រហែលជា​ចម្លើយ​ធំ​ហួស​ពី​សមត្ថភាព​គាត់​ហើយ​។​

​ផ្ទុយ​មកវិញ ប្រជារាស្ត្រ​ក៏ត្រូវ​ស្វែងយល់​វិញ​ថា គ្មាន​អ្នកណាម្នាក់​អាចមក​បំពេញ​ឆន្ទៈ​ខ្លួន​បាន​នោះទេ​។ ហេតុនេះ មិនគួរ​នាំគ្នា​ទៅ​ស្រែក ឲ្យ​អ្នកនយោបាយ ឬ​រដ្ឋាភិបាល​មក​បំពេ​ញ​ឆន្ទៈ​រាស្ត្រ កុំ​ក្បត់​ឆន្ទៈ​រាស្ត្រ​នោះដែរ​។ ព្រោះថា អ្នកគាំទ្រ​រដ្ឋាភិបាល​ក៏​បង្ហាញ​ពី​ឆន្ទៈ​រាស្ត្រ អ្នកគាំទ្រ​បក្សប្រឆាំង​ក៏​បង្ហាញ​ជា​ឆន្ទៈ​រាស្ត្រ អ្នក​មិន​គាំទ្រ​ខាង​ណា ក៏​បង្ហាញ​ពី​ឆន្ទៈ​រាស្ត្រ​ដូចគ្នា​។  ពេលនោះ សំណួរ​សួរថា តើ​ឲ្យ​អ្នកនយោបាយ និង​រដ្ឋាភិបាល​ទៅ​បំពេញ​ឆន្ទៈ​រាស្ត្រ​ខាង​ណា​?

​ក៏ប៉ុន្តែ​ក្នុងនាម​ជា​ប្រជាជាតិ​នៃ​សង្គម​មួយ គួរ​ណាស់​នាំគ្នា​ដាក់​សម្ពាធ​ដល់​អ្នកនយោបាយ អ្នកដឹកនាំ ឲ្យ​ធ្វើ​នយោបាយ និង​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ និង​រៀបចំ​សង្គម​ទៅតាម​បរិបទ​នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ មិន​ថា​ប្រជារាស្ត្រ​ដែលមាន​និន្នាការ​នយោបាយ​ខុសគ្នា​នោះទេ​។ ជាក់ស្ដែង​អ្នកក្រ​គឺ​ចង់​មានបាន អ្នកស្រែ​គឺ​ចង់​បង្កើន​ផល​កសិកម្ម​មាន​ទីផ្សារ​លក់ដូរ​ផល​កសិកម្ម អ្នកជំនួញ​គឺ​ចង់​ឲ្យ​របរ​រកស៊ី​មាន​ស្ថេរភាព កម្មករ​ចង់​មានការ​ងារ​ធ្វើ​មាន​ប្រាក់ខែ​សមរម្យ បញ្ញវន្ត​ចង់បាន​ការងារ​សមរ​ម្យ​តាម​សមត្ថភាព មន្ត្រីរាជការ​ចង់បាន​ប្រាក់ខែ​អាច​ចិញ្ចឹមជីវិត​បាន​ស្រួល​។ ប្រជាពលរដ្ឋ​ទូទៅ​ចង់​ឲ្យ​ជីវិត​រស់នៅ​ក្នុងសង្គម​ដែលមាន​សុខសន្តិភាព គ្មាន​ការ​គាប់​ស​ង្គ​ត់ គ្មាន​ការ​បំបិទ​សិទ្ធិសេរីភាព មានការ​ធានា​សេវាសាធារណៈ​បានល្អ មាន​ភាពជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​របស់ខ្លួន និង​ចង់ឃើញ​ប្រទេសជាតិ​មាន​អធិតេយ្យភាព​ជាដើម​។​ល​។ សារ​ទាំងនេះ​ទើប​មាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ​ពិត​។

​ជារួម​មក ពាក្យ​«​ឆន្ទៈ​រាស្ត្រ​» នេះ​ពេលខ្លះ​ស្ដាប់ទៅ ប្រហែលជា​មិនអាច​ឲ្យ​ប្រជាជន​ក្នុងប្រទេស​មួយ​នេះ​មាន​ភាព​សាមគ្គី​ជាមួយគ្នា​បាន​នោះទេ​។ ព្រោះ​ឆន្ទៈ​រាស្ត្រ​ប្រាកដ​ណាស់ គឺ​ទោ​ទន់​ទៅតាម​អ្វីដែល​ពួកគេ​ចង់បាន ហើយ​មាន​លក្ខណៈ​ជា​បុគ្គល មិនមែន​ជារួម​នោះទេ​។ ហើយ​បើ​និយាយ​ក្នុង​បរិបទ នយោបាយ​វិញ ឆន្ទៈ​រាស្ត្រ​គឺ​ប្រាកដ​ជាមាន​ទំនោរ​ទៅរក​បក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​។ ទីបំផុត​រាស្ត្រ​នៅក្នុង​ប្រជាជាតិ​មួយ​នេះ​មិនអាច​មើលឃើញ​ពី​ចំណុចរួម​បានទេ​។ ផ្ទុយទៅវិញ ប្រជាជន​ទូទៅ​គួរ​ណាស់​រួមគ្នា បញ្ចេញ​សំឡេង​សាមគ្គី​ទាញ​អ្នកនយោបាយ និង អ្នកដឹកនាំ​ប្រទេស ឲ្យ​បំពេញ​តួនាទី​របស់ខ្លួន​ទៅតាម​ការកំណត់​របស់​ច្បាប់ នោះ​ទើប​មាន​ភាពប្រសើរ​ជាង​៕


© រក្សាសិទ្ធិដោយ thmeythmey.com