ជាតិ
លោក ទៀ បាញ់​៖ វិមាន​ឈ្នះ​-​ឈ្នះ តំណាង​ថា​គ្មាន​សម័យ​កាលណា​មាន​សន្តិភាព​ជាង​សម័យ​នេះឡើយ​
26, Feb 2016 , 8:19 am        
រូបភាព
 
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​លើក​ពី​គុណសម្បត្តិ​គណបក្ស​ប្រជាជន​កម្ពុជា​របស់ខ្លួន​ថា ជា​អ្នក​បញ្ចប់​សង្គ្រាមស៊ីវិល​និង​នាំមក​នូវ​សន្តិភាព​យ៉ាង​ពេញលេញ ដល់​កម្ពុជា​។ លោក​ថ្លែង​បែបនេះ​នា​ពិធីបើកការដ្ឋាន​សាងសង់ «​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ និង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​» កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ​។​

 
​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អះអាងថា សម័យកាល​មុនៗ ពុំ​ធ្លាប់មាន​សន្តិភាព​បរិបូរ ដូច​សម័យ​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នោះទេ​។ លោក​បន្ថែមទៀតថា លទ្ធផល​នេះ គឺ​ប្រសូត​ចេញពី​ការបូជា​សាច់​ស្រស់ និង​ឈាម​ស្រស់ របស់​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច ដើម្បី​រំលត់​សង្គ្រាម ហើយ​ប្តូរ​យក​សន្តិភាព​។ 
​ការ​ថ្លែង​របស់លោក ទៀ បាញ់ ខាងលើ ធ្វើឡើង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ «​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ និង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​» ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ​។ វិមាន​នេះ ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក លី យ៉ុង​ផាត់ នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
 
​លោក​បញ្ជាក់​បែបនេះ​ថា​៖«​បើ​គ្មាន​ការប្រឹងប្រែង​និង​ការអនុវត្ត​ជាក់ស្តែង​ក្នុងការ​បំពេញការងារ​នោះទេ យើង​ប្រហែលជា​មិនអាច​រក្សាបាន​នូវ​ស្ថិរភាព​និង​ការអភិវឌ្ឍ​ដូច្នេះ​ទេ​»​។

ក្រៅពី​លើកតម្កើង ពី​ការខិតខំ​របស់​គណបក្ស​ខ្លួន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូបនេះ ថែមទាំង​ចំអក​ឲ្យ​បុគ្គល​ទាំងឡាយណា ដែល​មិន​ទទួលស្គាល់​ពី​ស្នាដៃ​របស់​បក្ស​កាន់អំណាច ខណៈ​ពួកគេ​កំពុងតែ​រស់នៅ​ប្រកបដោយ​សុខសន្តិភាព និង​ការ​អភិ​វ​ឌ្ឃ​ស្ទើរ​គ្រប់​វិស័យ​។ លើសពីនេះទៅទៀត  លោក​ក៏បាន​សម្តែង​ការហួសចិត្ត​បន្តិច​ផងដែរ ចំពោះ​អ្នក​ដែលមាន​ទំនោរ​ទៅរក​និន្នាការ​ប្រឆាំង មិន​ត្រឹមតែ​មិន​ឲ្យ​តម្លៃ​ពី​ការលះបង់​ក​ម្លាំ​កាយ​ចិត្ត​របស់​បក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​ជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ពោល​មួលបង្កាច់​ថែមទៀត​។ 
​សូមបញ្ជាក់ថា រដ្ឋាភិបាល  នឹង​ចាប់ផ្តើម​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោយពី​បញ្ជាប់​ពិធី​បើក​ឲ្យ​សាងសង់ នៅ​ព្រឹក​នេះ​។ ការសាងសង់​វិមាន​នេះ គឺ​ដើម្បី រម្លឹក​ដល់​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ម្យ៉ាងទៀត វិមាន​នេះ ក៏​ជា​និមិត្តរូប​នៃ​សុខសន្តិភាព ដែល​កម្ពុជា​ទទួល ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍ កន្លងមក​។ ជាងនេះទៀត វិមាន​នេះ នឹង​ក្លាយជា​កេរ​មរតក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​៕
 

Tag:
 ​ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com