ពីនេះ ពីនោះ
តើ​ទស្សនវិទូ​ក្រិច លោក សូ​ក្រា​ត អប់រំ​មនុស្ស​ឲ្យ​ធ្វើ​អ្វីខ្លះ​?
28, Feb 2016 , 7:59 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ទស្សនវិទូ​ជនជាតិ​ក្រិច លោក សូ​ក្រា​ត បាន​បន្សល់​ទ្រឹស្តី​សំខាន់ៗ​ជាច្រើន តាំងពី​ជាង​២​ពាន់​ឆ្នាំមុន ដើម្បី​អប់រំ​មនុស្ស​នៅក្នុង​សង្គម​។ តើ​មាន​ទ្រឹស្តី​អ្វីខ្លះ ដែល​សូ​ក្រា​ត​បន្សល់ទុក​?


 
១) ត្រូវ​យល់ដឹង​ពី​ដំណើរ​ប្រព្រឹត្តទៅ​របស់​ធម្មជាតិ ព្រោះ ធម្មជាតិ បាន​ផ្សារភ្ជាប់​ជាមួយ​ជីវិត​មនុស្ស​។ មនុស្ស​រស់នៅ​ជាមួយ​ធម្មជាតិ​។ ដូច្នេះ ការប្រែប្រួល​របស់​ធម្ម​ជាតិ គឺមាន​ឥទ្ធិពល​លើ​ជីវភាព​រស់នៅ​របស់​ម​នុស្ស​។ 
 
២) ត្រូវ​យល់ដឹង​អ្វីដែល​នៅ​ជិត​យើង មុននឹង​យល់ដឹង​អ្វីដែល​នៅ​ឆ្ងាយ​ពី​យើង​។​
 
៣) ត្រូវ​ស្គាល់​ខ្លួនឯង​ដោយ​ខ្លួនឯង ព្រោះ គ្មាន​នរណា​ស្គាល់​យើង​ច្បាស់ ជាង​យើង​នោះទេ​។ 
 
៤) ត្រូវ​ដុសខាត់​ព្រលឹង ឲ្យ​បាន​ប្រសើរ​ជាង​ដុសខាត់​រាងកាយ ព្រោះ ការសម្អាត​ផ្លូវចិត្ត បណ្តុះ​គំនិត​គុណធម៌ មិនមែនជា​ការងារ​ស្រួល​ដូច​សម្អាត​រាងកាយ​នោះទេ​។ ដូច្នេះ មនុស្ស​ត្រូវ​ព្យាយាម​ពង្រឹង​ភាព​ខាងក្នុង ឲ្យ​បាន​ច្រើន​ដើម្បី​អប់រំ​ខ្លួន​ឲ្យ​មាន​សន្តាន​ចិត្ត​ជ្រះថ្លា មាន​សីលធម៌​ក្នុងការ​រស់នៅ និង​ប្រកបដោយ​គតិបណ្ឌិត​។ 
 
៥) ត្រូវ​និយម​ប្រើពាក្យ​ថា​«​ខ្ញុំ​មិនចេះ​អ្វី​សោះ​» មានន័យថា មនុស្ស​រៀន​រហូតដល់​ស្លាប់​។ ដូច្នេះ បើ​មនុស្ស​និយាយថា ខ្លួនឯង​ចេះ​សព្វគ្រប់​នោះ គឺជា​ការ​អួតអាង​។ តែ​ការពិត​មនុស្ស​មិនដែល​ចេះ​សព្វគ្រប់​នោះទេ ពោលគឺ​មនុស្ស​ត្រូវ​រៀន​បន្ថែម​រហូត​។ បើ​យើង​និយម​ប្រើពាក្យ​ថា ខ្ញុំ​មិនចេះ​អ្វី​សោះ គឺ​យើង​ជា​មនុស្ស​ទទួល​គំនិត​បន្ថែមទៀត​ពី​អ្នកដទៃ ពីព្រោះ យើង​បើកចំហ ចាំ​ទទួល​ចំណេះដឹង​ពី​អ្នកដទៃ​បន្ថែម​។ តែបើ​យើង​និយាយថា ខ្ញុំ​ចេះ​អស់ហើយ មានន័យថា យើង​បិទ​ខួរក្បាល​លែង​ទទួល​គំនិត​អ្នកដទៃ​។ 
 
៦)​ត្រូវ​ជជែក​គ្នា ដើម្បី​រក​ការពិត ព្រោះ​ការជជែក​គ្នា គឺជា​វិធី​បង្កើត​គំនិត​។​
 
៧)​លទ្ធផល​ដែល​ល្អ គឺជា​លទ្ធផល​ដែល​ទទួល​ការរិះគន់​រួចហើយ​។​
 
៨)​ពុំមាន​នរណាម្នាក់ កាច​ដោយ​ចេតនា​នោះទេ​។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​បំណងល្អ តែ​ប្រសិនបើ​ប្រែជា​អាក្រក់​វិញ​នោះ គឺ​ពិត​ជាមាន​បុព្វហេតុ ដូចជា បុព្វហេតុ​ផ្ទាល់​ខ្លូន ឬ​ក្រៅ​ខ្លួន​៕
(​ដកស្រង់​ពី​សៀវភៅ​«​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិ​គំនិត​នយោបាយ​»​រៀបរៀង​ដោយ បណ្ឌិត ឈុន សារ៉េត​)

Tag:
 ទស្សនវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com