ពីនេះ ពីនោះ
ទង្វើ​ខុស​មួយចំនួន​ក្នុងការ​បង្រៀន​កូន​
29, Feb 2016 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ឳ​ពុក​ម្តាយ​គឺជា​គ្រូ​ទីមួយ​របស់​កូន ព្រោះតែ​ចង់​ឲ្យ​កូន​ធំ​លូតលាស់​បានល្អ អ្នក​ត្រូវតែ​បង្រៀន និង​អប់រំ​កូន​តាំងពី​តូច ហើយ​ត្រូវតែ​ធ្វើជា​គំរូ​ដ៏​ល្អ​របស់​កូន​ទើប​កូន​អាច​រៀន​តាម​អ្នក​បាន ប៉ុន្តែ​មាន​ឳ​ពុក​ម្តាយ​ខ្លះ​បែរជា​មាន​គំរូ​អាក្រក់​ដែល​ធ្វើ​ឲ្យ​កូន​រៀន​តាម​ទៅវិញ​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
​គ្មាន​ចិត្ត​អំណត់​
​មាន​ឳ​ពុក​ម្តាយ​ខ្លះ​ពេល​ដែលមាន​សម្ពាធ​ការងារ​ខ្លាំង ក្រោយពេល​ត្រឡប់មកផ្ទះ​តែងតែ​រករឿង​ស្រែក​ដាក់​កូន​ជានិច្ច នេះ​ជា​គំរូ​ដែល​មិនល្អ​មួយ​ដែល​អ្នកផ្តល់​ឲ្យ​កូន គេ​នឹង​រៀន​តាម​អ្នក​នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​។​
 
​មិនចេះ​ទប់​កំហឹង​
​មាន​អ្នកខ្លះ​រៀបការ​ជាច្រើន​ឆ្នាំ​មកហើយ​នៅតែ​ព្រោះតែ​រឿង​តូចតាច​មួយចំនួន​ឈ្លោះ​គ្នា​នៅមុខ​កូន​ជានិច្ច ដូចនេះ​កូន​អាច​នឹងមាន​ច​រឹត​ដូច​អ្នក​អញ្ចឹង​ចូលចិត្ត​ឈ្លោះ​ជាមួយ​អ្នកដទៃ​នៅពេលដែល​មានរឿង​តូចតាច​កើតឡើង​។​
 
​ចិត្ត​ទូលាយ​ពេក​
​នៅពេលដែល​អ្នក​តែងតែ​ទិញ​របស់របរ​ឲ្យ​កូន​ច្រើនពេក នោះ​កូន​នឹង​រៀន​ចេះតែ​ទទួលយក ហើយ​មិនចេះ​សន្សំសំចៃ​ដូច​អ្នក​អញ្ចឹង គេ​នឹង​ចាយ​ធំ​ជាង​អ្នក​នៅពេលដែល​គេ​ធំ​ឡើង​។​
 
​មិនចេះ​យកចិត្តទុកដាក់​
​នៅពេលដែល​អ្នកធ្វើការ​ងារ​ផ្ទះ​បណ្តើរ ហើយ​សួរ​កូន​ពី​រឿង​នៅ​សាលា​បណ្តើរ វា​នឹងធ្វើ​ឲ្យ​កូន​យល់ថា​អ្នក​មិន​យកចិត្តទុកដាក់​ចំពោះ​គេ ហើយ​មិនចេះ​គោរព​គេ ដូចនេះ​គេ​នឹង​រៀន​ចេះ​ទង្វើ​នេះ​ពី​អ្នក ដោយ​មិនចេះ​គោរព​អ្នកដទៃ​ដូចគ្នា​។​
 
​មិនចេះ​ទទួលស្គាល់​កំហុស​
​នៅពេលដែល​អ្នកធ្វើ​ខុស​ដាក់​កូន ហើយ​អ្នក​មិនចេះ​ទទួលស្គាល់​កំហុស​របស់​អ្នក នោះ​កូន​អ្នកនឹង​មិនចេះ​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ដូចគ្នា គេ​នឹង​សុខចិត្ត​បន្ត​ខុស​រហូត​។​
 
​ចោល​របស់​ផ្តេសផ្តាស​
​នៅពេលដែល​អ្នក​តែងតែ​បោះចោល​របស់​ផ្តេសផ្តាស​ពេញ​ផ្ទះ ហើយ​មាន​អ្នកដទៃ​មក​រៀប​ឲ្យ ដូចនេះ​កូន​នឹង​រៀន​តាម​អ្នក​ដោយ​តែងតែ​ទុក​រឿង​មួយចំនួន​ឲ្យ​អ្នកដទៃ​ជួយ​ដោះស្រាយ​ជានិច្ច គេ​មិនចេះ​រក​វិធី​ដោះស្រាយ​ដោយ​ខ្លួនឯង​ឡើយ​។​
 
​ដូចនេះ​បើ​អ្នកមាន​ទង្វើ ឬ​សកម្មភាព​ទាំងនេះ អ្នក​គួរតែ​កែ​ចេញ​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​កូន​អ្នកនឹង​អាច​ក្លាយជា​ក្មេង​ដែលមាន​ច​រឹត​មិនល្អ នោះ​នៅពេលដែល​គេ​ធំ​ឡើង គេ​នឹង​ក្លាយជា​មនុស្ស​ដែល​សង្គម​ស្អប់ខ្ពើម​៕
 
 ​ត្រួតពិនិត្យ​ដោយ​www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com