ពីនេះ ពីនោះ
តើ​អ្វីដែល​អ្នក​ត្រូវ​ដឹង​ពី​ស្ថានីយ​សន្លុង​ប្រាសាទ​បាកាណ​កំពង់ស្វាយ​?
04, Mar 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រាសាទ​បាកាណ​គឺជា​ប្រាសាទ ដែលមាន​បរិវេណ​ធំជាងគេ​បំផុត​របស់​អាណាចក្រ​ខ្មែរ​ក្នុង​សម័យអង្គរ​។ ប្រាសាទ​នេះ លាតសន្ធឹង​លើ​ផ្ទៃដី​ប្រហែល​២២,៥០​គីឡូ​ម៉ែត​ការ៉េ ។​



​នៅក្នុង​ឯកសារ​ស្រាវជ្រាវ​មួយ​ចងក្រង​ដោយ​អ្នក​បុរាណវិទ្យា និង​ជា​លោក​សាស្ត្រាចារ្យ​ផ្នែក​បុរាណវិទ្យា​លោក ធុ​យ ចាន់​ធួន មាន​ចំណងជើង​ថា​«​ដែក និង​ថ្ម ខ្មែរ​បុរាណ​» ស្ថានីយ​នេះ​ស្ថិតនៅ​ភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មាន​ទីតាំង​តាម​GPSmap60csx, Datum-WGS84, UTMZone48NP 473257, 1482567​។

​នៅពេលដែល​គេ​ធ្វើដំណើរ​ពី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៦២ ដល់​ភូមិ​ស្វាយ​ប៉ាត នៅ​ខាងឆ្វេង​ដៃ​គេ​នឹង​ឃើញ​មាន​ផ្លូវ​ឆ្ពោះទៅ​ស្រុក​សង្គម​ថ្មី ពេលទៅដល់​ស្រុស​ង្គ​ម​ថ្មី គេ​ត្រូវ​បន្តដំណើរ​ទៅ​ឃុំ​រណសិរ្ស ដែលមាន​ចម្ងាយ​ផ្លូវ​ប្រហែល​៣០​គម គេ​នឹង​ឃើញ​ស្លាក​សញ្ញា​បង្ហាញ​ពី​ទីតាំង​ប្រាសាទ​។

​ពេលទៅដល់ ទីតាំង​ស្ថានីយ​នេះ គេ​នឹង​ឃើញ​មាន​ទួល​អាចម៍ដែក​និង​ថ្ម​រ៉ែ​ដែក​ដុំ​តូចៗ ជាច្រើន​នៅ​រាយប៉ាយ​ពេញ​បរិវេណ​ខាងក្រៅ និង​ខាងក្នុង​ប្រាសាទ​។ ប្រាសាទ​បាកាណ គឺជា​ប្រាសាទ​មួយ​ដែលមាន​លក្ខណៈ​ស្រដៀង ទៅ​និង​ប្រាសាទអង្គរវត្ត​ដែរ​។ ព្រោះ​ប្រាសាទ​នេះ មាន​ប្រាសាទតូចៗ​ជាច្រើន និង​មាន​បារាយណ៍​ធំៗ​ចំនួន​ពីរ គឺ​បឹង​បារាយណ៍ និង​បឹង​ក្រោម​ហើយ​បឹង​នេះ​ទទួល​ទឹក​ពី​ព្រះ​ស្ទឹង និង​មាន​កស្សិណ​ព័ទ្ធជុំវិញ​។​

​ស្ថានីយ​សន្លុង​ប្រាសាទ​បាកាណ​កំពង់ស្វាយ​នេះ ត្រូវបាន​អ្នកស្រាវជ្រាវ វាស់វែង​ផ្ទៃ​ប្រាសាទ​ទាំងមូល​ព្រមទាំង​បឹង​បារាយណ៍​និង​បឹង​ក្រោម​រហូតដល់​ប្រាសាទដំរី ឃើញថា​មាន​ទំហំ​ជាង​៣៦​គីឡូ​ម៉ែត​ការេ​។ ថែម​ពី​នោះ​ទៀត​អ្នកស្រាវជ្រាវ បាន​វាស់វែង និង​គូរ​ប្លង់​រួចហើយ​ដោយ​គណនា​បរិមាណ​អាចម៍ដែក​សរុប​ស្មើ​១០៨១១២​ម៉ែត្រគូប ក្នុង​ក្រឡា​ផ្ទៃ​៤១៤២២​ម៉ែត្រការ៉េ​៕
(​ខាង​សារព័ត៌​ថ្មីៗ​សូម​អភ័យទោស​ដែល​មិនមាន​រូបភាព​ពិត​ទាក់ទង​ស្ថានីយ​នេះ​)
​ដកស្រង់ និង​ផ្ដល់​សិទ្ធិ​ដោយ​៖ ( ដែក និង​ថ្ម ខ្មែរ​បុរាណ​, សាស្ដ្រាចារ្យ ធុ​យ ចាន់​ធួន​)


Tag:
 ស្ថានីយ
  ​ប្រាសាទ​បាកាណ
  ​កំពង់ស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com