ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ផៃ ស៊ី​ផាន ថា​របាយ​ការណ៍ CCHR ជាការ​រៀបចំ​ដើម្បី​លាប​ពណ៌​រដ្ឋាភិបាល​
04, Mar 2016 , 8:39 pm        
រូបភាព
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR បានចេញ​របាយការណ៍​ថ្មី​មួយ កាលពី​ថ្ងៃទី​០២​មីនា ថា សិទ្ធិ​ប​ញ្ជេ​ញ​យោបល់​នៅតាម​ប្រព័ន្ធ​អន​ឡាញ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក Facebook ត្រូវបាន​គៀបសង្កត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ច្រានចោល​របាយការណ៍​រប​ស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR ដោយ​ចាត់ទុកថា របាយការណ៍​នេះ រៀបចំ​មក​ដើម្បី​លាប​ពណ៌ និង​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិ​ភាន់ច្រឡំ​មកលើ​រដ្ឋាភិបាល​។​



​របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​សិទ្ធិ​កម្ពុជា CCHR ស្តីពី ជា​កំហុស​បច្ចេកវិទ្យា​? ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​សិទ្ធិ​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា បាន​លើក​ពី​បញ្ហា​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា​។​របាយការណ៍​កម្រាស់​៣០​ទំព័រ បាន​លើកឡើងថា បណ្ដាញ​សង្គម​បានក្លាយ​ទៅជា​វេទិកា​សំខាន់បំផុត​សម្រាប់​ការបញ្ចេញ​មតិយោបល់ និង​ការជជែក​វែក​ញ៉ែ​ក​អំពី​នយោបាយ​នៅ​កម្ពុជា​។ ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សំដែង​ការមិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល បាន​ងាក​មកប្រើប្រាស់​បណ្ដាញ​សង្គម​វិញ ដែលជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បានសម្រេច​ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់​លើ​អ្នក​ដែល​ធ្វើការ​រិះគន់​រដ្ឋាភិបាល​តាមរយៈ​បណ្ដាញ​សង្គម​។​

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ច្រានចោល​របាយការណ៍​រប​ស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នេះ​ទាំងស្រុង​។ លោក ចាត់ទុកថា របាយការណ៍​នេះ បាន​ប្រឌិត​រឿង​ដែល​មិន​ឆ្លើយតប និង​ការប្រឹងប្រែង​របស់​សម្តេច ហ៊ុន សែន ដែល​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជា​ជំនួយស្មារតី​ក្នុង​កិច្ចការងារ និង​សម្តែង​នូវ​កង្វល់ និង​សំណូមពរ​នានា ដែល​ទទួលបាន​ប្រសិទ្ធិភាព​នៃ​ទំនាក់ទំនង​រវាង​ប្រជារាស្ត្រ និង​រដ្ឋាភិបាល​។​

​អ្នកនាំពាក្យ​រូបនេះ បាន​សរសេរ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ៖«​សម្តេច ក៏បាន​ជម្រាប​ប្រជាពលរដ្ឋ​នៅពេល​ថ្មីៗ​នេះ នៅក្នុង​ការប្រើប្រាស់ Inbox របស់​សម្តេច ដើម្បី​ជាការ​បញ្ចេញមតិ​ដោយ​សេរី ដែល​ស្រប​និង​វិធាន​របស់​រដ្ឋបាល​ទំនើប ឬ​រដ្ឋបាល Electronics​។ រាល់​របាយការណ៍​ដែល​ស្ថិតនៅក្នុង​ទិដ្ឋភាព​របាយការណ៍​នេះ គឺជា​របាយការណ៍​ក្នុងការ​បង្កើតជា​ករណី ដើម្បី​លាប​ពណ៌​កម្ពុជា និង​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ ភាន់ច្រឡំ ឬមួយ​បង្កើតជា​ទិន្នន័យ​ក្នុងការ​វាយប្រហារ​កម្ពុ​ជា​»​។​

​របាយការណ៍​CCHR ក៏បាន​លើក​ពី​ការព្រមាន​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ធ្នូ​ឆ្នាំ​២០១៥ ដែល​បាន​ព្រមាន​ថា អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដែល​រិះគន់​គោលនយោបាយ​រដ្ឋាភិបាល​ទាក់ទិន​នឹង​បញ្ហា​រសើប ឬ​ជេ​ប្រមាថ​បុគ្គល​ណាមួយ​នោះ អាច​ត្រូវ​តាមដាន​និង​រក​ឃើញតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដែល​ការព្រមាន​នេះ​មិនមែនជា​សញ្ញាណ​ល្អប្រសើរ​សម្រាប់​អនាគត​នៃ​សេរីភាព​ខាង​ការបញ្ចេញមតិ​នៅ​កម្ពុជា​នោះទេ ហើយ​អាចបង្កើត​ឲ្យ​មាន​វប្បធម៌​ភ័យខ្លាច និង​ការដាក់​ពិរុទ្ធ​ខ្លួនឯង ក្នុងចំណោម​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត​។

​របាយការណ៍​ដដែល ក៏បាន​រំ​ឮ​ក​ពី​ការចាប់ខ្លួន យុវជន គង់ រ៉ៃ​យ៉ា (​ពាក់ព័ន្ធ​ករណី​បដិវត្ត​ពណ៌​) យុវជន ផង់ សីហា (​ករណី​គំរាម​សម្លាប់​លោក សុខ ទូច​) និស្សិត តៅ សាវឿន (​ករណី​គំរាម​បំផ្ទុះ​គ្រាប់បែក​ទៅលើ​សម្ដេច ស ខេង​) យុវជន ម៉ាន់ សំ​អ៊ា​ន់ (​ករណី​គំរាម​សម្លាប់​សម្ដេច ហ៊ុន សែន​) និង​ការចាប់ខ្លួន​លោក ហុង សុខ​ហួរ (​ពាក់ព័ន្ធ​និង​ករណី​សន្ធិសញ្ញា​ក្លែងក្លាយ​) ជាដើម​។​

​លោក ផៃ ស៊ី​បាន នៅតែ​បន្ត​បដិសេធ​របាយការណ៍​នេះ​ថា បានបង្ហាញ​យ៉ាងច្បាស់​នូវ​ឥរិយាបថ និង​ទិសដៅ​ប្រឌិត និង​បំភ្លៃ​ព័ត៌មាន ឬ​និន្នាការ​លាប​ពណ៌​ដល់​រាជរដ្ឋាភិបាល នៅក្នុង​ករណីនេះ​ដែល​ផ្ទុយ​អំពី​សេចក្តី​ប្តេជ្ញា និង​ការបង្កើត​ឱកាស​លើកទឹកចិត្ត​ឲ្យ​មានការ​បញ្ចេញយោបល់​ដោយ​សេរី​របស់​រដ្ឋាភិបាល ដែល​លើកលែងតែ​រាល់​អត្ថបទ ឬ​ស្មារតី​នៃ​អត្ថបទ ដែល​បំពាន​លើ​ស្មារតី​នៃ​ច្បាប់​មាន​ជា​ធរមាន​ប៉ុណ្ណោះ​។​

​តែ​យ៉ាងណា​របាយការណ៍ CCHR បាន​បន្ថែមថា ទោះបី​ជាមាន​ក្រម​ខ័​ណ្ឌ​ច្បាប់​ក្នុងការ​ការពារ​សិទ្ធិមនុស្ស​យ៉ាងណាក្ដី តែ​ការអនុវត្ត​ជាក់ស្ដែង សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវបាន​រំលោភបំពាន​ជាប្រចាំ ហើយ​សិទ្ធិ​របស់​ជនរងគ្រោះ​នៅក្នុង​ប្រព័ន្ធតុលាការ​ក៏​ត្រូវបាន​រំលោភបំពាន​ដោយសារ​អំពើរ​ពុករលួយ និង​ភាពមិនប្រក្រតី​កើតឡើង​។ មន្ត្រី​តុលាការ​ជាទូទៅ​មិន​អើពើ​ចំពោះ​ការធានា​សិទ្ធិមនុស្ស ខណៈដែល​ក្រមព្រហ្មទណ្ឌ​នៅ​កម្ពុជា ត្រូវបាន​អនុវត្ត​ដោយ​រំលោភបំពាន ជា​ឧបករណ៍​ដែល​ប្រើប្រាស់​ប្រឆាំងនឹង​អ្នកជំទាស់ ផល​ប្រ​យោ​ជ​ន៏​របស់​រដ្ឋាភិបាល ទាំង​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​៕


Tag:
 CCHR
  លោក ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com