អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ថា យន្តហោះ​និង​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ភាគច្រើន​ជា​របស់​អាមេរិក​
09, Mar 2016 , 7:30 am        
រូបភាព
ដោយ:
​ចិន​បាន​បញ្ជាក់ថា យន្តហោះ​ចម្បាំង​និង​នាវាចម្បាំង​ទំនើប​ភាគច្រើន​ដែល​បង្ហាញ​វត្តមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ភាគច្រើន​ជា​របស់​អាមេរិក​។ ការលើកឡើង​របស់​ចិន​កើតឡើង​ស្រប​ពេលដែល មន្ត្រី​យោធា​ជើង​ទឹក​អាមេរិក​ទទួលស្គាល់ថា​អាមេរិក​បញ្ជូន​នាវាចម្បាំង​និង​នាវា​ដឹក​យន្តហោះ​ជាច្រើន​គ្រឿង​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ល្បាត​និង​ការពារ​សេរីភាព​នាវាចរណ៍​។​

 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ចុង​សប្តាហ៍​មុន អ្នកនាំពាក្យ​សភាជាតិ​ចិន​លោកស្រី Fu Ying បាន​បកស្រាយ​ថា នាវាចម្បាំង​ទំនើប​និង​យន្តហោះ​ប្រដេញ​ភាគច្រើន​ដែល​បង្ហាញ​វត្តមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា​របស់​អាមេរិក​។ 
 
​លោកស្រី​ក៏​លើក​ជា​ឧទាហរណ៍​ផងដែរ ដូចជា​ការពង្រាយ​សព្វាវុធ​ទៅ​ក្បែរ​កោះ​Nansha កន្លងមក ហើយ​សកម្មភាព​របស់​អាមេរិក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ជាខ្លាំង​ក្នុងចំណោម​ប្រជាជន​ចិន​។​
 
​បើតាម​ការលើកឡើងរ​បស់​អ្នកនាំពាក្យ​សភា​ចិន​រូបនេះ ការចោទប្រកាន់​ចិន​កន្លងមក​ថា ព្យាយាម​ពង្រឹង​អំណាច​យោធា នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន ជា​រឿង​មិន​ស័ក្តិ​សមសោះ​។ លោកស្រី​បន្ថែមថា​កន្លងមក អាមេរិក​បានបញ្ជាក់​ហើយ​ថា​ខ្លួន​នឹង​បញ្ជូន ៦០​ភាគរយ​នៃ​ទ័ពជើងទឹក​របស់ខ្លួន​មកកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង សហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ដើម្បី​ពង្រឹង​ការ​ល្បាត​និង​សកម្មភាព​យោធា​នានា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផង​។​
 
​អ្នកនាំពាក្យ​រូបនេះ​ចង់​មានន័យថា អ្នក​ដែល​ព្យាយាម​បង្កើត​ឲ្យ​មាន​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​មិនមែន​ចិន​ទេ តែ​សហរដ្ឋអាមេរិក​ឯណោះ​ទេ​។ លោកស្រី​ក៏​ឆ្លៀត​ចោទប្រកាន់​អាមេរិក​វិញ​ផងដែរ អ្វីដែឡ​អាមេរិក​កំពុង​ធ្វើ​គឺជា​ការកសាង​អនុត្តរភាព​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ក្រោម​យុទ្ធសាស្ត្រ​កសាង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​។​
 
​ការលើកឡើង​របស់លោក​ស្រី ជាការ​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​មកលើ​ចិន​កន្លង​មកពី​សំណាក់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​។ អាមេរិក​តែងតែ​ថា មហា​យក្ស​ចិន​កំពុង​វាតទី​នៅ​តំបន់​ជម្លោះ និង​ពង្រាយ​សព្វាវុធ មាន​មី​ស៊ី​ល យន្តហោះ​ចម្បាំង​ជាដើម​ផង​នោះ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​សកម្មភាព​នេះ​វា​បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​តំបន់​។​
 
​កាលពី​ចុង​សប្តាហ៍​នេះ សារព័ត៌មាន​អាមេរិក Washington Post បាន​ផ្សព្វផ្សាយ​ថា អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​ច្រើន​គ្រឿង​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ក្រោមលេស​អនុវត្ត​សិទ្ធិសេរីភាព​នាវាចរណ៍​សមុទ្រ​។ ក្នុងចំណោម​នាវា​ទាំងនោះ​មាន​នាវា​ដឹក​យន្តហោះ និង​នាវា​ពិឃាត​ផង ប៉ុន្តែ​សកម្មភាព​អាមេរិក​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​មិនតិច​ទេ​។
​យ៉ាងណាក៏ដោយ​កាលពី​ខែ​មុន ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ទៅកាន់​សហរដ្ឋអាមេរិក លោក​ក៏បាន​បញ្ជាក់ប្រាប់​សមភា​គី​លោក លោក ច​ន ឃែ​រី ផងដែរ​ពាក់ព័ន្ធ​បញ្ហា​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ លោក ថា​ដើម្បី​កាត់បន្ថយ​ការធ្វើ​យោ​ធូប​នីយកម្ម​វា​មិនមែនជា​កាតព្វកិច្ច​តែ​ភាគី​មួយ​ទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការគ្នា បញ្ចប់​រាល់​សកម្មភាព​បង្ករឿង​និង​បង្អួត​សព្វាវុធ​ទំនើបៗ​៕ 
 
 
 

Tag:
 សមុទ្រចិនខាងត្បូង
 ចិន
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com