អន្តរជាតិ
ដល់ពេល​រុស្ស៊ី​ងាក​មក​ក្រសោប​តំបន់​អាស៊ាន​ហើយ​?
08, Mar 2016 , 10:19 pm        
រូបភាព
​នយោបាយ​ការបរទេស​រុស្ស៊ី​ចាប់ផ្តើម​ងាក​មករក​តំបន់​អាស៊ី​ជាពិសេស​តំបន់​អាស៊ីអាគ្នេយ៍​រយៈពេល​ចុងក្រោយ​។  ការអញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅ​កិច្ចប្រជុំ​ពិសេស​នៅ​រុស្ស៊ី​ខែឧសភា​ខាងមុខ​សុទ្ធសឹងតែ​ជា​ផ្នែក​មួយ​ដែល​បញ្ជាក់ថា រុស្ស៊ី​ស្រវាឱប​តំបន់​អាស៊ាន​។ រុស្ស៊ី​ចង់​ពង្រឹង​ភាពជា​ដៃគូ និង​ទំនាក់ទំនង​រវាង​សហគមន៍​អាស៊ាន​ជាមួយ សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី និង​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ផង​នៅពេល​ខាងមុខ​។ ហើយ​រុស្ស៊ី​កំពុង​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​និង​ទីផ្សារ​សព្វាវុធ​ផង ព្រោះ​ក្រៅពី​មាន​ប្រជាជន​ច្រើន រដ្ឋ​អាស៊ាន​មួយចំនួន​កំពុង​ប្រជែង​គ្នា​នាំ​អាវុធ​ចូល​ស្របពេល​ជម្លោះ​សមុទ្រ​ចិន​កាន់តែ​ក្តៅ​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ឆ្នាំ​២០១៦ នេះ ទំនាក់ទំនង​ទ្វេភាគី រុស្ស៊ី​និង​អាស៊ាន​ឈានដល់​ខួប​លើក​ទី​២០​ហើយ ហើយ​ខួប​រំលឹក​ការបង្កើត​ទំនាក់ទំនង​ផ្លូវការ​នេះ នឹងត្រូវ​រៀបចំឡើង​ជាពិសេស​និង​លើកដំបូង​បំផុត​នៅ​ទីក្រុង  Sochi ប្រទេស​រុស្ស៊ី​នៅ​ខែឧសភា​ខាងមុខ​។ ការអញ្ជើញ​មេដឹកនាំ​អាស៊ាន​នេះ​ធ្វើឡើង​ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ថ្លែង​សុន្ទរកថា​ក្នុង​សភា​សហព័ន្ធ​ថា រដ្ឋាភិបាល​លោក​មានបំណង​ចង់​ព​ង្រឹ​ទំនាក់ទំនង​និង​ភាពជា​ដៃគូ​រវាង​អាស៊ាន​និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី និង​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ផងដែរ​។​

​អាច​ថា វា​ជា​កិច្ចប្រជុំ​ពិសេស​មួយ​ដោយសារ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០​ទៅ​ប្រជុំ​នៅ​រមណីយដ្ឋាន Sochi នៅ​សមុទ្រ​ខ្មៅ ដូចដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅ​ប្រជុំ​នៅ​កាលី​ហ្វ​រ​នីញ៉ា​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លងទៅ​ដែរ​។ កិច្ចប្រជុំ​នាពេលខាងមុខ ក្រៅពី​រំលឹក​ខួប​ទំនាក់ទំនង ២០​ឆ្នាំ រុស្ស៊ី​ត្រៀម​ជជែក​ពី​ការ​ឈានទៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ ជាពិសេស​សន្តិសុខ​ជាមួយ​ប្រទេស​អាស៊ាន​ផង​។ ហើយ​បើ​យោង រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov ដែល​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន Sputnik ចុងខែ​មករា​កន្លងមក របៀបវារៈ​នៃ​កិច្ចប្រជុំ​ខែឧសភា​នឹង​ផ្តោតលើ​ការប្រឹក្សា​និង​ពិភាក្សា​ពី​ការបង្កើត​ភាពជា​ដៃគូ​សេដ្ឋកិច្ច​រវាង​អាស៊ាន​ជាមួយ​អង្គការ​តំបន់​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ និង​ប្លុក​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​រុស្ស៊ី​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​។​

១.​ប្រវត្តិ​សង្ខេប​ទំនាក់ទំនង​រុស្ស៊ី អាស៊ាន​
​មុននឹង​ស្វែងយល់​ឲ្យ​ស៊ីជម្រៅ​ពី​ការ​ងាក​មករក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ខ្លាឃ្មុំ​ទឹកកក​រុស្ស៊ី​នេះ គប្បី​យល់​ជាមុន​ពី​ប្រវត្តិ​ត្រួសៗ​នៃ​ទំនាក់ទំនង រុស្ស៊ី និង​អាស៊ាន​។

​តាមពិត​ទៅក្រោយ​ក្លាយជា​រដ្ឋ​ស្នង​សហភាពសូវៀត រុស្ស៊ី​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ភ្លាមៗ ពោលគឺ​ក្នុង​ឆ្នាំ ១៩៩១ រហូតដល់​ខែកក្កដា ឆ្នាំ ១៩៩៦ ប្រទេស​នេះ​ក្លាយជា​ដៃគូ​ពិភាក្សា​របស់​អាស៊ាន​។ តាំងពី​ពេលនេះ​មក ទំនាក់ទំនង​រវាង​អាស៊ាន​និង​រុស្ស៊ី​ត្រូវបាន​បង្កើតឡើង​គ្របដណ្តប់​លើ​ច្រើន​វិស័យ ទាំង​សេដ្ឋកិច្ច នយោបាយ សន្តិសុខ និង​សង្គម​ថែមទៀត​។ ហើយ​ភាគី​ទាំងពីរ​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ​និង​ស៊ីជម្រៅ ឈរលើ​ក្របខណ្ឌ​នៃ​កម្មវិធី​សកម្មភាព​គ្រប់​ជ្រុងជ្រោយ (CPA) និង​ដៃគូ​ពិភាក្សា​។​

​ថ្ងៃ ២៩ វិច្ឆិកា ឆ្នាំ ២០០៤ រុស្ស៊ី​បាន​ប្តេជ្ញាចិត្ត​ចូលរួម​ការពារ​សន្តិសុខ សន្តិភាព និង ស្ថិរភាព​តំបន់​ដោយ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ (TAC) និង​នៅ​ឆ្នាំ ២០០៥ រុស្ស៊ី​បានក្លាយ​ជា​រដ្ឋ​អង្កេត​ការណ៍​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។ ក្នុង​ឆ្នាំ ២០១១ ប្រទេស​នេះ​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​កិច្ចប្រជុំ​នេះ​។ ក្រៅពី​រៀបរាប់​ខាងលើ រុស្ស៊ី​ក៏​ជា​សមាជិក​នៃ​វេទិកា​តំបន់​អាស៊ាន (ARF) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM Plus) ជាដើម​ផងដែរ​។​

​បើ​និយាយ​បញ្ហា​សន្តិសុខ រុស្ស៊ី​នៅតែ​ជា​ដៃគូ​សំខាន់​សម្រាប់​ប្រទេស​ក្នុង​តំបន់​ក្នុងការ​រក្សា​សន្តិភាព​សន្តិសុខ និង​ស្ថិរភាព​ជាដើម​។ ដូច​ឃើញស្រាប់​ហើយ ការប្រឆាំង​ភេរវកម្ម បទឧក្រិដ្ឋ​ឆ្លងដែន​ជាដើម​ជា​ចំណុច​ស្នូល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​និង​រុស្ស៊ី​។ ហើយ​ប្រទេស អាស៊ាន ត្រូវការ​រុស្ស៊ី​ដើម្បី​ពង្រឹងកម្លាំង​យោធា​របស់​ខ្លួន​ដែរ​ព្រោះ​រុស្ស៊ី​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​បន្ទាប់ពី​អាមេរិក​លើ​ពិភពលោក​នេះ​។​

​បើ​ផ្តោតលើ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​វិញ កិច្ចព្រមព្រៀង​និង​កម្មវិធី​រួម​ជាច្រើន​ត្រូវបាន​រដ្ឋាភិបាល​អាស៊ាន​និង​រុស្ស៊ី​បង្កើតឡើង​តាំងពី​ក្លាយជា​ដៃគូ​ពិភាក្សា​ផ្លូវការ​របស់​អាស៊ាន​មក​។ ជាក់ស្តែង ទំហំ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​រហ័ស​។ បើ​យោងតាម​របាយការណ៍​ក្រសួងការបរទេស​រុស្ស៊ី គ្រាន់តែ​ពី​ឆ្នាំ ២០១៣ ទៅដល់ ២០១៤ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​កំណើន ១៣ ភាគរយ ដោយ​កើន​ពី ១៩.៩​ពាន់​លាន​ដុល្លារ ដល់ ២២.៥ ពាន់​លាន​ដុល្លារ​អាមេរិក​។  

​យ៉ាងណាក៏ដោយ ជារួម​ទំនាក់ទំនង​អាស៊ាន​និង​រុស្ស៊ី​ស្ថិតនៅ​កម្រិត​ទាប​ណាស់​បើ​ប្រៀបធៀប​ជាមួយ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​អាមេរិក ដែល​ត្រូវ​ដំឡើង​ដល់​ដៃគូ​យុទ្ធសាស្ត្រ​ទៅហើយនោះ​។ តែបើ​តាម​ស្ថានភាព​រុស្ស៊ី​នៅពេលនេះ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ប្រហែលជា​កំណត់​យុទ្ធសាស្ត្រ​រួចហើយ​ថា​នឹង​ក្រសោប​តំបន់​អាស៊ាន និង​ពង្រឹង​តួនាទី​របស់​នៅក្នុង​តំបន់​វិញ​ឲ្យ​ខាន​តែ​បាន​។​

២.​រុស្ស៊ី​ចង់​ឈរជើង​នៅ​អាស៊ី​ដែរ ពេល​ឃើញ​អាមេរិក​និង​ចិន​ប្រជែង​គ្នា​ខ្លាំង​
​ការ​ងាក​មករក​តំបន់​អាស៊ី​នេះ​គឺ​ដោយសារ រុស្ស៊ី​ចង់​បញ្ជាក់​ឲ្យ​មហាអំណាច​ឯទៀត​ឃើញថា ខ្លួន​ក៏​ជា​មហាអំណាច​អាស៊ី​ដែរ​។ កន្លងមក​រុស្ស៊ី​បោះបង់​តំបន់​អាស៊ី ឬ​អាច​និយាយថា រុស្ស៊ី​មិនមាន​ចំណាប់អារម្មណ៍​លើ​ការពង្រីក​អំណាច​របស់​ខ្លួន​នៅក្រៅ​តំបន់​ប៉ុន្មាន​ទេ​។ នេះ​ក៏ដោយ​សារ នយោបាយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផ្តោតលើ​នយោបាយ​បង្កើត​រុស្ស៊ី​ជំនាន់​ថ្មី ឬ​ជា​ភាសារ​រុស្ស៊ី​ហៅថា​« Novorossiya»​។ នយោបាយ​នេះ​សំខាន់​សំដៅលើ​ការនាំយក​សហភាពសូវៀត​មកវិញ ដោយ​ពង្រីក​ដែន​ឥទ្ធិពល​រុស្ស៊ី​និង​ពង្រឹង​អំណាច​រុស្ស៊ី​លើ​បណ្តា​រដ្ឋ​ជិតខាង​ជា​អតីត​រដ្ឋ​សហភាពសូវៀត​ឯណោះ​។ ប៉ុន្តែ​ក្រោយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង ហើយ​លោកខាងលិច​ដាក់​គំនៀប​លើ​រុស្ស៊ី​កាន់តែខ្លាំង  រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ដឹង​ច្បាស់​ថា រុស្ស៊ី​មិនអាច​បាត់បង់​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ឡើយ​។​

​នេះ​ក៏ដោយ​សារ រុស្ស៊ី​មើលឃើញ​អាមេរិក​ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អនុវត្ត​គោលនយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅ​អាស៊ី​ជោគជ័យ ហើយ​ការ​ប្រជែង​អំណាច​គ្នា​រវាង​អាមេរិក​និង​មហា​យក្ស​ចិន ជាពិសេស​នៅក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏​កាន់តែ​កើនឡើង​ខ្លាំង​ផង​។ ប៉ុន្តែ​អ្នកជំនាញ​មើលឃើញ​ពីស​ញ្ញា​វិជ្ជមាន​នៅពេលដែល​មហាអំណាច​រុស្ស៊ី​នឹង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បណ្តា​រដ្ឋ​អាស៊ាន​នៅ​ពេក​ខាងមុខ​។

៣.​ព្រោះ​ទណ្ឌកម្ម​អ៊ុយ​ក្រែ​ន រុស្ស៊ីរ​ត់រក​ទីផ្សារ​ថ្មី ?
​ការងា​កមក​ពង្រឹង ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បណ្តា​រដ្ឋ​អាស៊ាន​នៅពេលនេះ ជាការ​ងាក​មករក​ទីផ្សារ​ថ្មី​សម្រាប់​រុស្ស៊ី​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រុស្ស៊ី​រងគ្រោះ​ខ្លាំង ដោយសារ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ព្រោះតែ​លោកខាងលិច​ដាក់ទណ្ឌកម្ម​ច្រើន​ជំហាន​។ ទំនិញ​រុស្ស៊ី​មិនអាច​នាំចូល​ផ្សារ​អឺរ៉ុប ហើយ​ក្រុមហ៊ុន​ធំៗ​រុស្ស៊ី​ជាច្រើន​ស្ថិតក្នុង​បញ្ជីខ្មៅ​ថែមទៀត​។ ដូច្នេះ អាច​និយាយបានថា ការ​ប្រឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ជាការ​ស្វែងរក​ទីផ្សា​ថ្មី​របស់​រុស្ស៊ី​។​

​អាស៊ាន​សំខាន់​សម្រាប់​មហាអំណាច​ដូចជា​រុស្ស៊ី ព្រោះ​អាស៊ាន​ជាទី​ផ្សា​ដ៏​ធំ មាន​ប្រជាជន​ជាង ៦០០​លាន​នាក់ មាន​កម្លាំង​ពលកម្ម​ច្រើន​ដែល​អំណោយផល​ផលិតផល ជំនួញ​និង​ក្រុមហ៊ុន​រុស្ស៊ី​ថែមទៀត​។

​ក្រៅពី​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច រុស្ស៊ី​មើលឃើញថា អាស៊ាន​ជាទី​ផ្សារ​សព្វាវុធ​សំខាន់​ផងដែរ​ទៅ​ថ្ងៃមុខ​។ រដ្ឋ​អាស៊ាន​ជាច្រើន​ដែល​បន្ត​នាំ​អាវុធ​ចូល​ពី​រុស្ស៊ី ជាពិសេស​វៀតណាម ម៉ាឡេស៊ី ហើយ​ឥឡូវនេះ​ថៃ​ក៏​ចង់បាន​អាវុធ​របស់​រុស្ស៊ី​ដែរ​។ ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​តានតឹង​ប្រទេស​ជាប់​ជម្លោះ​រត់​ទិញ​អាវុធ​កាន់តែច្រើន​។ ឧទាហរណ៍​ជាក់ស្តែង​ប្រទេស​វៀតណាម បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង និង​នាវាមុជទឹក​ប្រាំ​គ្រឿង​ផងដែរ​ពី​ប្រទេស​រុស្ស៊ី ក្នុង​គោលបំណង​ពង្រឹងកម្លាំង​ទ័ព​របស់ខ្លួន​។​

​ដោយឡែក​ថៃ​ឯណោះ​វិញ បើ​យោងតាម​សារព័ត៌មាន​ថៃ  Bangkok Post ដែល​ចុះផ្សាយ​កាលពី​ខែ​មុន របប​សឹក​ក្រុង​បាងកក​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​នាំ​អាវុធ​ពី​រុស្ស៊ី​សម្រាប់​ពង្រឹង​វិស័យ​ការពារជាតិ​ខ្លួន​។ ហើយ​រុស្ស៊ី​ក៏​ប្រាប់​ភាគី​ថៃ​ផងដែរ​ថា ខ្លួន​ចង់​ដំឡើង​រោងចក្រ​ផលិត​អាវុធ​នៅ​ថៃ​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​និង​នៅក្នុង​តំបន់​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com