អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ហ៊ី​ឡា​រី គ្លីនតុន និង​ដូ​ណា​ល់​ត្រាំ​ឈ្នះឆ្នោត​នៅ Mississippi
09, Mar 2016 , 10:24 am        
រូបភាព
លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton)  បានទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​។ ជ័យជម្នះ​ថ្មីៗ​នេះ​​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មានសង្ឃឹម​កាន់តែច្រើន​ក្នុង​ការទទួល​បានការ​ជ្រើស​តាំងពី​បក្ស​ដើម្បី​ឈានទៅ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ថ្ងៃ ៨​វិច្ឆិកា​ខាងមុខនេះ​។  

​លទ្ធផល បោះឆ្នោត​ថ្ងៃ​អង្គារ​ទី​ ៨ មីនា នៅ​រដ្ឋ មី​ស៊ី​ស៊ី​ពី បង្ហាញថា បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ និង​បេក្ខជន​នាំមុខ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​អ្នកទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​។   ជ័យជម្នះ​នេះ​កំពុង​ក្លាយជា​ក្តីសង្ឃឹម​ថ្មី​សម្រាប់​បេក្ខជន​ទាំងពីរ​នាក់ ដើម្បី​ឈានទៅ​ប្រជែង​យក​កៅអី​ប្រធានាធិបតី​អាមេរិក​នៅពេល​ខាងមុខ​ផង​។​
 
​ក្រៅពី​ទទួល​ជ័យជម្នះ​នៅ​រដ្ឋ មី​ស៊ី​ស៊ី​ពី លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ទទួល​ជ័យជម្នះ​នៅ​រដ្ឋ Michigan ផងដែរ ប៉ុន្តែ​លោកស្រី ហ៊ី​ឡា​រី ហាក់ដូចជា​ពិបាក​ប្រជែង​លោក ប៊ែ​នី សេន​ដឺ (Bernie Sanders)   នៅ​រដ្ឋ Michigan​បន្តិច​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​អ្នកគាំទ្រ​របស់ខ្លួន​នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី ក្រោយ​ការបោះឆ្នោត​បញ្ចប់ទៅ​។ លោក​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ក្នុង​បក្ស​ពោលគឺ​បានទទួល ៣៧.៦​ភាគរយ ខណៈដែល​លោក ច​ន ខា​សិ​ក (John Kasich) ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​២ ព្រោះ​លោក​បាន​សំឡេងគាំទ្រ ២៧.៥ ភាគរយ​។ 
 
 នៅ​ថ្ងៃ​អង្គារ​ទី ៨ ខែមីនា ​ម្សិលមិញដែរ សមាជិក​បក្ស សាធារណរដ្ឋ ក៏មាន​ការបោះឆ្នោត​នៅក្នុង​រដ្ឋ​Idaho និង​មានការ​ជួបជុំ Caucus នៅ​រដ្ឋ ហា​វ៉ៃ​ផងដែរ​។ ប៉ុន្តែ​លទ្ធផល​ជា​ផ្លូវការ​មិនទាន់​ត្រូវគេ​ប្រកាស​ជា​ផ្លូ​វា​ការ​ឡើយ​។ 
 
​ត្រលប់មក​មើល​ក្នុង​បក្ស​ប្រជាធិបតេយ្យ​វិញ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​បន្ត​នាំមុខ​សមាជិក​ព្រឹទ្ធសភា​លោក ប៊ែ​នី សេន​ដឺ ប៉ុន្តែ​លទ្ធផល​ទទួលបាន​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​។ លោកស្រី គ្លី​ន​តុ​ន បានទទួល​សំឡេងគាំទ្រ ៤៩.៨ ភាគរយ ខណៈដែល​លោក សេន​ដឺ ទទួលបាន​រហូតដល់ ៤៨.៣​ភាគរយ​ឯណោះ​។​
 
​ប៉ុន្តែ​ទោះជា​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា​ក្តី ជ័យជម្នះ​នៅ​រដ្ឋ​ភាគខាងត្បូង​នេះ បន្ថែម​ទម្ងន់​ដល់​លោកស្រី សម្រាប់​ឈានទៅ​ទទួល​ការជ្រើសតាំង​ពី​បក្ស​។ ហើយ​វា​ក៏​ជា​ទឡ្ហីករណ៍​បង្ហាញថា លោកស្រី​កំពុង​ទទួលបាន​ការគាំទ្រ​លើសលុប​ពី​បណ្តា​ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ​។ តែ​ទោះ​លោក សេន​ដឺ ចាញ់​នៅក្នុង​រដ្ឋ​មី​ស៊ី​ស៊ី​ពី​ក៏ដោយចុះ ឥឡូវនេះ​គេ​កំពុង​រង់ចាំ​មើល​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ Michigan សិន​ថា​តើ លោកស្រី គ្លី​ន​តុ​ន ឬ​លោក សេន​ដឺ ជា​អ្នកឈ្នះ ៕
 

Tag:
 ដូ​ណា​ល់ត្រាំ
  ហ៊ីឡារីគ្លីនតុន
  ប៊ែនីសេនដឺ
© រក្សាសិទ្ធិដោយ thmeythmey.com