អន្តរជាតិ
អ្នកនិពន្ធ​លាតត្រដាង​ប្រ​វត្តិ​នៃ​ការជួញដូរ​កញ្ឆា​ថៃ​ក្នុង​ទសវត្សរ៍​១៩៧០
10, Mar 2016 , 7:19 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ នៅក្នុង​ទសវត្សរ៍​១៩៧០ កញ្ឆា​ថៃ (Thai Stick) មាន​ភាព​ពេញនិយម​ខ្លាំង​សម្រាប់​អ្នកជួញដូរ​គ្រឿងញៀន និង​អ្នកប្រើប្រាស់​គ្រឿងញៀន​។ ប្រវត្តិ​របស់​កញ្ឆា​ថៃ ដែលជា​ឈ្មោះ​គេ​ដាក់​ឲ្យ​ដល់ក​ញ្ឆា​មួយ​ប្រភេទ​ដែល​គេ​នាំ​ចេញពី​អាស៊ីអាគ្នេយ៍​ចូលទៅ​សហរដ្ឋអាមេរិក​នោះ មិនសូវមាន​មនុស្ស​ជាច្រើន​ឈ្វេងយល់​ប៉ុន្មាន​ទេ រហូតដល់​ពេលដែល​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​គឺ លោក Peter Maguire ដែលជា​អ្នកប្រវត្តិសាស្ត្រ និង​លោក Mike Ritter ដែលជា​អតីត​ឈ្មួញ​គ្រឿងញៀន បានសម្រេច​ចិត្ត​ស្រាវជ្រាវ និង​សរសេរ​សៀវភៅ​អំពី​កញ្ឆា​ថៃ​នេះ​។ សម្រាប់​សៀវភៅ​នេះ ដែលមាន​ចំណងជើង​ថា «​កញ្ឆា​ថៃ​៖ អ្នករងគ្រោះ ឈ្មួញ​រត់ពន្ធ និង​រឿងរ៉ាវ​ពីក្រោយ​ជំនួញ​កញ្ឆា​» លោក​ទាំងពីរ​បាន​សម្ភា​ស​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​អន្តរជាតិ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ និង​មន្ត្រីប៉ូលិស និង​ចោរ​សមុទ្រ​ថៃ​ជាច្រើន​នាក់​។ ប្រវត្តិ​កញ្ឆា​ថៃ​ដ៏​លម្អិត​នេះ ក៏ត្រូវ​បាន​ផលិត​ទៅជា​ភាពយន្ត​ឯកសារ និង​វីដេអូ​ភាគ​សម្រាប់​ទូរទស្សន៍​។ លើសពីនេះ លោក Maguire និង​លោក Ritter កំពុង​សរសេរ​សៀវភៅ​ទី​២ ដែល​នឹង​ផ្តោតលើ​ប្រព័ន្ធយុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌ​របស់​អាមេរិក និង​ការបង្ក្រាប​គ្រឿងញៀន​នៅ​សហរដ្ឋអាមេរិក​។ នាពេល​ថ្មីៗ​នេះ លោក Maguire បានផ្តល់​បទសម្ភាសន៍​ដ៏​លម្អិត​អំពី​កញ្ឆា​ថៃ​នេះ​ជាមួយ​នាង ទែន សុខ​ស្រី​និ​ត នៃ VOA​។​



​តើ​លោក​ចាប់ផ្តើម​ចាប់អារម្មណ៍​ទៅលើ​ប្រវត្តិ​កញ្ឆា​ថៃ​ក្នុង​ទសវត្សរ៍​១៩៧០​ដោយ​របៀប​ណា​?

​ខ្ញុំ​ធំ​ដឹងក្តី​នៅក្នុង​ភាគខាងត្បូង​រដ្ឋ California ហើយ​មាន​មនុស្ស​ច្រើនណាស់​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​កញ្ឆា​មកពី​ប្រទេស​ថៃ រួមទាំង​អ្នក​ដែល​រស់នៅក្នុង​ទីកន្លែង​កំណើត​របស់ខ្ញុំ​ផងដែរ​។ វា​ជា​ទំនិញ​ដ៏​សំខាន់​មួយ​នៅក្នុង​រដ្ឋ California ជាពិសេស​នៅតាម​បណ្តា​ក្រុង​នៅតាម​ឆ្នេរ ក្នុងអំឡុង​ទសវត្សរ៍​១៩៧០ និង​១៩៨០​។ ខ្ញុំ​មិនសូវ​ដឹង​ពី​បញ្ហា​នេះ​ប៉ុន្មាន​ទេ​។ នៅពេល​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​នៅ​ដើម​ទសវត្សរ៍​១៩៩០ ដើម្បី​ស៊ើបអង្កេត​នៅ​គុក​ទួលស្លែង ខ្ញុំ​បានឃើញ​ចម្លើយសារភាព​របស់​ជនជាតិ​អាមេរិកាំង​៤​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន និង​សម្លាប់​ដោយ​ខ្មែរក្រហម​។ ភ្លាមៗ​នោះ​ខ្ញុំ​ដឹងថា ពួកគេ​ជា​ឈ្មួញ​កញ្ឆា​។ មែនទែនទៅ ខ្ញុំ​មិនដឹង​ច្បាស់​ទេ​។ ពួកគេ​មិនបាន​សារភាព​ទេ​។ ខ្ញុំ​គ្រាន់​តែមាន​អារម្មណ៍​ថា វា​អញ្ចឹង​។ ដូច្នេះ ខ្ញុំ​ចាប់ផ្តើម​ទាក់ទង​សួរ​មនុស្ស​ដែល​មកពី​ទីក្រុង​ដែល​ខ្ញុំ​រស់នៅ ក្រែងលោ​មាន​នរណាម្នាក់​ស្គាល់​ជន​ទាំង​៤​នាក់​នោះ​។ គេ​ក៏​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​បុរស​ម្នាក់​ឈ្មោះថា Mike Ritter ដែល​បានក្លាយ​ទៅជា​សហ​និពន្ធ​សៀវភៅ Thai Stick ជាមួយ​ខ្ញុំ​។ គាត់​ធ្លាប់​ធ្វើជា​ឈ្មួញ​គ្រឿងញៀន​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ហើយ​បានធ្វើការ​ជាមួយនឹង​ចោរ​សមុទ្រ​ថៃ និង​ជា​អ្នក​ដែល​នាំ​កប៉ាល់​អាមេរិក​ចេញទៅ​ផ្ទៃ​ទឹក​អន្តរជាតិ​។ កប៉ាល់​មួយ​នៃ​កប៉ាល់​អាមេរិក​ទាំងពីរ​នោះបាន​ទាក់ទង​លោក Ritter នៅក្នុង​ប្រទេស​ថៃ​នៅក្នុង​ឆ្នាំ​១៩៧៨ ដើម្បី​ផ្គត់ផ្គង់​កញ្ឆា​។ នេះ​គឺជា​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់ផ្តើម​ស្រាវជ្រាវ និង​សរសេរ​សៀវភៅ​នេះ​ឡើង​។​

​តើ​លោក​មានគំនិត​សរសេរ​សៀវភៅ​អំពី​រឿងនេះ​ដោយ​របៀប​ណា​?

​ខ្ញុំ​ចំណាយពេល​ជាង​១៥​ឆ្នាំ ដើម្បី​សរសេរ​សៀវភៅ​នេះ​។ យើង​បាន​សម្ភាស​ឈ្មួញ​ជួញដូរ​គ្រឿងញៀន ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​គ្រឿងញៀន​របស់​អាមេរិក ចោរ​សមុទ្រ​ថៃ ឈ្មួញកណ្តាល​ថៃ និង​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​នាក់ ដែល​បទសម្ភាសន៍​ទាំងអស់នេះ​មាន​រយៈពេល​ជាង​១.០០០​ម៉ោង​។ ដូច្នេះ វា​ជា​គម្រោង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​រូបខ្ញុំ​ក្នុងនាម​ជា​អ្នកប្រវត្តិសាស្ត្រ​ម្នាក់ ដែល​បាន​កត់ត្រា​នូវ​ប្រវត្តិ​នៃ​បញ្ហា​មួយ ដែល​មិន​ធា្ល​ប់​មាន​គេ​សរសេរ​ពីមុន​។ វា​មិន​ដូចគ្នា​នឹង​ការ​ទៅ​បណ្ណាល័យ​អាន​អំពី​ឈ្មួញ​កញ្ឆា​ទាំងនោះ ដែល​សរសេរ​ដោយ​ឈ្មួញ​ដោយផ្ទាល់​នោះទេ​។ ពិតណាស់ ទិន្នន័យ​ភាគច្រើន​គឺ​ទទួលបាន​ពី​ក្រុមមន្ត្រី​អនុវត្ត​ច្បាប់​។ ដូច្នេះ ក្នុង​មាន​ជា​អ្នកប្រវត្តិសាស្ត្រ វា​ជា​បទពិសោធ​ដ៏​អស្ចារ្យ​មួយ​។ ខ្ញុំ​ចំណាយពេល​ប្រហែលជា​៧​ឆ្នាំ ហួស​ពី​ការគ្រោងទុក​មុន ដោយសារតែ​កាលពី​២០០៣ សហ​និពន្ធ​របស់ខ្ញុំ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន ដែល​គាត់​បាន​ប្រព្រឹត្ត​កាលពី​ទសវត្សរ៍​១៩៨០​។

  គាត់​ត្រូវបាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំកន្លះ​។ នៅពេលដែល​រឿងនេះ​បានកើត​ឡើង ខ្ញុំ​ត្រូវ​ផ្អាក​ដើម្បី​ឲ្យ​បញ្ហា​ផ្លូវច្បាប់​របស់គាត់​ដោះស្រាយ​ជា​ស្ថាពរ​សិន ទើប​ខ្ញុំ​អាច​បញ្ចប់​សៀវភៅ​នេះ​បាន​។​
​តើ​កញ្ឆា​ថៃ​ខុសពី​កញ្ឆា​ដទៃៗ​ទៀត​ដែលមាន​នៅពេលនោះ​យ៉ាងដូចម្តេច​?

​វា​អាចជា​ប្រភេទ​កញ្ឆា​ដែល​ល្អ​ជាងគេ​នៅលើ​ពិភពលោក​។ កញ្ឆា​ថៃ​ត្រូវបាន​គេ​ដាំ​នៅក្នុង​ខេត្ត Isan ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ផងដែរ​។ កត្តា​អាកាសធាតុ​ដែល​អំណោយផល កត្តា​ដី និង​វិធីសាស្ត្រ​ក្នុងការ​ច្រូតកាត់​ដែល​យើង​គិតថា មាន​ប្រភព​ចេញពី​ប្រទេស​ចិន បានធ្វើ​ឲ្យ​គុណភាព​កញ្ឆា​ថៃ​ខុសពី​កញ្ឆា​ដទៃទៀត​។ មុន​ពេលដែល​ជនជាតិ​អាមេរិកាំង ពួកលោក​ខាងលិច និង​អ្នកផ្សេង​ទៅ​ជួយ​ពួកគេ​ខាង​បច្ចេកទេស​ដាំ​ដុះ​នោះ ពលរដ្ឋ​ថៃ និង​ឡាវ ចេះ​ដាំ​ដុះ​ឡើង​ស្ទាត់​ទៅហើយ​។ ពួកគេ​ដឹង​ពី​របៀប​ដាំ​ដុះ​នេះ​ច្បាស់​ណាស់​។​

​តើ​អ្នកណា​ចាប់ផ្តើម​ការជួញដូរ​ក​ញ្ឆា​នេះ ដែល​នាំ​ចូលទៅ ទឹកដី​សហរដ្ឋអាមេរិក​ទេ ទ្វីប​អ៊ឺរ៉ុប អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​អូ​ស្រា្ត​លី​ផងដែរ​?

​ដំបូង វា​មិនមាន​អ្នកដឹង​ទេ​។ អ្នកជួញដូរ​ដំបូង ប្រហែលជា​អ្នកធ្វើការ​នៅលើ​ទូក​នេសាទ​តូចៗ ដែល​ផ្សងព្រេង​ជុំវិញ​ពិភពលោក​។ វា​ងាយស្រួល​ណាស់​សម្រាប់​ពួកគេ​ក្នុង​ការដឹក​កញ្ឆា​ថៃ​តាម​ទូក ឧទាហរណ៍​ពី​កោះ​បាលី ទៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​អូ​ស្រា្ត​លី​។ នេះ​ជាការ​ជួញដូរ​ដំបូង​គេ​បង្អស់​។ កញ្ឆា​ថៃ​ត្រូវបាន​គេ​យក​ចេញពី​ប្រទេស​ថៃ ទៅ​កោះ​បាលី ហើយពី​កោះ​បាលី ទៅ​ប្រទេស​អូ​ស្រា្ត​លី​។ ក្រោយមក កញ្ឆា​ថៃ​មាន​តម្រូវការ​ខ្ពស់ ហើយ​តម្លៃ​វា​មានការ​កើនឡើង​។ មនុស្ស​គ្រប់គ្នា​ឃើញថា គេ​រកលុយ​បាន​ច្រើន ហើយ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​នេះ​ក៏​កាន់តែច្រើន​ដែរ​។ នៅពេលដែល​មន្ត្រី​អនុវត្ត​ច្បាប់​ចាប់​បានតែ​ឈ្មួញ​តាម​ទូក​តូចតាច និង​ឈ្មួញ​ល្មមៗ ស្រាប់តែ​គេ​ឃើញ​មាន​វត្តមាន​ជនល្មើស​ពិតប្រាកដ និង​ក្រុមអ្នកលេង ដែល​បាន​ក្តោប​ក្តាប់​ក្នុង​ជំនួញ​កញ្ឆា​ថៃ​នេះ​។ ដូច្នេះ នៅ​ចុង​ទសវត្សរ៍​១៩៨០ នៅពេលដែល​កញ្ឆា​ថៃ​ត្រូវបាន​គេ​កម្ចាត់​ចោល មាន​មនុស្ស​គ្រប់​ប្រភេទ​ចូលរួម រាប់​ចាប់ពី​ក្រុមជើងកាង អ្នកស៊ីឈ្នួល​នៅក្រៅ​ប្រទេស និង​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​អាមេរិកាំង​។ វា​កាន់តែ​ពុករលួយ ហើយ​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​។​

​លោក​លើកឡើងថា លោក​បាន​និយាយ​ជាមួយ​មនុស្ស​ជាច្រើន ឈ្មួញ​អន្តរជាតិ ប៉ូលិស​ថៃ អតីត​កម្មាភិបាល​ខ្មែរក្រហម និង​អ្នក​ដទៃទៀត​។ តើ​លោក​ស្វែងរក​ពួកគេ​ដោយ​វិធី​ណា​? តើ​ពួកគេ​ស្ម័គ្រចិត្ត​និយាយ​ជាមួយ​លោក​ដល់​កម្រិតណា​ដែរ​?

​វា​ជា​ដំណើរ​ការគួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​។ កម្មាភិបាល​ខ្មែរក្រហម​មួយចំនួន​ដែល​ខ្ញុំ​និយាយ​ជាមួយ មាន​ពាក់ព័ន្ធ​នឹង​កប៉ាល់​ដែល​បំពាក់​ទង់ជាតិ​អាមេរិក​ផងដែរ​នោះ ដែលមាន​ឈ្មោះថា Mayaguez ហើយ​ពួកគេ​ក៏​ស្ថិតនៅក្រោម​ការបញ្ជា​រប​ស់មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​ខ្មែរក្រហម មាស មុត ផងដែរ​។ ដូច្នេះ ពួកគេ​ភ័យខ្លាច​ថា ពួកគេ​អាច​នឹង​ត្រូវបាន​គេ​នាំទៅ​កាត់ទោស​នៅ​សាលាក្តី​ខ្មែរក្រហម​។

បទសម្ភាសន៍​មួយចំនួន​មាន​ភាព​តានតឹង​ដែរ​។ វា​ពិតជា​ពិបាក​ក្នុង​ការធ្វើ​ឲ្យ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​អាមេរិក ដែល​ចាប់ខ្លួន​ពួក​ឈ្មួញ​ទាំងនោះ​និយាយ​ណាស់​។ ប៉ុន្តែ​នៅពេល​ពួកគេ​ចាប់​ផ្តើមនិយាយ នោះ​ពួកគេ​មិន​ចង់​ឈប់​និយាយ​ទេ ដោយសារ​ពួកគេ​ទុក​រឿងនេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ជា​យូរណាស់​មកហើយ ហើយ​រឿងនេះ​គឺជា​រឿង​ដ៏​រំភើប និង​អាថ៌កំបាំង​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ​។ ដូច្នេះ ពួកគេ​មានការ​ជឿទុកចិត្ត​ច្រើន ដោយសារតែ​សហ​និពន្ធ​របស់ខ្ញុំ​ក៏​ធ្លាប់ជា​ឈ្មួញ​ជួញដូរ​កញ្ឆា​ម្នាក់​ដែរ​។​

​កត្តា​នេះ​បានផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ច្រើន​។ ខ្ញុំ​អាចទាក់ទង​ជាមួយ​មនុស្ស​ផ្សេងៗ​ជាច្រើន រួមទាំង​មន្ត្រី​អនុវត្ត​ច្បាប់ និង​មន្ត្រី​ស៊ើបអង្កេត បន្ថែម​លើ​ការងារ​ដែល​ខ្ញុំ​បាន​អង្កេត​អំពី​ខ្មែរក្រហម​។ ដូច្នេះ វា​ជាការ​ផ្សារភ្ជាប់​ដ៏​ល្អ​មួយ ដែល​អ្នកនិពន្ធ​មិនដែល​ធ្លាប់មាន​។ ខ្ញុំ​គិតថា នៅ​ចុងបញ្ចប់ កត្តា​នេះ​ធ្វើ​ឲ្យ​សៀវភៅ​នេះ​ត្រូវបាន​រៀបរៀងឡើង​ដ៏​ល្អ ជាង​ការណ៍​ដែល​ខ្ញុំ​សរសេរ​វា​ម្នាក់ឯង ឬ​បើ​អ្នក​សហ​និពន្ធ​របស់ខ្ញុំ​សរសេរ​វា​ឡើង​តែម្នាក់ឯង​។​

​លោក Kelly Slater កំពុងតែ​កែប្រែ​សៀវភៅ​របស់លោក​ឲ្យ​ទៅជា​ភាពយន្ត​ឯកសារ និង​វីដេអូ​ភាគ​តាម​ទូរទស្សន៍​។ តើ​លោក​គិតថា ផលិតកម្ម​នេះ​នឹង​ប្រាប់​សាច់រឿង​ទាំង​មូលនៃ​សៀវភៅ​របស់លោក​ដល់ក​ម្រិ​ត​ណា​ដែរ​?

​លោក​Kelly Slater គឺជា​មិត្តភក្តិ​របស់ខ្ញុំ​យូរហើយ​។ គាត់​ទិញ​សិទ្ធិ​សៀវភៅ​នេះ​កាលពី​១​ឆ្នាំកន្លះ ឬ​ពីរ​ឆ្នាំមុន​។ គាត់​ពិតជា​ស្រឡាញ់​សៀវភៅ​នេះ ហើយ​រីករាយ ដែល​បាន​អាន​អំពី​ពិភពលោក​ដែល​លោក​ធ្លាប់​ឆ្លងកាត់​។ ប៉ុន្តែ​គាត់​មិន​បានដឹង​រឿងនេះ​ច្រើន​ដូចដែល​គាត់​ធ្លាប់​គិត​នោះទេ​។ នៅត្រង់ចំណុច​នេះ យើង​ចាប់ផ្តើម​ទាក់ទង​ជាមួយនឹង​ស្ទូ​ឌី​យោ​ជាច្រើន និង​ធ្វើ​សំណូមពរ​ជាច្រើន​។ នៅ​ចុងបញ្ចប់ ក្រុមហ៊ុន SONY ជា​ក្រុមហ៊ុន​ដែល​ទិញ​សិទ្ធិ​ផលិត​កម្មនេះ​។ ការចាក់​បញ្ចាំង​នៅលើ​ទូរទស្សន៍​ជា​កម្មសិទ្ធិ​របស់​ពួកគេ​។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​ពី​ខ្ញុំ ខ្ញុំ​រីករាយ​នឹង​ជួយ​។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើជា​អ្នកសរសេរ​សាច់រឿង​ភាពយន្ត​ហូលីវូដ​នោះទេ​។ សម្រាប់​គម្រោង​នេះ ខ្ញុំ​ជូនពរ​ពួកគេ​ឲ្យ​ធ្វើ​ឲ្យ​បាន​ជោគជ័យ​បំផុត​។ ខ្ញុំ​ធំ​ដឹងក្តី​នៅ​រដ្ឋ California ហើយ​ខ្ញុំ​ដឹង​ពី​ស្ថានភាព​នៃ​វិស័យ​ភាពយន្ត​ហូលីវូដ​។ ពួកគេ​នឹង​យក​សៀវភៅ​របស់ខ្ញុំ ហើយ​ពួកគេ​នឹងធ្វើ​អ្វីៗ​ដែល​ពួកគេ​ចង់​ធ្វើ​។ ពួកគេ​បាន​ទិញ​សិទ្ធិ​រួចហើយ​។ ពួកគេ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​។​

​ប៉ុន្តែ គម្រោង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​នេះ​គឺ ការផលិត​ខ្សែភាពយន្ត​ឯកសារ​មួយទៀត ដោយសារតែ​ប្រវត្តិសាស្ត្រ​នេះ​នឹង​ត្រូវតែ​បាន​លាតត្រដាង ហើយ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សហរដ្ឋអាមេរិក​សព្វថ្ងៃនេះ ដោយសារតែ​សហរដ្ឋអាមេរិក​ជួបនឹង​បញ្ហា​ដ៏​អាក្រក់​ទាក់ទង​នឹង​គ្រឿងញៀន​។ ខ្ញុំ​អាច​និយាយបានថា បញ្ហា​នេះ​មាន​កើតឡើង​នៅតាម​ប្រទេស​ភាគច្រើន មិនមែន​តែ​អាមេរិក​នោះទេ​។ សព្វថ្ងៃ​នៅ​សហរដ្ឋអាមេរិក យើង​មាន​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​ថ្នាំ ដែល​ចេញ​ដោយ​វេជ្ជបណ្ឌិត ជាជាង​ការ​ផ្សំ​ថ្នាំ​ដោយ​ខុសច្បាប់​។ យើង​មាន​ចំនួន​អ្នក​ជាប់​ពន្ធនាការ​ច្រើនជាងគេ​នៅលើ​ពិភពលោក​។​

​យើង​មាន​ប្រព័ន្ធយុត្តិធម៌ ដែល​មិនល្អ ដោយសារតែ​បញ្ហា​បង្ក្រាប​គ្រឿងញៀន​។ នេះ​ជា​អ្វីៗ​ដែល​ខ្ញុំ​ចង់ឃើញ​នៅក្នុង​ភាពយន្ត​ឯកសារ​នោះ​។ សហ​និពន្ធ​របស់ខ្ញុំ និង​ខ្ញុំ​កំពុងធ្វើការ​ជាមួយនឹង​ផលិតករ​ភាពយន្ត​ឯកសារ ដែលមាន​ទេពកោសល្យ​ពីរ​នាក់​គឺ​លោក Kevin Klauber និង Jeff Miller​។ យើង​ព្យាយាម​រក្សា​ការគ្រប់គ្រង​ខ្លះ​លើ​គម្រោង​មួយ ដោយសារតែ​យើង​មាន​ស្ទូ​ឌី​យោ និង​បណ្តា​យ​ទូរទស្សន៍​ជាច្រើន​ចាប់អារម្មណ៍​លើ​ភាពយន្ត​ឯកសារ​នេះ​។ ប៉ុន្តែ​ស្ទូ​ឌី​យោ​ទាំងនេះ​ចង់​ដឹកនាំ​ផ្តាច់មុខ​។ ពួកគេ​ចង់​បង្គាប់​អ្វីដែល​យើង​ត្រូវ​និយាយ និង​របៀប​ដែល​ត្រូវ​សម្តែង​។ យើង​មិន​អាចធ្វើ​ដូច​នោះបានទេ​។ យើង​ដឹង​អំពី​ប្រវត្តិ​នេះ​ល្អ​ជាង​នរណា​ទាំងអស់​។ យើង​ចង់បាន​សិទ្ធិ​ក្នុងការ​ដឹកនាំ​ខ្សែភាពយន្ត​ឯកសារ ដែល​យើង​ចង់បាន​។​

​តើ​លោក​ចង់​សម្រេច​គោលបំណង​អ្វី​នៅពេលដែល​លោក​សរស​រេ​សៀវភៅ​នេះ​ឡើង​? តើ​សៀវភៅ​នេះ​មានការ​អប់រំ​ក្នុងនោះ​ដែរឬទេ​?

​សៀវភៅ​នេះ​មានការ​អប់រំ ដែលថា ការណ៍​ដែលមាន​បំណងល្អ​មិន​ប្រាកដថា​បាន​ផល​ល្អ​នោះទេ ហើយ​ជារឿយៗ នៅពេល​យើង​ដោះស្រាយ​បញ្ហា​មួយ យើង​ក៏​បង្កើត​បញ្ហា​មួយទៀត​ដែល​កាន់តែ​ពិបាក​។ នៅក្នុង​ករណី​គ្រឿងញៀន​វិញ យើង​បាន​កម្ចាត់​វា​ចេញពី​ប្រទេស​ថៃ និង​ចេញពី​រដ្ឋ Hawaii ដោយ​ជោគជ័យ​។ បន្ទាប់មកទៀត តើ​មាន​អ្វី​កើតឡើង​នៅ​កន្លែង​ទាំងពីរ​នេះ​? វា​បែរជា​ជំនួស​ដោយ​ថ្នាំ​ឆ្កួត (yaba) និង​ថ្នាំ​ហ្វេ​តា​មីន (methamphetamine) ដែលជា​ប្រភេទ​ថ្នាំញៀន​ដ៏​អាក្រក់​បំផុត​ក្នុង​ពិភពលោក​ទៅវិញ​។ ដោយសារតែ​អ្នកប្រើប្រាស់​មិនអាច​រក​កញ្ឆា​បាន ពួកគេ​ចាប់ផ្តើម​ប្រើ​ថ្នាំ​ឆ្កួត​ទាំងពីរ​ជំនួស​វិញ ដែលមាន​គ្រោះថ្នាក់​ជាង​មុន​ទៅទៀត​។ នេះ​ជា​រឿង​នៃ​អ្វីដែល​គេ​ហៅថា «​ជ័យជម្នះ​មិនមាន​ត​ម្ល‍ៃ​»​។ នេះ​មានន័យថា អ្នកឈ្នះ​នៅក្នុង​កន្លែង​ប្រយុទ្ធ ប៉ុន្តែ​អ្នក​បែរជា​ចាញ់​សង្គ្រាម​ទៅវិញ​។ នេះហើយ​ជាការ​អប់រំ​នៃ​សៀវភៅ​នេះ​។​

​លោក​កំពុង​សរសេរ​សៀវភៅ​មួយ​ក្បាល​ទៀត​ជាមួយ​លោក Mike Ritter​។ តើ​សៀវភៅ​នេះ​ខុសពី​សៀវភៅ​មុន​យ៉ាងដូចម្តេច​?

​សៀវភៅ​ទី​២​នឹង​ខុសពី​សៀវភៅ​មុន​។ សៀវភៅ​ទី​២ នឹង​និយាយ​អំពី​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​អាមេរិក និង​របៀប​ដែល​ច្បាប់​ហ្នឹង​ត្រូវបាន​ខូចខាត ដោយសារ​ការបង្ក្រាប​គ្រឿង​ញៀន និង​អំពី​របៀប​ដែល​ឧក្រិដ្ឋជន​ធំៗ​ជាប់ពន្ធនាគារ​តិចជាង មនុស្ស​ដែលមាន​អំណាច​តូចតាច ដោយសារតែ​ពួកគេ​មិន​ឆ្លាត​ដូច​អ្នក​ទាំងនោះ ឬ​មិនមាន​មេធាវី​ល្អ ឬ​ពួកគេ​មិនដឹង​ពី​របៀប​លេងល្បែង​នៃ​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​។ ជា​ឧទាហរណ៍ ការដឹកជញ្ជូន​ដ៏​ធំ​ចុងក្រោយ​មួយ ដែល​ត្រូវ​ចាប់បាន​នៅក្នុង​ចុង​ទសវត្សរ៍​៨០ មាន​ផ្ទុក​កញ្ឆា​ឡាវ​ច្រើនជាង​១០០​តោន​។ កញ្ឆា​នេះ​ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​កប៉ាល់​ចំនួន​ពីរ ហើយ​ត្រូវបាន​ចាប់ខ្លួន និង​នាំយកមក​ទីក្រុង Seattle សហរដ្ឋអាមេរិក​។ ការកាត់ទោស​មនុស្ស​ដែល​សហការ​ជាមួយនឹង​រដ្ឋាភិបាល មាន​រយៈពេល​តិច​។ មនុស្ស​ដែល​ចង់បាន​សិទ្ធិ​រដ្ឋធម្មនុញ្ញ និង​ចង់បាន​សវនាការ​យុត្តិធម៌ បែរជា​ត្រូវ​កាត់ទោស​រយៈពេល​យូរ​ទៅវិញ ដោយសារ​ការ​ជ្រើស​យក​សវនាការ​យុត្តិធម៌ និង​ការមិន​សហការ​ជាមួយនឹង​រដ្ឋាភិបាល​។ អ្វីដែល​រដ្ឋាភិបាល​ចាប់ផ្តើម​ធ្វើ​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការបង្ក្រាប​គ្រឿងញៀន​នេះ​គឺថា ពួកគេ​យល់ថា «​ប្រសិនបើ​អ្នក​ចង់​ធ្វើ​សន​វ​ការ យើង​នឹងត្រូវ​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ ប្រសិនបើ​អ្នក​យល់ព្រម​តាម​ការចរចា ហើយ​ប្រាប់​ពី​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​កញ្ឆា​នេះ អញ្ចឹង​ប្រហែលជា​អ្នក​អាច​នឹង​ជាប់ពន្ធនាគារ​៥​ឆ្នាំ​»​។ រដ្ឋអាជ្ញា​មានអំណាច​ខ្លាំងណាស់ និង​អំណាច​នោះ​ត្រូវបាន​ដក​ចេញពី​ចៅក្រម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com