អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក សេន​ដឺ បំបាក់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ Michigan
09, Mar 2016 , 3:22 pm        
រូបភាព
​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ប៊ែ​នី សេន​ដឺ (Bernie Sanders) បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ Michigan នៅ​ថ្ងៃ​អង្គារ​ទី ៩ មីនា នេះ ដែល​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​លោក​មានសង្ឃឹម​ដើម្បី​បន្ត​យុទ្ធនាការ​នយោបាយ​ទៀត​។ ចំណែក​គូប្រជែង​លោក គឺ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ មី​ស៊ី​ស៊ី​ពី​។​ 

​ក្រោយ​ប្រជែង​គ្នា​យ៉ាង​ប្រកៀក​ប្រកិត លទ្ធផល​បង្ហាញថា​លោក ប៊ែ​នី សេន​ដឺ បានទទួល​សំឡេងគាំទ្រ​ច្រើនជាង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​រដ្ឋ Michigan ក្នុងការ​បោះឆ្នោត​ថ្ងៃ អង្គារ ទី ៩ មីនា​នេះ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក បានទទួល​សំឡេងគាំទ្រ​ប្រហែល ៥០.១​ភាគរយ ខណៈ​លោកស្រី ហ៊ី​ឡា​រី គ្លី​តុ​ន​បានត្រឹមតែ ៤៨​ភាគរយ​ប៉ុណ្ណោះ​។  
 
​គេ​ឃើញថា លោក សេន​ដឺ អាច​យកឈ្នះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​ទាក់ចិត្ត​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Michigan ដោយសារតែ​គោលនយោបាយ​របស់លោក​ពាក់ព័ន្ធ​បញ្ហា​វិសមភាព​ចំណូល​ប្រជាជន​អាមេរិក​។ សារ​នយោបាយ​របស់លោក ទាញបាន​ការគាំទ្រ​ច្រើន ព្រោះ​អ្នកបោះឆ្នោត​នោះ​កំពុង​ប្រឈមផល​ប៉ះពាល់បណ្តាមក​ពីចលនា​សកលភាវូប​នីយ​ក​​ម្ម​និង​បញ្ហា​​សេដ្ឋកិច្ចផងដែរ​។​
 
 ការប្រកាស​ជ័យជម្នះ​របស់​សមាជិក​ព្រឹទ្ធសភា​និង​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ ប៊ែនី សេនដឺ នេះ​ធ្វើឡើង​បន្ទាប់ពី​លោកស្រី គ្លី​ន​តុ​ន ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​​។ ប៉ុន្តែ សំឡេងគាំទ្ររបស់​បេក្ខជន​ទាំងពីរ​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​។ បរាជ័យ​របស់លោក​ស្រី គ្លី​ន​តុ​ន នៅ​រដ្ឋ Michigan  បានផ្តល់​ក្តីសង្ឃឹម​បន្ថែម​ដល់​លោក សេន​ដឺ ក្នុង​ការបន្ត​យុទ្ធនាការ​នយោបាយ​ទាញ​រក​សំឡេងគាំទ្រ​បន្តទៀត​។ 
 
​តាមពិតទៅ​អតីតរដ្ឋមន្ត្រី​ការបរទេស​និង​បេក្ខជន​ប្រធានាធិបតី  ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ការគាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ ដែល​រស់នៅ​បណ្តា​រដ្ឋ​ភាគខាងត្បូង​របស់​សហ​រដ្ឋ​អាមេរិក​។ ហើយ​លោកស្រី ទទួលបាន​អ្នកតំណាង​ច្រើនជាង​ពាក់កណ្តាល​ចំនួន​អ្នកតំណាង​ដែល​លោកស្រី​ត្រូវការ​ដើម្បី​ឈានទៅ​ទទួលបាន​ការជ្រើសតាំង​ជា​បេក្ខជន​តំណាង​បក្ស​​។ 
 
​ចំណែក​បក្ស​សាធារណរដ្ឋ​ឯណោះ​វិញ សេដ្ឋ​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ នៅតែ​នាំមុខគេ ក្នុងការ​បោះឆ្នោត​ថ្ងៃ​អង្គារ​នេះ​។ លោក​ឈ្នះ​នៅ​រដ្ឋ​ចំនួន​ពីរ មី​ស៊ី​ស៊ី​ពី និង​នៅ Michigan​។  ហើយ​លោក ថេត គ្រុស (Ted Cruz) បានទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ Idaho ។ ហើយ​ឥឡូវនេះ គេ​កំពុង​ចាំមើល​លទ្ធផល​នៃ​ការជួបជុំ​បែប Caucus ក្នុងចំណោម​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ​ហា​វ៉ៃ ថា​តើ​អ្នកណា​ជា​អ្នកឈ្នះ​៕

Tag:
 ហ៊ីឡារីគ្លីនតុន
 ដូណាល់ត្រាំ
  ប៊ែនីសេនដឺ
© រក្សាសិទ្ធិដោយ thmeythmey.com