កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លើសពី​ហ្វេ​ន​! ភរិយារបស់កីឡាករ ទី​នី​, សុគ​ម្ភៈ និង​បូ​រ៉ាវី ប្រាប់​បទពិសោធន៍​
09, Mar 2016 , 3:39 pm        
រូបភាព
លើសពី​ហ្វេ​ន​បាន​អត់​? នេះ​ជា​ចំណងជើង​បទ​ចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ ដែល​បកស្រាយ​ដោយ​កញ្ញា ខេមរៈ ស្រី​ពៅ និង​មានការ​ចូលរួម​សម្តែង​ពី​សំណាក់​កីឡាករ​បាល់ទាត់ កែវ សុខ​ផេង នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន​។ តើ​ត្រឹម​ជា​អ្នកគាំទ្រ និង​លើសពី​អ្នកគាំទ្រ មានការ​ខុសគ្នា​យ៉ាងណាខ្លះ​? តាមរយៈ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ហុក សុក​ញ្ញា អ្នកស្រី អឿ រ៉ាវី និង​អ្នកស្រី ពេជ្រ សង្វា បាន​រៀបរាប់​ពីបទ​ពិសោធន៍ និង​តួនាទី របស់ខ្លួន​ក្នុងនាម​ភរិយា​របស់​កីឡាករ​បាល់ទាត់​។​



​មិនមាន​បាន​ឲ្យ​លេចធ្លោ​ដូច​គេ តែ​សប្បាយចិត្ត​

៨​ឆ្នាំ​ហើយ​ដែល​អ្នកស្រី ហុក សុក​ញ្ញា បាន​រៀបការ​ជាមួយ​ខ្សែការពារ ទៀង ទី​នី បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។ កូនស្រី​ដ៏​ស្រស់ស្អាត​ពី​នាក់​គឺជា​កំណប់ទ្រព្យ​ដ៏​ប្រសើរ​របស់​ពួកគាត់​។ អ្នកស្រី សុក​ញ្ញា ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ផងដែរ​នោះ បាន​បញ្ជាក់ថា ពួកគាត់​មិនមាន​សល់​អ្វី​ជា​ដុំកំភួន​ឡើយ ប៉ុន្តែ​ក៏​មិន​ខ្វះខាត​ទាំងស្រុង​នោះដែរ ពោលគឺ​ពួកគាត់​អាច​រស់នៅ​ដោយ​សប្បាយចិត្ត និង​អាច​រៀបចំ​ផែនការ​សម្រាប់​អនាគត​កូន​។​

​ភរិយា​របស់​កីឡាករ គួច សុគ​ម្ភៈ នៃ​ក្លិប​ណាហ្គា​វើ​ល គឺ​អ្នកស្រី អឿ រ៉ាវី និង​ភរិយា​របស់​កីឡាករ ឃួន ឡា​បូ​រ៉ាវី នៃ​ក្លិប​បឹងកេត​អង្គរ គឺ​អ្នកស្រី ពេជ្រ សង្វា ក៏មាន​សុភមង្គល​ក្នុង​គ្រួសារ​ក្រោយ​អាពាហ៍ពិពាហ៍​ជាង​៤​ឆ្នាំ​កន្លងមកនេះ​ ផងដែរ​។ គូស្នេហ៍​ទាំងពីរ​គូរ​នេះ សុទ្ធតែ​មានកូន​ប្រុស​ម្នាក់​រៀងៗ​ខ្លួន​។

​សូម​ស្តាប់​សំឡេង​អ្នកស្រី ហុក សុក​ញ្ញា ភរិយា កីឡាករ​ទៀង​ទី​នី​៖





ប្រចណ្ឌ​? ពីមុន​ធ្លាប់ ប៉ុន្តែ​យល់​ពី​ការងារ​របស់​ប្តី​

​សម្រាប់​កីឡាករ​ដែល​រាង​សង្ហារ និង​ពោរពេញ​ទៅដោយ​សមត្ថភាព​តើ​អ្នកណា​មិន​ស្រឡាញ់​? សម្រាប់​អ្នកស្រី សុក​ញ្ញា ដែល​កើតចេញពី​គ្រួសារ​អ្នកកីឡា​ដែលមាន​ព្រឹទ្ធ​ចា​រ្យ​យុទ្ធ​គុន​ចម្រុះ ហុក ឈាង​គីម ជា​ឪពុក ហើយ​បងប្រុស ហុក សុចិ​ត្រា និង​ហុក សុ​ទិ​ត្យា រួមទាំង​ប្អូនប្រុស ហុក សុ​ជី​វ័​ន្ត ជា​អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​ផងដែរ​នោះ អារម្មណ៍​ប្រចណ្ឌ​ហាក់ដូចជា​គ្មាន​ឡើយ ខណៈ​អ្នកស្រី រ៉ាវី និង​សង្វា ទទួលស្គាល់ថា ពីដំបូង ពិត​ជាមាន​អារម្មណ៍​បែបនេះ ប៉ុន្តែ​នៅពេល​ស្គាល់​ពី​ការងារ និង​ដឹង​ពី​អត្ត​ច​រឹក​ប្តី​ច្បាស់ ពួកគាត់​មិនដែល​យក​ភ្លើង​ប្រចណ្ឌ​ដាក់​ក្នុង​ចិត្ត​នោះឡើយ​។​

​សូម​ស្តាប់​ការ​អះអាងថា របស់​អ្នកស្រី ពេជ្រ សង្វា ភរិយា​របស់​កីឡាករ ឃួន ឡា​បូ​រ៉ាវី​




​គោរព​ពេលវេលា​ស្វាមី​ជាង​ពេល​ខ្លួនឯង​
​ពិត​ជាមាន​អារម្មណ៍​ឯកោ​ណាស់​សម្រាប់​ភរិយា​កីឡាករ​បាល់ទាត់ ជាពិសេស​កីឡាករ​ដែល​តែងតែ​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ ដូចជា​កីឡាករ ទៀង ទី​នី គួច សុគ​ម្ភៈ និង ឃួន ឡា​បូ​រ៉ាវី​។ អ្នកស្រី ហុក សុក​ញ្ញា ធ្លាប់​ឆ្លង​ពិធីបុណ្យ​ចូលឆ្នាំ ភ្ជំបិណ្ឌ និង​ខួបកំណើត តែ​ជាមួយ​កូន​ជា​ញឹកញាប់ ខណៈ​ស្វាមី​ត្រូវបំពេញ​បេសកកម្ម​នៅក្រៅ​ប្រទេស ប៉ុន្តែ​វា​ជា​រឿង​ដែល​មិនអាច​ប្រកែក​បាន ហើយ​ត្រូវតែ​សប្បាយចិត្ត​ចំពោះ​បេសកកម្ម​បម្រើ​ជាតិ​របស់​ស្វាមី​។​

​មិន​ខុសគ្នា​នោះឡើយ អ្នកស្រី រ៉ាវី ត្រូវតែ​គោរព​កាលវិភាគ​របស់ សុគ​ម្ភៈ រីឯ​អ្នកស្រី សង្វា ត្រូវតែ​ធ្វើតាម​កម្មវិធី​របស់​បូរ៉ា​វី​។​
​សូម​ស្តាប់​ការពន្យល់​របស់​អ្នក​ទាំងបី​ (សុកញ្ញា, រ៉ាវី និង​សង្វា)




 អ្នកគាំទ្រ​ពិសេស​របស់​ស្វាមី និង​គាំទ្រ​ក្លិប​ទាំងមូល​
​រ៉ាវី មិនសូវ​ខកខាន​ឡើយ​ក្នុងការ​បង្ហាញ​វត្តមាន​នា​អំឡុង​នៃ​ការប្រកួត​របស់ សុគ​ម្ភៈ ហើយ​ភាគច្រើន​ទៅជា​មួយ​ភរិយា​កីឡាករ​ដទៃទៀត ជាពិសេស​ភរិយា​របស់​កីឡាករ ឃឹម បូរី នៃ​ក្លិប​ណាហ្គា​វើ​ល មិត្តស្រី​របស់​កីឡាករ ហុង ផេង នៃ​ក្លិប​បឹងកេត​អង្គរ និង​ភរិយា​របស់​ទៀង ទី​នី គឺ សុក​ញ្ញា ផងដែរ​។​

​រ៉ាវី បាន​អះអាងថា បាល់ទាត់​បានក្លាយ​ជា​ចំណង់​ចំណូល​របស់ខ្លួន​ទៅហើយ ដូច្នេះ​ពេលខ្លះ ក៏​ចំណាយពេល​ទៅ​មើល​ការប្រកួត​ផងដែរ បើទោះបីជា​គ្មាន​ស្វាមី​ក៏ដោយ​។ បញ្ហា​ត្រង់​ថា អារម្មណ៍​មើល​ខុសគ្នា ជាពិសេស​កន្លងមក ស្វាមី​របស់ រ៉ាវី និង​សុក​ញ្ញា ស្ថិតនៅក្នុង​ក្លិប​ណាហ្គា​វើ​ល​តែមួយ ដូច្នេះ​វា​គ្មាន​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​នៅពេល​ពួកគេ​លេង​នៅ​ក្លិប​ផ្សេងគ្នា ភរិយា​របស់​ពួកគេ​ក៏​ហាក់ដូចជា​មិនសូវមាន​ពេល​ស្និទ្ធស្នាល​ដូច​មុន​នោះឡើយ​ ។​

​ទៀង ទី​នី និង ឃួន ឡា​បូ​រ៉ាវី ក៏​ចង់ឃើញ​វត្តមាន​របស់​ភរិយា​ដូចជា គួច សុគ​ម្ភៈ ផងដែរ នៅពេលដែល​ពួកគេ​ប្រកួត ពីព្រោះ​នេះ​ជាការ​លើកទឹកចិត្ត​បន្ថែម​។ ភរិយា​របស់​កីឡាករ​បាល់ទាត់​បានទទួល​ស្គាល់​ថា ពេលខ្លះ​ពួកគាត់​មាន​អារម្មណ៍​ខឹង​នៅពេល​មានការ​សម្រេច​អ្វីមួយ​នៅក្នុង​ ការប្រកួត ប៉ុន្តែ​វា​ជា​អារម្មណ៍​តែមួយ​ឆាវ​ប៉ុណ្ណោះ​។​

​បង​ឈឺ​អត់​? បង​ឈឺ​ត្រង់​ណាខ្លះ​? ត្រៀម​អ្វីខ្លះ​សម្រាប់​ស្វាមី​នៅមុន​ការប្រកួត​?


​នេះ​ជា​សំណួរ​ដែល​ភរិយា​កីឡាករ​បាល់ទាត់​តែងតែ​សាកសួរ​ស្វាមី​នៅក្រោយ​ ការប្រកួត​។ សុក​ញ្ញា តែងតែ​តាមដាន​ស្វាមី​ជានិច្ច​នៅពេលដែល​គាត់​ហាក់ដូចជា​ទ្រោម​ខ្លាំង​នា​ អំឡុង​នៃ​ការប្រកួត បើទោះបីជា​គ្រូពេទ្យ​ប្រចាំ​ក្លិប​ព្យាបាល​ហើយក៏​ដោយ​។​ ការហូបចុក ការជួយ​ម៉ាស្សា​ខ្លួន ដៃជើង ក៏​ជា​បន្ទុក​របស់​ភិ​រ​យា​កីឡាករ​បាល់ទាត់​ផងដែរ​។​
សូម​ស្តាប់បទពិសោធន៍​របស់លោក​ស្រី ទីនី និង​លោក​ស្រី សុគម្ភៈ




តើ​ស្វាមី​ជា​មនុស្ស​បែបណា​?
​ខ្សែការពារ ទៀង ទី​នី ដែល​លេង​បាល់ទាត់​អាជីព​ជាង​១០​ឆ្នាំ​កន្លងមកនេះ ប្រហែលជា​ទទួល​ពិន្ទុ​១០​លើ​១០​ពេញ​ពី​ភរិយា​មិន​ខាន​។ សុក​ញ្ញា បាន​អះអាងថា រយៈពេល​ជាង​៨​ឆ្នាំ​កន្លងមកនេះ ក្រុមគ្រួសារ​របស់​ពួកគាត់​មិនមាន​បញ្ហា​អ្វី​ឡើយ ហើយ​ស្ត្រី​ម្នាក់នេះ គឺជា​មនុស្ស​ដែល​តែងតែ​លើកទឹកចិត្ត​ស្វាមី​ជានិច្ច​។​

​ផ្អែម​មិន​ខុសគ្នា​ឡើយ រ៉ាវី បាន​អះអាង សុគ​ម្ភៈ គឺជា​បុរស​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​របស់ខ្លួន​។ «​ខ្ញុំ​ចំអិនម្ហូប​...​គាត់​លាងចាន​។ ខ្ញុំ​បោក​ខោអាវ គាត់​ជា​អ្នក​ហាល​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី រ៉ាវី ដោយ​បន្ថែមថា សុគ​ម្ភៈ ជា​មនុស្ស​ដែល​មិនចេះ​ប្រកាន់​ការងារ ហើយ​តែងតែ​ជួយ​ខ្លួន​ជានិច្ច​នៅពេល​ទំនេរ​។​
ស្តាប់​ការអះអាងរបស់ភរិយា គួច សុគម្ភៈ




​រីឯ​សង្វា ពេញចិត្ត បូរ៉ា​វី ស្តូក ត្រង់​គាត់​គឺជា​មនុស្ស​ដែល​ស្រឡាញ់​ក្រុមគ្រួសារ​ទាំងសងខាង​ស្មើៗ​គ្នា​។ អ្វីដែល​ពិសេស​នោះ ការអបអរ​ដោយ​ដាក់​ដៃ​ជាស​ញ្ញា​បេះដូង ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​គឺជា​និមិត្តរូប​នៃ​សេចក្តីស្នេហា​របស់​បូរ៉ា​វី ចំពោះ​ម៉ាក់ «DoDo» ។
ស្តាប់​ការអះអាងរបស់ភរិយា ឃួន ឡាបូរ៉ាវី




ស្នេហ៍​គ្នា​ដំបូង​
​សុក​ញ្ញា គឺជា​អតីត​អ្នកគាំទ្រ​ក្លិប​ភ្នំពេញ​អ៊ឹម​ផាយ​អឺរ (​ភ្នំពេញ​ក្រោ​ន​បច្ចុប្បន្ន​) ដែល​កាលណោះ​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក ហុក សុចិ​ត្រា ដែលជា​បងប្អូន ហើយ ទី​នី គឺជា​កីឡាករ​ម្នាក់​នៅ​ទីនោះ​។ ការ​លែបខាយ​រវាង​អ្នកគាំទ្រ​ម្នាក់ និង​កីឡាករ​ម្នាក់​បាន​ក្លាយជា​សេចក្តីស្នេហា​តែម្តង​។​
សុកញ្ញារៀបរាប់៖




​ចំពោះ​រ៉ាវី និង​សុគ​ម្ភៈ វិញ ពួកគេ​ស្គាល់គ្នា​តាមរយៈ​បងជីដូនមួយ​របស់ រ៉ាវី និង​ជា​មិត្ត​ភ័ក្ត្រ​របស់​សុគ​ម្ភៈ ផងដែរ​។ ងាក​ទៅ​ស្នេហា​រវាង សង្វា និង​បូ​រ៉ាវី វា​ជា​រឿង​ដែល​កើតឡើង​ដោយ​ចៃដន្យ​។ ពួកគាត់​បាន​ទាក់ទង​គ្នា​តាមរយៈ​សារ SMS​។​
រ៉ាវីរំលឹក​ប្រវត្តិស្នេហ៍ជាមួយសុគម្ភៈ




សង្វាថាជាការស្គាល់គ្នា​ដោយ​ចៃដន្យ​ជាមួយ​បូរ៉ាវី




Tag:
 បាល់ទាត់
  ភរិយាកីឡាករបាល់ទាត់
  គ្រួសារកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com