អន្តរជាតិ
នាវាមុជទឹក​ជប៉ុន​១​គ្រឿង​ទស្សនកិច្ច​ហ្វីលីពីន ខណៈ​នាវាចម្បាំង​ពីរ​គ្រឿង​ទស្សនកិច្ច​នៅ​វៀតណាម
09, Mar 2016 , 9:19 pm        
រូបភាព
ដោយ:
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង  កំពុងតែ​រុញច្រាន​ឲ្យ​មានការ​ប្រឈមមុខគ្នា​កាន់តែខ្លាំង​ឡើងៗ ជាពិសេស​នោះ​គឺ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ប្រតិបត្តិការ​នានា​ក្នុង​តំបន់​ជម្លោះ ដែល​កំពុងតែ​វិ​វត្ត​ទៅរក​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់ ។ ស្របពេល​នៃ​ភាព​តានតឹង​នេះ រដ្ឋាភិបាល​ក្រុង តូ​ក្យូ ក៏​គ្រោង​ធ្វើ​ទស្សនកិច្ច​តាមរយៈ​នាវាមុជទឹក និង​នាវាចម្បាំង​របស់ខ្លួន​មកកាន់​ហ្វីលីពីន និង​វៀតណាម​ផងដែរ​។​



​នាវាមុជទឹក​ជប៉ុន​មួយគ្រឿង នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ហ្វីលីពីន​ជា​លើកដំបូង​ក្នុង​រយៈពេល​១៥​ឆ្នាំ​។ ហើយ វត្តមាន​នាវាមុជទឹក​នេះ ក៏​នឹងត្រូវ​អម​ជាមួយនឹង​នាវាចម្បាំង​ពីរ​គ្រឿង ដែល​នឹង​ត្រូវធ្វើ​ទស្ស​កិច្ច​នៅ​វៀតណាម ដែល​ទស្សនកិច្ច​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ហ្វីលីពីន និង​វៀតណាម ក្នុងការ​ប្រឆាំងនឹង​មហិច្ឆតា​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។

​នាវាមុជទឹក​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ហ្វឹកហ្វឺន នឹង​ទៅដល់​ហ្វីលីពីន​នៅ​ខែមេសា​ខាងមុខនេះ  ហើយ នាវាចម្បាំង​ទាំងពីរ​គ្រឿង​ផ្សេងទៀត ក៏​នឹង​ទៅដល់​វៀតណាម​នៅពេល​បន្តបន្ទាប់​គ្នា​នោះ​ផងដែរ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters និង​ភ្នាក់ងារ​ព័ត៌មាន​ជាតិ​ជប៉ុន ដែល​បាន​ដកស្រង់​ការអះអាង​របស់​មន្ត្រី​ម្នាក់​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ជប៉ុន​ដែល​សុំ​មិន​បញ្ចេញ​ដែល​បាន​បន្ថែមថា នេះ​គឺជា​ការផ្ញើ​សារ​មួយ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ជប៉ុន សុំ​មិន​បកស្រាយ​ចំពោះ​ទស្សនកិច្ច​នាវាមុជទឹក​នោះទេ ក៏ប៉ុន្តែ អ្នកនាំពាក្យ​នោះ បាន​បញ្ជាក់ថា កងទ័ពជើងទឹក​រប​ស់ជ​ប៉ុន នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ដូច​ធម្មតា​នៅ​ចន្លោះ​ខែ មីនា និង​មេសា​នេះ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ Reuters ដែល​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​នោះដែរ ថា គម្រោង​ផ្សេងៗ កំពុងស្ថិត​នៅក្នុង​នីតិវិធី​នៃ​ការពិភាក្សា​ដូច្នេះ មិនអាច​ផ្តល់ព័ត៌មាន​លម្អិត​បាន​នោះទេ​។

​វា អាចជា​រឿង​ថ្មី​មួយ​ដែល​បែ្ល​ក បើសិនជា​ជប៉ុន ពិតជា​ធ្វើ​ទស្សនកិច្ច​នាវាមុជទឹក​មកកាន់​ហ្វីលីពីន និង​នាវាចម្បាំង​ទៅ​វៀតណាម​នោះ​។ តែបើ​ក្រឡេកមើល​ឲ្យ​ស៊ីជម្រៅ​នោះ គេ​ឃើញថា​វា​មិន មែន​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ប៉ុន្មាន​នោះទេ ដ្បិត​ជប៉ុន ថ្មីៗ​នេះ ក៏បានផ្តល់​នាវា​ល្បាត​ដល់​ហ្វីលីពីន និង វៀតណាម​ដើម្បី​ប្រតិបត្តិ​ការការពារ​ដែន​សមុទ្រ​ដែល​គេ​មើលឃើញ​ដើម្បី​ប្រឆាំងនឹង​សកម្មភាព​របស់ ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

​អ្វី​គួរកត់សម្គាល់ គម្រោង​នៃ​ទស្សនកិច្ច​តាម​ដែនសមុទ្រ​របស់​ជប៉ុន លេចឡើង​ស្រប​ពេលដែល​ស្ថាន ភាព​សមុទ្រ​ចិន​ខាងត្បូង​កំពុង​តែមាន​ភាព​តានតឹង​ស្រាប់ ពោលគឺ​ស្របពេល​អាមេរិក​ដែលជា​សម្ព័ន្ធ មិត្ត​ចាក់ទឹកមិនលិច កំពុងតែ​ប្រតិបត្តិការ​ក្នុង​តំបន់​នោះ​យ៉ាងសកម្ម​។ ហើយ​នេះ ក៏​អាចជា​ការគាំទ្រ មួយ​របស់​ជប៉ុន​ទៅកាន់​ហ្វីលីពីន និង​វៀតណាម​ដែល​កំពុងតែ​ប្រទាញប្រទង់​ជាមួយនឹង​ចិន​ក្នុង​បញ្ហា សមុទ្រ​ចិន​ខាងត្បូង​នោះ​។ ជប៉ុន ក៏​ធ្លាប់​គ្រប់គ្រង​តំបន់​មួយ​ចំនូ​ន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី​២៕


Tag:
 សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com