អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បងធំ​អាស៊ាន ឥណ្ឌូនេស៊ី នឹង​ទទួល​យន្តហោះ​ចម្បាំង​រុស្ស៊ី Su-35 ឆ្នាំ​២០១៨
10, Mar 2016 , 7:39 am        
រូបភាព
 
​នៅ​ខែមេសា​ខាងមុខ បងធំ​អាស៊ាន ឥណ្ឌូនេស៊ី​នឹង​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ Su-35 របស់​រុស្ស៊ី​ជាច្រើន​គ្រឿង​ដើម្បី​ពង្រឹង​កងទ័ពអាកាសរ​បស់​ខ្លួន​។ ប៉ុន្តែ​មន្ត្រី​ក្រសួង​ការពារ​រុស្ស៊ី​បាន​បញ្ជាក់ថា ឥណ្ឌូនេស៊ី​នឹង​ទទួល យន្តហោះ​ចម្បាំង​នេះ​នៅ​ឆ្នាំ ២០១៨ ដោយសារ​ក្រុមហ៊ុន​ផលិត​យន្តហោះ​មិនទាន់​តម្រូវការ​ព្រោះ​មាន​ប្រទេស​ច្រើន​កុម្ម៉ង់​ទិញ ។​


​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី Ryamizard Ryacudu បាន​អះអាងថា រដ្ឋាភិបាល​ក្រុម​មូ​ស្គូ​និង​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​ប្រភេទ Su-35 ចំនួន ១០​គ្រឿង​។ ការចុះហត្ថលេខា​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ខែមេសា​ខាងមុខនេះ​។​
 
​យន្តហោះ​ចម្បាំង Su-35 នេះ​នឹង​មក​ជំនួស​យន្តហោះ​ចម្បាំង F-5 Tigers ដែល​កំពុង​បម្រើការ​ក្នុង​កងទ័ពអាកាស​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​។ ហើយ​ម្យ៉ាង​យន្តហោះ​ស៊េរី​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​កងទ័ព​និង​ពង្រឹង​ការការពារ​បូរណភាព​ដែនដី​របស់​ឥណ្ឌូនេស៊ី​ផងដែរ​។​
 
​ប៉ុន្តែ ទោះ​ជាមាន​ការចុះ​កិច្ចព្រមព្រៀង​ក្នុងឆ្នាំនេះ​ក៏ដោយ ឥណ្ឌូនេស៊ី​អាចនឹងទទួល​យន្តហោះ​នេះ​ប​នៅ​ដើមឆ្នាំ ២០១៨​ឯណោះ​។ 
 
​យោងតាម ក្រសួង​ការពារ​ដែល​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik ក្រុមហ៊ុន​ផលិត​យន្តហោះ មិនអាច​ចែកចាយ​យន្តហោះ​ចម្បាំង​ដែល​ឥណ្ឌូនេស៊ី​កុម្ម៉ង់​ទិញ​នោះ​មុន​ឆ្នាំ ២០១៨ ឡើយ ព្រោះ​បច្ចុប្បន្ននេះ​មាន​អតិថិជន​ច្រើន​ទាំង​ក្នុង​និង​ក្រៅប្រទេស​នាំគ្នា​បញ្ជា​ទិញ​យន្តហោះ​នេះ​។ 
 
​ក្រុមហ៊ុន​ផលិត​អាវុធ​រុស្ស៊ី​កំពុង​មមាញឹក​ផលិត​អាវុធ​ដើម្បី​បំពេញតម្រូវការ​ប្រទេស​ជាច្រើន​និង​សម្រាប់​កងទ័ពអាកាស​រុស្ស៊ី​ដែរ​។  ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅមុខ រុស្ស៊ី​គ្រោង​នឹង​ផលិត​យន្តហោះ​នេះ ៥០​គ្រឿង​សម្រាប់​កងទ័ពអាកាស​រុស្ស៊ី  និង​២៤ គ្រឿង​សម្រាប់​កងទ័ព​ចិន ហើយ​ឥណ្ឌូនេស៊ី​នឹង​ទទួលបាន​យន្តហោះ​នេះ ២​គ្រឿងក្នុង​ឆ្នាំ ២០១៨ ។​
 
​តាមពិតទៅ យន្តហោះ Su-35 ក្លាយជា​យន្តហោះ​ដែល​ពេញនិយម​និង​ទាក់ភ្នែក​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ ហើយ​វា​កាន់តែ​ពេញនិយម​ទៀត ក្រោយពេល​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បញ្ជូន​យន្តហោះ​ប្រភេទ​នេះ​ទៅ​កម្ចាត់​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី​កាលពី​ថ្មីៗ​នេះ​។ យន្តហោះ​អាច​ហោះ​បាន​ល្បឿន ២៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​ត្រូវបាន​គេ​ច្នៃ​ចេញពី​យន្តហោះ​ចម្បាំង Su-27 ។ វា​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ទំនាក់ទំនង​ពិសេស ភ្ជាប់​ដោយ រ៉ា​ដា​ទំនើប មាន​ម៉ាស៊ីន​ស៊េរី​ថ្មី និង​បំពាក់​ដោយ​កាំភ្លើង ៣០​មី​ល្លី​ម៉ែត្រ និង​មាន​មី​ស៊ី​ល​ធំៗ​ជាច្រើន និង​គ្រាប់​រ៉ុក្កែត​ជាច្រើន​ផង​។​
 
​សូមបញ្ជាក់ថា ការ​នាំចូល​យន្តហោះ​ចម្បាំង​របស់​ឥណ្ឌូនេស៊ី កើតឡើង​ស្របពេល​ដែល​បងធំ​អាស៊ាន​មួយ​នេះ​ចាប់ផ្តើម​សាងសង់​មូលដ្ឋានទ័ព នៅ​ប្រជុំ​កោះ Natuna ដែល​ស្ថិតនៅ សមុទ្រ​ចិន​ខាងត្បូង​។​តាមពិតទៅ​ឥណ្ឌូនេស៊ី​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ប៉ុន្តែ​ផែនទី​រូប​អណ្តាត ឬ​ផែនទី​៩ ចំណុច របស់​ចិន​នោះ​គ្របដណ្តប់​លើ​កោះ Natuna ដែល​ឥណ្ឌូនេស៊ី​ចាត់ទុកជា​របស់ខ្លួន​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com