អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​បង្កើន​ជំនួយ​ឲ្យ​ប្រទេស​អាស៊ី ស្របពេល​ដែល​ចិន​កំពុង​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​
10, Mar 2016 , 11:21 am        
រូបភាព
 
​រដ្ឋាភិបាល​ជប៉ុន​នឹង​បង្កើន​ជំនួយ​របស់ខ្លួន​ទៅ​ឲ្យ​ប្រទេស​អាស៊ី ជាពិសេស​រដ្ឋ​ជា​សមាជិក​អាស៊ាន ខណៈពេលដែល​មហា​យក្ស​កំពុង​បន្ត​វាតទី​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​របាយការណ៍​ជំនួយ​បរទេស​ប្រចាំឆ្នាំ ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន​ជប៉ុន Kyodo​។

 
​របាយការណ៍​ថ្មី​បំផុត​របស់​ក្រសួងការបរទេស​ជប៉ុន​ស្ដីពី​ជំនួយ​អភិឌ្ឍន៍​ផ្លូវការ (ODA) បង្ហាញ​ពី​គោលបំណង​របស់​ជប៉ុន​ក្នុងការ​រក្សា​តួនាទី​របស់ខ្លួន​ក្នុង​សមុទ្រ​ដ៏​សំខាន់ ដែល​រួមទាំង​តំបន់​អាស៊ីអាគ្នេយ៍​។ របាយការណ៍​ដែល​នឹងត្រូវ​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ខាងមុខ ចាត់ទុក​តំបន់​អាស៊ាន​ជា​ប្លុក​ដែលមាន​សារៈសំខាន់​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​នយោបាយ​។​
 
​បើតាម​ឯកសារ​ខាងលើ ជប៉ុន​មាន​គោលដៅ​ជំរុញ​តម្លៃ​សកល​ដែល​ផ្អែកលើ​ច្បាប់​នៅក្នុង​តំបន់​អាស៊ី​ខាងកើត ដូច្នេះហើយ ជប៉ុន​នឹង​ជួយ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ទាំងនោះ ក្នុងការ​ពង្រឹង​សន្តិសុខ​សមុទ្រ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ ជាមួយគ្នានេះ ជប៉ុន​ក៏មាន​បំណង​ជំរុញ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មាន​គុណភាព​ខ្ពស់ ដែល​នេះ​នឹងធ្វើ​ឲ្យ​តំបន់​អាស៊ី​ក្លាយជា​មជ្ឈមណ្ឌល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​ជួយ​បង្កើត​ការងារ ព្រមទាំង​ផ្ដល់​បច្ចេកវិទ្យា​ដល់​ប្រជាជន​ក្នុងស្រុក​ផងដែរ​។ 
 
​បន្ថែម​លើ​នេះ ជប៉ុន​ក៏​គ្រោង​នឹង​ពង្រីក​ការចំណាយ​លើ​ជំនួយ​របស់​ខ្លូន​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​គិត​ទាំង​បរិមាណ​និង​គុណភាព​ពី​ជំនួយ​ទាំងនេះ​។ នៅ​ឆ្នាំ​២០២០ ជប៉ុន​ជាមួយនឹង​ធនាគារ​អភិវឌ្ឍ​អាស៊ី នឹង​ព​ង្រី​ការ​ការវិនិយោគ​នៅ​តំបន់​អាស៊ី​ឲ្យ​ដល់​១១០​ពាន់​លាន​ដុល្លារ​។ 
 
​សូម​បញ្ជាក់ដែរថា កាលពី​ឆ្នាំមុន ជា​លើកដំបូង​ដែល​ជប៉ុន​បាន​កែសម្រួល​ច្បាប់​ស្ដីពី​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍ តាំងពី​ឆ្នាំ​២០០៣​។ ការកែសម្រួល​នេះ​បាន​គូសបញ្ជាក់​ពី​គោលជំហរ​របស់​ជប៉ុន​ក្នុងការ​ប្រើប្រាស់​ជំនួយ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន ស្រប​ពេលដែល​បរិបទ​ពិភពលោក​កំពុងតែ​ផ្លាស់ប្ដូរ​។   
 
​នៅក្រោម​ច្បាប់​ដែល​កែសម្រួល​នេះ ជំនួយ​របស់​ជប៉ុន​អាច​ប្រើ​បាន​សម្រាប់​គាំទ្រ​កងកម្លាំង​បរទេស​ក្នុង​ប្រតិបត្តិ​ការមិន​ប្រយុទ្ធ ដូចជា​ជំនួយ​ពេល​មាន​គ្រោះធម្មជាតិ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ល្បាត​ឆ្នេរសមុទ្រ​ជាដើម​។ កន្លងមក ជំំ​នួ​យ​ទៅ​បរទេស​របស់​ជប៉ុន ផ្ដោត​តែ​លើ​ការ​គម្រោង​សាងសង់​ផ្លូវថ្នល់ និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ប្រទេស​ទទួល​ជំ​នួ​៕        
 
 

Tag:
 ជប៉ុន​
 ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com