ពីនេះ ពីនោះ
តើ​ពាក្យ​«​ច្បាប់​អន្តរជាតិ​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
11, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ច្បាប់​អន្តរជាតិ​» ដូចខាងក្រោម​៖



​ច្បាប់​អន្តរជាតិ មានន័យថា ជា​ប្រព័ន្ធ​ស្ដីពី​សិទ្ធិ​និង​ភារកិច្ច​របស់​រដ្ឋ​នានា​នៅក្នុង​ទំនាក់ទំនង​រវាង​រដ្ឋ​ទាំងនោះ​។ ច្បាប់​អន្តរជាតិ​ផ្អែកលើ​ទស្សនាទាន​នៃ​សមភាព​និង​អធិបតេយ្យ​របស់​រដ្ឋ​នានា​និង​ផ្អែក​ទាំងស្រុង​ទៅលើ​ការព្រមព្រៀង​រវាង​រដ្ឋ​ទាំងនោះ​។ ម្យ៉ាងទៀត ច្បាប់​អន្តរជាតិ​គឺជា​សំណុំ​នៃ​គោលការណ៍​និង​វិធាន​ដែល​គ្រប់គ្រង​លើ​សិទ្ធិ​និង​ភារកិច្ច​របស់​រដ្ឋ​នានា អង្គការ​អន្តរជាតិ​នានា និង​មនុស្ស​ទូទៅ នៅក្នុង​ទំនាក់ទំនង​របស់​ពួកគេ​នៅលើ​ពិភពលោក​។ ច្បាប់​អន្តរជាតិ​ផ្ដល់នូវ​ម​គ្គុ​ទ្ទេសន៍​សម្រាប់​សកម្មភាព​របស់​រដ្ឋ​ជា​សមាជិក និង​ផ្ដល់នូវ​វិធីសាស្ត្រ​សម្រាប់​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​នានា​ដោយ​សន្តិវិធី និង​ដោយ​យោងតាម​បទដ្ឋាន​ដែល​បាន​យល់ស្រប​ទាំងអស់គ្នា​ជាជាង​ប្រើ​កម្លាំងបាយ​។

​ជាទូទៅ​ច្បាប់​អន្តរជាតិ​មាន​គោលដៅ​គ្រប់គ្រង​រាល់​សកម្មភាព​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​រវាង​រដ្ឋ​និង​រដ្ឋ ប៉ុន្តែ​បច្ចុប្បន្ននេះ ច្បាប់​អន្តរជាតិ​ក៏​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើងទៅ​លើ​បុគ្គល​នានា​ផងដែរ ជាពិសេស ការប្រព្រឹត្ត​របស់​រដ្ឋ​ទៅលើ​បុគ្គ ឬក៏​សកម្មភាព​បុគ្គល​ទៅលើ​រដ្ឋ​។  ដូច្នេះហើយ ទាំង​បុគ្គល ក៏ដូចជា​ប្រទេស​នានា មាន​កាតព្វកិច្ច​និង​សិទ្ធិ​នៅក្រោម​ច្បាប់​អន្តរជាតិ​នានា​។​

​ឧទាហរណ៍ ៖ ចំពោះ​ប្រទេស​ជា​សម​ជិ​ក​នៃ​អង្គការសហប្រជាជាតិ គេ​មានច្បាប់​អន្តរជាតិ​ដែល​ប្រទេស​ជា​សមាជិក​ត្រូវតែ​គោរព​និង​អនុវត្ត​ទៅតាម​គោលការណ៍​នៃ​ច្បាប់​ដែល​បានអនុម័ត​។ ជាក់ស្ដែង​នៅ​ថ្ងៃ​០២ សីហា ១៩៩០ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ១៩៩១ ប្រទេស​អ៊ឺ​រ៉ា​ក់បាន​ធ្វើសង្គ្រាម​ឈ្លានពាន​ប្រទេស​កូ​វ៉ែត ហើយ​ពេលនោះ គេ​បាន​យក​ច្បាប់​អន្តរជាតិ​ទៅប្រើ ដោយ អង្គការសហប្រជាជាតិ​បាន​ចាត់​កងកម្លាំង​សន្តិសុខ​ទៅ​បង្ក្រាប​ប្រទេស​អ៊ឺ​រ៉ា​ក់ដោយ​ជោគជ័យ​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com