អន្តរជាតិ
គ្មាន​ជំនួប​លោក អូ​បា​ម៉ា ជាមួយ​លោក ហ្វី​ដែល​កា​ស្ត្រូ នៅ​គុយបា​ឡើយ​
10, Mar 2016 , 4:02 pm        
រូបភាព
​លោក ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នឹងមិន​ជួប​ជាមួយ​មេដឹកនាំ​បដិវត្តន៍​គុយបា ហ្វី​ដែល កា​ស្ត្រូ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចុងខែ​មីនា​នេះ​។ ប៉ុន្តែ​មន្ត្រី​អាមេរិក​បញ្ជាក់ថា ទោះបីជា​មានការ​ប្រឆាំង​ពី​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណាក៏ដោយ លោក​អូ​បា​ម៉ា នឹង​ជួប​ជាមួយ​សកម្មជន​នយោបាយ​ដែល​ប្រឆាំង​រដ្ឋាភិបាល​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​សហរដ្ឋអាមេរិក​បាន​អះអាងថា មិនមាន​ជំនួប​ទ្វេភាគី​រវាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជាមួយ​លោក ហ្វី​ដែល កា​ស្ត្រូ (Fidel Castro) មេដឹកនាំ​បដិវត្តន៍ និង​ជា​បងប្រុស​ប្រធានាធិបតី​គុយបា​បច្ចុប្បន្ន នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់លោក ទៅកាន់​ប្រទេស​គុយបា​ពីថ្ងៃ ២០ ដល់ ថ្ងៃ ២២ មីនា​ឡើយ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ពុធ​ទី ៩ មីនា ទីប្រឹក្សា​សន្តិសុខ​រង​អាមេរិក លោក Ben Rhodes  បាន​បំភ្លឺថា ក្នុងពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក​នឹង​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) តែ​គ្មាន​ជំនួប​ជាមួយ​លោក ហ្វី​ដែល កា​ស្ត្រូ ។​

​លោក​ថា ៖« យើង​មិនបាន​ជជែក​គ្នា​ពី​ជំនួប​នេះ​ទេ ហើយ​យើង​ក៏ នឹងមិន​ស្វែងរក​ឱកាស​ដើម្បី​រៀបចំ​កិច្ចប្រជុំ​នេះដែរ​»​។​

​តាមពិតទៅ កាលដើមឡើយ មន្ត្រី​អាមេរិក​មិនបាន​បញ្ជាក់​ច្បាស់​បែបនេះ​ឡើយ គ្រាន់តែ​លើកឡើងថា អាមេរិក​មិន​រំពឹងថា​មាន​ជំនួប​រវាង​មេដឹកនាំ​អាមេរិក​និង​មេដឹកនាំ​បដិវត្តន៍​គុយបា​នេះឡើយ​។ លោក ហ្វី​ដែល កា​ស្ត្រូ ឡើងកាន់​អំណាច​ឆ្នាំ ១៩៥៩ តាមរយៈ​ចលនា​បដិវត្តន៍ ហើយ​លោក​បាន​កាន់តំណែង​អស់​ពេល ៤៩​ឆ្នាំ​។ លោក​ជា​មេដឹកនាំ​ម្នាក់​ដែល​ប្រកាន់​នយោបាយ​ប្រឆាំង​លោកខាងលិច​ជាពិសេស​អាមេរិក​តែម្តង​។​

​ទោះជា​មិនមាន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​បដិវត្តន៍​គុយបា​ក៏ដោយ លោក អូ​បា​ម៉ា ត្រៀម​ខ្លូន​រូ​ច​ជាស្រេច​ហើយ​ដើម្បី​ជួប​ជាមួយ​បណ្តា​សកម្មជន​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​គុយបា ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​រង​ទុក្ខ​បុក​ម្នេញ​និង​រង​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​គុយបា​។

​ទីប្រឹក្សា​សន្តិសុខ​រង​ខាងលើ អះអាង ទោះ​ជាមាន​ឧបសគ្គ​ឬ​មានការ​ជំទាស់​ពី​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណាក៏ដោយ ក៏​លោក អូ​បា​ម៉ា នឹង​ជម្នះ​ជួប​ជាមួយ​បណ្តា​សកម្មជន​ទាំង​នោះដែរ​។ ប៉ុន្តែ​លោក មាន​ទំនុកចិត្ត​ថា របប​ដឹកនាំ​គុយ​បាន​នឹងមិន​បង្កបញ្ហា​អ្វី​ដើម្បី​រារាំង​លោក អូ​បា​ម៉ា ឡើយ​នៅពេល​ខាងមុខ​។​

​ក្រៅពីនេះ លោក Ben Rhodes ក៏​សង្កត់ធ្ងន់​ផងដែរ​ថា ទោះជា​អាមេរិក​ចង់​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​និង​គុយបា​ក៏ដោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​យក​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ​ដើម្បី​ជា​លេស​បិទ​វិទ្យុ​និង​ទូរទស្សន៍​របស់​អាមេរិក​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ឃោសនា​ប្រឆាំង​របប​កុម្មុយនីស្ត​នៅលើ​កោះ​គុយបា​នោះទេ​។ កម្មវិធី​ផ្សព្វផ្សាយ​និង​ឃោសនា​ប្រឆាំង​របប​ដឹកនាំ​គុយ​បាន​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៨៣​មកម្ល៉េះ​។​

​យ៉ាងណាក៏ដោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពិតជា​មានបំណង​ចង់​លើក​ស្ទូ​យ​ទំនាក់ទំនង​ជាមួយ​គុយបា និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅក្នុង​សង្គម​គុយបា​ដែរ តាមរយៈ​ការបញ្ចប់​ភាព​ឯកោ​នៃ​កោះ​គុយបា​នេះ​។ លោក​ចង់​ឲ្យ​មានការ​បញ្ចប់​ការហ៊ុំព័ទ្ធ​និង​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​គុយបា មុនពេល​លោក​ចាក​ចេញពី​តំណែង ប៉ុន្តែ​បំណង​របស់លោក​ពិបាក​សម្រេចបាន​ដោយសារ​វា​ត្រូវការ​ការសម្រេច​ពីស​ភា​។ បណ្តា​សមាជិក​បក្ស​សាធារណរដ្ឋ​ជំទាស់​រួចទៅហើយ ចំពោះ​ផែន​ការដក​ទណ្ឌកម្ម​ប្រឆាំង​គុយបា​នេះ ព្រោះ​គេ​មិន​ជឿថា ប្រើ​នយោបាយ​ទន់ភ្លន់​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​គុយបា​ឡើយ​។​

​សូមបញ្ជាក់ថា សត្រូវ​ចាស់​គុយបា​និង​សហរដ្ឋអាមេរិក​បានសម្រេច​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ​នៅ​ចុងឆ្នាំ ២០១៤ ហើយ​នៅក្នុង​ខែកក្កដា ឆ្នាំ ២០១៥ ប្រទេស​ទាំងពីរ​សម្រេច​បើក​ស្ថានទូត​រៀងខ្លួន​ឡើងវិញ​។ ការផ្សះផ្សា​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​សត្រូវ​ទាំងពីរ​នេះ​កើតឡើង​ដោយ​ការប្រឹងប្រែង​ចរចា​គ្នា​ជាសម្ងាត់​រវាង​លោក អូ​បា​ម៉ា និង​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ក្រោម​ការ​ជ្រោមជ្រែង​របស់​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស​៕


Tag:
 គុយបា​
  អាមេរិក​
  អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com