អន្តរជាតិ
ហ្វីលីពីន សុំ​ជួល​យន្តហោះ​ចម្បាំង​ជប៉ុន​ជួយ​សម្រួល​នាវា​ល្បាត​ប្រឆាំង​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​
10, Mar 2016 , 5:04 pm        
រូបភាព
ដោយ:
​ភាព​តានតឹង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ជំរុញ​ឲ្យ​ហ្វីលីពីន​ត្រូវ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នៃ​ការពង្រឹង និង​បង្កើន​វិស័យ​ការពារជាតិ​ពី​ការប្រឆាំង​និង​ទប់ស្កាត់​ក្រុម​ឧទ្ទាម មក​ផ្តោត​សំខាន់​លើ​ការការពារ ដែន​អធិបតេយ្យ ពោលគឺ​ប្រឆាំងនឹង​ការ​វាតទី​របស់​ចិន ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​វិញ​។ ដើម្បី​បង្កើន​សមត្ថភាព​ការ​ល្បាត​នៅក្នុង​តំបន់​ជម្លោះ រដ្ឋាភិបាល​ក្រុង​ម៉ានីល ប្រកាស​សុំ​ជួល​យន្តហោះ​ចម្បាំង​បន្ថែម​ពី​ជប៉ុន​ក្នុងការ​សម្រួលការ​ល្បាត​របស់​នាវា​ល្បាត​នៅ​តំបន់​នោះ​។​



​លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ (Benigno Aquino) នៅ​ថ្ងៃទី​០៩ ខែមីនា ម្សិលមិញ បានប្រកាសថា ហ្វីលីពីន ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ជួល​យន្តហោះ​ចម្បាំង​៥​គ្រឿង​ពី​ជប៉ុន​ដើម្បី សម្រួល​ប្រតិបត្តិការ ការពារ និង​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ការអះអាង​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​ការផ្តល់​សុន្ទរកថា​នា​មូលដ្ឋាន​កងទ័ពអាកាស​ក្បែរ​រដ្ឋធានី ម៉ានីល​។​

​លោក ប៊ែ​រ​នី​ណូ បាន​អះអាងថា​កិច្ចព្រមព្រៀង​នៃ​ការជួល​យន្តហោះ​ចម្បាំង​របស់​ជប៉ុន​ប្រភេទ TC-90​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ក្នុងការ​ការពារ​អធិបតេយ្យ​ហ្វីលីពីន និង​ពិសេស​នោះ ដើម្បី​ជួយ​សម្រួល និង​បន្ថែម​សមត្ថភាព​នាវា​ល្បាត​របស់​ហ្វីលីពីន​ដែល​កំពុងតែ​ប្រតិបត្តិ​ការការពារ​សមុទ្រ​ខាងលិច​ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្តី​ដែល​លោក​ថា  កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ការមកដល់​នៃ​យន្តហោះ​ចម្បាំង​នោះ មិនទាន់​កំណត់​ច្បាស់លាស់​នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ហ្វីលីពីន លោក Restituto Padilla បានបញ្ជាក់​បន្ថែមថា កិច្ចព្រមព្រៀង ជួល​យន្តហោះ​របស់​ជប៉ុន ត្រៀម​នឹង​បញ្ចប់​ហើយ តែ លោក​ថា តម្លៃ​ជួល និង​ពេល​កំណ​ត់នៃ​ការជួល នោះ​មិនទាន់​បានកំណត់​នៅឡើយ​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ អវត្តមាន​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​រវាង​ភាគី​ពាក់ព័ន្ធ បាន ធ្វើ​ឲ្យ​ជម្លោះ​នេះ ឈានទៅដល់​ការប្រឈមមុខ​ទាំង​ផ្នែក​ការទូត និង​ការបង្ហាញ​សាច់ដុំ​ផ្នែក​យោធា​ជាពិសេស​នោះ នៅពេលដែល​ចិន បាន​និង​បន្ត​វាតទី​ក្នុង​តំបន់​ជម្លោះ​ដោយ​ឯកតោភាគី​ក្រោម​ហេតុផល​នៃ​ការកើនឡើង​នៃ​តម្រូវការ​របស់ ប្រជាជន​ភ្ជាប់​ជាមួយនឹង​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ​នៃ​ការកាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​នោះ​។​

​ការវិវត្ត​នៃ​ជម្លោះ​នេះហើយ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន បាន​បន្ត​បង្កើន​កញ្ចប់​ថវិកាជាតិ​ទៅលើ​វិស័យ​ការពារជាតិ​។ អ្វី​គួរកត់សម្គាល់​នោះ​រដ្ឋាភិបាល​ហ្វីលីពីន បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​បន្តិច​ពោលគឺ​ពី​ការផ្តោត​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​ក្នុងស្រុក ទៅជា​ការពង្រឹង​សមត្ថភាព​ការពារ​ដែន​អធិបតេយ្យ ដែល​កំពុងតែ​ប្រទាញប្រទង់​ជាមួយនឹង​ចិន​នោះ​៕

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com