អន្តរជាតិ
នយោបាយ​មី​យ៉ាន់​ម៉ា កំពុង​ធា្ល​ក់​ចូលក្នុង​ស្ថានភាព​សង្គ្រាម​ត្រជាក់​?
10, Mar 2016 , 5:10 pm        
រូបភាព
ដោយ:
​ចុងក្រោយ​បេក្ខជន​នៃ​ប្រធានាធិបតី​ដែល​នឹងត្រូវ​មក​ជំនួស​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន ត្រូវបាន​បង្ហាញ​នៅក្នុង​ថ្ងៃទី​១០ ខែមីនា​នេះហើយ​។ ដូចដែល​បានដឹង​មុន​ស្រាប់​ហើយ​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី មិនមាន​បេក្ខភាព​ដើម្បី​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បាន​នោះ បើទោះជា​លោកស្រី បាន​ព្យាយាម​ចរចា​ជាមួយនឹង​ក្រុម​យោធា​ជាច្រើនលើក​ច្រើនសារ​ដើម្បី​សុំ​កែ​ច្បាប់កំពូល​នៃ​ប្រទេស​ក៏ដោយ​។ ការមិន​ដាច់ស្រេច​នេះហើយ​បាន​ក្លាយជា​ចំណោទបញ្ហា​មួយ​ដែល​សង្គ្រាមត្រជាក់​រវាង​លោកស្រី​ស៊ូ​ជី និង​មេ​យោធា​ត្រូវ​កើតឡើង​ក្នុងអំឡុងពេល​អាណត្តិរ​ដ្ឋា​ភិ​បាល​ថ្មី​នេះ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ដូចដែល​បានកំណត់​នៅថ្ងៃនេះ សភា​សភាព​មី​យ៉ាន់​ម៉ា បានប្រកាស​បេក្ខជន​ប្រធានាធិបតី​ដែលមាន ទាំង​បេក្ខជន​មកពី​បក្ស​សំឡេង​ភាគច្រើន និង​បេក្ខជន​បក្ស​សំឡេង​ភាគតិច​នៅក្នុង​សភា​ផងដែរ​។ ដោយសារតែ​មិនអាច​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន លោកស្រី តែងតាំង​ជំនួយការ​របស់លោក​ស្រី មួយរូប​គឺ​លោក Htin Kyaw ជា​បេក្ខជន​ប្រធានាធិបតី ដែល​នឹងត្រូវ​បោះឆ្នោត​សម្រេច និង​ផ្តល់​សេចក្តីទុកចិត្ត​នៅ​ស​បា្ហ​ហ៍​។ បើទោះបីជា​លោក Htin Kyaw ពេលនេះ​នៅត្រឹមតែ​ជា​បេក្ខជន​ប្រធានាធិបតី​ក៏ដោយ តំណែង​នេះ គ្មាន​អ្វីដែល​ត្រូវ​ព្រួយបារម្ភ​ឡើយ ដ្បិត​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រ​ធា​ធិបតី​មាន សំឡេង​លើសពី​៥០​បូក​មួយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ទៅទៀត​។​តែ​អ្វីដែល​គេ កំពុងតែ​មានប​ន្ទិ​ល​នោះ​គឺថា​តើ​លោកស្រី​ស៊ូ​ជី អាចមាន​ចំណែក​អ្វីខ្លះ​ក្នុងការ​ដឹកនាំ​អាណត្តិ​ថ្មី​នេះ​។​

១. ទោះ​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ​លោកស្រី​ស៊ូ​ជី​នៅតែ​ជា​អ្នកដឹកនាំ​សំខាន់​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​?
​គិត​ចាប់ពី​ដឹងថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បាន​នាំមុខ និង​អាចមាន​លទ្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯងបាន លោកស្រី ស៊ូ​ជី ដែលជា​ប្រមុខ​បក្ស​ឈ្នះឆ្នោត បាន​បន្ត​កិច្ចប្រឹងប្រែង​ក្នុង ការចរចា​ជាមួយនឹង​មេដឹកនាំ​យោធា​ដែល​បាន​កាប់​កាន់អំណាច​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ចាស់​។ ហើយ​គោលបំណង​នៃ​ការចរចា​តាមរយៈ​វប្បធម៌​សន្ទនា​នោះ​គឺ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការផ្ទេរអំណាច ដោយ​សន្តិវិធី ពោលគឺ​ជាការ​បញ្ចៀស​ប្រវត្តិសាស្ត្រ​ជាន់​ដាន​ជាថ្មី​ដូច​ឆ្នាំ​១៩៩០​។ ជាពិសេស រឿង​ដែល​មិនអាច​ប្រកែក​បាន​នោះ គឺ​ការព្យាយាម​ចរចា​របស់​លោកស្រី ដើម្បី​សុំ​ការគាំទ្រ​ពី​មេ​យោធា​កែប្រែ ឬ​ព្យួរ​រដ្ឋធម្មនុញ្ញ ដើម្បី​បើកផ្លូវ​ឲ្យ​លោកស្រី អាចឈាន​ទៅដល់​ក្តី​សុបិន​ក្នុងការ​ក្លាយជា​ប្រធានាធិបតី បាន​។ លោកស្រី ស៊ូ​ជី មិនអាច​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន​នោះទេ ដ្បិត​មានការ​ហាម ឃាត់​ដោយ​មាត្រា​៥៩ នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​។​

​តែ​ការចរចា​ចន្លោះ​បី​ទៅ​បួន​ខែ​មកនេះ ហាក់ដូចជា​មិនមាន​ពន្លឺ ឬ​ផ្កែ​ផ្កា​អ្វី​គួរកត់សម្គាល់​នោះទេ ពោលគឺ មិនមាន​លទ្ធភាព​ណាមួយ​ដែល​បង្ហាញថា​លោកស្រី អាចឈាន​ទៅកាន់​កាប់​តំណែង​ប្រធានាធិបតី​ដែលជា​ក្តី​សុបិន​របស់​លោកស្រី​។ យ៉ាងណាក៏ដោយ លោកស្រី ស៊ូ​ជី បាន​អះអាង​ជាច្រើនលើក​ច្រើនសារ​ហើយ​ថា លោក ស្រី នឹងមាន​តំណែង​ខ្ពស់​ជា​ប្រធានាធិបតី​ទៅទៀត ទោះបី​តំណែង​នោះ មិនមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មី​យ៉ាន់​ម៉ា​ក៏ដោយ​។

​អ្វី​គួរកត់សម្គាល់​នោះ បេក្ខជន​ប្រធានាធិបតី​លោក Htin Kyaw ដែល​លោកស្រី​ស៊ូ​ជី បានតែងតាំង និង​ត្រូវបាន​រំពឹងថា​នឹង​មក​ចូលកាន់​តំណែង​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន គឺជា​ជំនិត និង​ជា​មន្ត្រីជាន់ខ្ពស់​របស់លោក​ស្រី​ស៊ូ​ជី​តែម្តង​។ នេះ ក៏​មានន័យថា ការដឹកនាំ​មី​យ៉ាន់​ម៉ា​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​នេះ នឹងត្រូវ​ស្ថិតក្រោម​គោលនយោបាយ និង​ការបង្គាប់បញ្ជា​ពី​លោកស្រី​ដដែល​។​

២. សង្គ្រាមត្រជាក់​នឹង​កើតឡើង​ក្នុងអំឡុង​អាណត្តិ​ថ្មី​រដ្ឋាភិបាល​បក្ស​លោកស្រី​ស៊ូ​ជី​?
​ដូច​បានបញ្ជាក់​ក្តី​សុបិន​ធំ​របស់​លោកស្រី ស៊ូ​ជី គឺជា​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​។ តែ​ដើម្បី អាច​ទទួលបាន​តំណែង​នេះ វា​លុះត្រាតែ​មានការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ដែល​ទាមទារ​សំឡេងគាំទ្រ​៣​ភាគ ៤​នៃ​សំឡេង​សភា​សរុប​។ ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ​បក្ស​លោកស្រី​ស៊ូ​ជី មិនមាន​សំឡេង​គ្រប់គ្រាន់​នោះទេ សម្រាប់​ការធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នោះ ដ្បិត​២៥​ភាគរយ​នៃ​សំឡេង​សភា​បាន​កាន់​កាន់​ដោយ​ក្រុម​យោធា​ដែល​បាន​ប្រឆាំង​ក្តី​ប្រាថ្នា​លោកស្រី​ជាដាច់ខាត​ហើយ​នោះ​។ ហើយ​ចុង​ក្រោយនេះ លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ព្យាយាម​អស់ពី​លទ្ធភាព​ហើយ​ក្នុង​ការចរចា​ជាមួយនឹង​ប្រមុខ​យោធា លោក មិន អ៊ុង​ឡាំង តែ​គ្មាន​លទ្ធផល​នោះទេ ពោលគឺ​ការធ្វើ​វិសោធនកម្ម​មិនអាច​ធ្វើទៅ​រួច​បាន​នោះ ទេ​។ សម្រាប់​ក្រុម​យោធា ការកែប្រែ​អាចធ្វើ​ទៅបាន វា​លុះត្រាតែ​ប្រទេស​អាចមាន​សន្តិភាព និង​សន្តិសុខ​ពេញលេញ ដែល​មានន័យថា​ស្ថានភាព​មី​យ៉ាន់​ម៉ា ពេលនេះ ត្រូវការ​យោធា​ក្នុង​នយោបាយ​។​

​ជុំវិញ​បញ្ហា​នេះ លោក វិ​ន អូ (Win Oo) អតីត​សមាជិក​បក្ស​សហភាព​រួបរួម និង​អភិវឌ្ឍន៍​របស់លោក​ថេ​ន សេន និង​ជា​អ្នករៀបចំ​ការផ្ទេរ​តំណែង​ផងដែរ​នោះ បាន​អះអាងថា​ក្រុម​ទាហាន​បានទាមទារ​ច្រើន ពេក​ក្នុង​ដំណើរ​នៃ​ការ​ចរច​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Irrawaddy ដែល​បាន​ដកស្រង់​សម្តី លោក វិ​ន អូ ដែល​បាន​បន្ថែមទៀត «​ភាគី​ទាំងពីរ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ សង្គ្រាមត្រជាក់​និង​វាលពិឃាត​នយោបាយ​»​។​

​សង្គ្រាមត្រជាក់​នេះ មិនមែន​មានន័យថា​ជា​ប្រកួតប្រជែង​មនោគមនវិជ្ជា និង​ការប្រកួតប្រជែង​សព្វាវុធ ដូច​ទៅនឹង​សង្គ្រាមត្រជាក់​រវាង​រុស្ស៊ី និង​អាមេរិក​នោះទេ តែ​វា​ជាការ​ប្រកួតប្រជែង​ក្នុង​បរិបទ​នយោបាយ​ក្នុងស្រុក​មី​យ៉ាន់​ម៉ា រវាង​មេ​យោធា និង​ប្រមុខ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី ស៊ូ​ជី​។ នោះ​ក៏​មានន័យថា វា​ជា​ដំណាក់​មួយ​ដែល​លោកស្រី ព្យាយាម​បញ្ចូល​ឥទ្ធិពល​របស់លោក​ស្រី​ទៅក្នុង អាណត្តិ​រដ្ឋាភិបាល​ថ្មី បើទោះបីជា រដ្ឋធម្មនុញ្ញ​យោធា​បាន​ហាមឃាត់​ក៏ដោយ​៕


Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com