កីឡាជាតិ
ជាតិ
កីឡា​១១​ប្រភេទ បង្ហាញខ្លួន​ក្នុង​បុណ្យ​ទន្លេ ខណៈ​យប់​ដំបូង​មាន​មនុស្ស​រាប់ម៉ឺន​នាក់
11, Mar 2016 , 9:12 am        
រូបភាព
ដោយ: &
កំពង់ចាម​៖ កីឡា​១១​ប្រភេទ​នឹង​លើក​យកមក​ប្រកួត​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ដែល​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦​នេះ​។ ពិធីបុណ្យ​ទន្លេ​លើក​ទី​២​ឆ្នាំនេះ នឹង​ប្រព្រឹត្ត​នៅ​ទី​រួម​ខេត្តកំពង់ចាម ក្រោម​ប្រធានបទ​«​ទន្លេ​ស្អាត សហគមន៍​ល្អ​»​។ ខណៈ​យប់​ថ្ងៃទី​១០ មីនា ទោះបី​មិនមែនជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ពិធីបុណ្យ​ទន្លេ​ក៏ដោយ ប៉ុន្តែ គេ​សង្កេតឃើញ​មានការ​ចូលរួម​ពី​មនុស្ស​រាប់ម៉ឺន​នាក់​។ 



​កីឡា​ចំនួន​១១​ប្រភេទ ការប្រគំ​តន្ត្រី និង​ស្តង់​ជាច្រើន​បានរៀបចំ​រួចជាស្រេច ដើម្បី​ស្វាគមន៍​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ដែល​ប្រារព្ធ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​នៅ​ទី​រួម​ខេត្តកំពង់ចាម​។ ទន្ទឹមនឹងនេះ នៅ​យប់​ថ្ងៃទី​១០ មីនា មាន​ពលរដ្ឋ​ជាច្រើន បាន​សម្រុក​មក​ចូលរួម​រាប់ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ពិធីបុណ្យ​នេះ កាន់តែ​មាន​ភាព​អធិកអធម​។  

​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ទន្លេ​នេះ គណៈ​ក​ម្មា​ជាតិ​អូឡាំពិក​កម្ពុជា បាន​នាំយក​កីឡា​ចំនួន​១១​ប្រភេទ​មក​ចូលរួម មានដូចជា​៖ ការប្រកួត​រត់ប្រណាំង​កំសាន្ត ការប្រកួត​បាល់ទះ ការប្រកួត​ហែល​ទឹក កីឡា​ចំបាប់​បុរាណ កីឡា​ទូកក្តោង ប្រកួត​កីឡា​អុកចត្រង្គ ប្រដាល់​គុន​ខ្មែរ កីឡា​សម្តែង​លើទឹក អុំទូក​ប្រពៃណី​ខ្នាតតូច ឆ័​ត្រ​យោង និង​សី​ស្លាប​-​សីដក់​។​

គួរ​បញ្ជាក់ថា កន្លងមក ពិធីបុណ្យ​នេះ គឺ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តក្រចេះ ហើយ​បន្ទាប់ពី​មាន​គាំទ្រ​ពី​ពលរដ្ឋ​ជាច្រើន​នោះ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម បានរៀបចំ​ពិធីបុណ្យ​ទន្លេ​ជា​លើក​ទី​២ ក្រោម​ប្រធានបទ​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ស្ថិតនៅ​ទី​រួម​ខេត្តកំពង់ចាម​។ ពិធីបុណ្យ​នេះ មាន​គោលបំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​កំសាន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន និង​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ពលរដ្ឋ​នៅក្នុង​ខេត្តកំពង់ចាម និង​ពលរដ្ឋ​ទូទាំងប្រទេស​៕      
 

Tag:
 បុណ្យទន្លេ
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com