កីឡាជាតិ
ជាតិ
ល្បុក្កតោ អវត្តមាន​ក្នុង​បុណ្យ​ទន្លេ ខណៈ​កីឡា​២​ប្រភេទ​ត្រូវ​អភិវឌ្ឍន៍​សម្រាប់​កំពង់ចាម​
11, Mar 2016 , 3:15 pm        
រូបភាព
ដោយ:
 
​ក្នុងចំណោម​កីឡា​១១​ប្រភេទ​ដែល​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) សម្រេច​ដាក់​ឲ្យ​សម្តែង និង​ប្រកួត​នា​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ក្នុង​ទី​រួម​ខេត្តកំពង់ចាម គេ​សង្កេតឃើញ​មិនមាន​វត្តមាន​កីឡា​ល្បុក្កតោ នោះទេ ខណៈ​កីឡា​ពីរ​ប្រភេទ​ក្នុងចំណោម​កីឡា​ដែល​បាន​បង្ហាញខ្លួន​ក្នុង​បុណ្យ​ទន្លេ​ឆ្នាំនេះ ត្រូវបាន​លោក​អភិបាលខេត្ត​កំពង់ចាម លន់ លឹម​ថៃ ចាត់ទុកថា ជា​កីឡា​ដែល​ត្រូវ​អភិវឌ្ឍន៍​សម្រាប់​ខេត្តកំពង់ចាម​។​

 
​ទោះបី​បុណ្យ​ទន្លេ​លើក​ទី​២​នា​ខេត្តកំពង់ចាម​ឆ្នាំនេះ​មាន​កីឡា​១១​ប្រភេទ​ចូលរួម​ក៏ដោយ ក៏ប៉ុន្តែ​គេ​សង្កេតឃើញ​មិន​វត្តមាន​កីឡា​ល្បុក្កតោ​ក្នុង​កម្មវិធី​នេះឡើយ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ពន្យល់​ក្នុ្ង​ង​នាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​ថា ដោយ​តែ​សហព័ន្ធ​មួយ​នេះ​កំពុង​មានការ​មមាញឹក​ខ្លាំង ក្នុងការ​ហ្វឹកហាត់​ត្រៀម​សម្តែង ដើម្បី​បញ្ជ្រាប​ក្បាច់គុន​ល្បុក្កតោ​ក្នុង​កម្មវិធី​របស់​កង​យោធពល​នា​ថ្ងៃទី​២០ ខែ​មិនា ខាងមុខនេះ​។​
 
​លោក​បាន​បញ្ជាក់ថា​៖«​សហព័ន្ធ​កីឡា​ល្បុក្កតោ​ដែលមាន​ខ្ញុំ​ជា​ប្រធាន​មាន​ភាព​មមាញឹក​ខ្លាំង ឥឡូវនេះ​កំពុងតែ​ត្រៀម​ធ្វើការ​សម្តែង​ដោយ​សហការ​ជាមួយ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដូច្នេះ​ត្រូវ​ធ្វើការ​ច្រើន​។ អញ្ចឹង​ហើយ​នៅ​ថ្ងៃទី​២០ ខែ​មិនា ត្រូវ​ត្រៀមលក្ខណៈ​ដើម្បី​បង្ហាញ និង​បញ្ជ្រាប​ក្បាច់ល្បុក្កតោ នៅក្នុង​កម្មវិធី​របស់​កងយោធពល​ខេមរភូមិន្ទ​។ ហើយ​មួយទៀត​នៅ​ថ្ងៃទី​២៥ ក៏មាន​ការសម្តែង​ក្នុង​ការបិទ​កម្មវិធី​ផងដែរ អញ្ចឹង​ហើយ​ខ្ញុំ​បានដាក់​កម្មវិធី​ពេញ​អស់ហើយ​នៅ​ទីក្រុង​ភ្នំពេញ​សម្រាប់​ល្បុក្កតោ​»​។ 
 
​ទោះបីជា​មិនមាន​វត្តមាន​កីឡា​ល្បុក្កតោ​ក្នុង​កម្មវិធី​បុណ្យ​ទន្លេ​លើក​ទី​២​នៅក្នុង​ខេត្តកំពង់ចាម នេះ​ក្តី ប៉ុន្តែ​ខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បានដាក់​ប្រភេទ​កីឡា​ដែល​ស្រដៀង​ទៅនឹង​កីឡា​ល្បុក្កតោ​ដែរ គឺ​កីឡា​ចំបាប់​បូរាណ​។​«​ទោះបី​មិនបាន​ដាក់​ក្បាច់ល្បុក្កតោ​ក្នុង​កម្មវិធី​នេះ​ក្តី ប៉ុន្តែ​យើង​បាន​យក​ចំបាប់​បូរាណ ដែលជា​ប្រភេទ​ក្បាច់ល្បុក្កតោ​មួយ​ដែរ​។ ហើយ​ចំបាប់​បូរាណ​មុននឹង​គេ​ប្រកួត គេ​មានការ​ប្រកួត​គុនគ្រូ មានការ​សម្តែង​ច្រើន​ដែរ ហេតុដូច្នេះ​ហើយ​បានជា​យើង​យក​វា​មក ព្រោះ​ល្បុក្កតោ​កំពុង​មានការ​មមាញឹក​នៅ​ភ្នំពេញ​ដូច្នេះហើយ​យើង​មិនអាច​យកមក​បានទេ​»​។  
 
​ដោយឡែក លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​មាន​ប្រសា​ស៍​ថា ប្រភេទ​កីឡា​ដែលមាន​សក្តានុពល​សម្រាប់​ខេត្តកំពង់ចាម គឺ​កីឡាបាល់ទះ កីឡាហែលទឹក កីឡា​វាយ​សី និង​កីឡា​ប៉េតង់​។ ទន្ទឹមនឹងនេះ លោក​អភិបាល ក៏បាន​កត់សម្គាល់ឃើញ​ថា កីឡា​រត់ប្រណាំង និង​កីឡាប្រដាល់ ជា​ប្រភេទ​កីឡា​ដែល​នៅមាន​ភាពអន់ថយ និង​ត្រូវធ្វើ​ការអភិវឌ្ឍ​បន្ថែម​។ 
 
​ពាន់​ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍ​បន្ថែម ក៏ដូចជា​ពង្រីក​ប្រភេទ​កីឡា​ទាំងនេះ លោក លន់ លឹម​ថៃ បាន​បញ្ជាក់ថា​៖«​យើង​នឹង​ខិតខំ​ផ្សព្វផ្សាយ​នៅ​ថ្នាក់មូលដ្ឋាន​ដើម្បី​ឲ្យ​ឪពុកម្តាយ អាណាព្យាបាល បងប្អូន ធ្វើ​យ៉ាងម៉េច​ពិនិត្យមើល​ពី​ចំណង់​ចំណង់​ចំណូលចិត្ត សមត្ថភាព ឬ​កាយសម្បទា​កូនចៅ​របស់ខ្លួន ថា​តើ​វា​សាក​សម​ទៅនឹង​ប្រភេទ​កីឡា​ណាមួយ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​មាន​ចំណង់​ចំណូលចិត្ត​។ ហើយ​ទី​២ តាម​គ្រឹះស្ថានសិក្សា​នានា បញ្ហា​នេះ​ពិតជា​សំខាន់​ណាស់ វា​ជា​ព្រ​ភព​ធនធាន​ថ្នាល​ដ៏​សំខាន់ ព្រោះ​កីឡាករ​ដែល​ពូកែ​ទាល់​តែមាន​ថ្នាល​ដើម្បី​បណ្តុះបណ្តាល ហើយ​ការបណ្តុះបណ្តាល​វា​ផ្តើមចេញពី​ថ្នាក់​បឋម​រហូតដល់​ឧ​ត្ត​មសិ​ក្សា​»​។    
 
​នា​ពិធី​បិទ​ការប្រកួត​រត់ប្រណាំង​លក្ខណៈ​កម្សាន្ត​៣​គីឡូម៉ែត្រ និង​៥​គីឡូម៉ែត្រ ដែលមាន​អ្នកចូលរួម​ប្រកួត​ជាង ១,៧០០​នាក់ នៅមុខ​ទីស្នាក់ការ​ទេសចរណ៍​ខេត្តកំពង់ចាម លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា សម្រាប់​វត្តមាន​របស់​កីឡា​ទាំង​១១​ប្រភេទ​ក្នុង​ថ្ងៃបុណ្យ​ទន្លេ​នេះ​ជា​សារ​មួយ​ដែល​អាច​បំផុសទឹកចិត្ត​ប្រជាពលរដ្ឋ ក៏ដូចជា​យុវជន យុវនារី​ឲ្យ​កាន់តែ​មានការ​ស្រលាញ់​ចូលចិត្ត​កាន់តែខ្លាំង ជាពិសេស​អាច​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា ព្រោះ​កីឡា​នាំមក​នូវ​សាមគ្គីភាព ភាតរភាព និង​សុខ​ភាពល្អ​។ ហើយ​អ្វីដែល​សំខាន់​កីឡា​អាចធ្វើ​យុវជន យុវនារី ឃ្លាតឆ្ងាយ​ពី​គ្រឿង និង​ដាស់​ស្មារតី​របស់​ពួកគេ​បោះបង់​អ្វីដែល​ឥតប្រយោជន៍ ងាក​មករក​កីឡា​។ 
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​រត់ប្រណាំង​លក្ខណៈ​កំសាន្ត​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា នៅមុខ​ទីស្នាក់ការ​ទេសចរណ៍ ម្ចាស់​ជើងឯក​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​ផ្នែក​បុរស​បាន​ទៅ​កីឡាករ រ៉ាត់ សារិទ្ធ មកពី​សាលាខេត្ត​កំពង់ចាម ខណៈ​លេខ​២ និង​លេខ​៣ បាន​ទៅ រស់ សំណាង និង ពៅ សាមុត មកពី​អង្គការ​ភាព​ញញឹម​នៃ​កុមារ​រាជធានី​ភ្នំពេញ​។ វិញ្ញាសា​៥​គីឡូម៉ែត្រ​ផ្នែក​នារី​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ បាន​ទៅ មាស ធី​វ៉ា​, ឡា​ច គឹម​សា និង តេង រតនា មកពី​សាលា​ព្រះសីហនុ​។ 
 
​វិញ្ញាសា​៣​គីឡូម៉ែត្រ​ផ្នែក​បុរស បាន​ទៅ ហាក់ គា មកពី​អនុវិទ្យាល័យ​អនុវត្ត ខណៈ​លេខ​២​បាន​ទៅ តូច មុំ មកពី​សាកលវិទ្យាល័យ​កសិកម្ម និង​លេខ​៣ បាន​ទៅ ម៉េង សៀវ ហ៊ុយ មកពី​វិទ្យាល័យ​ព្រះសីហនុ​។ វិញ្ញាសា​៣​គីឡូម៉ែត្រ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ ខៀវ ផល្លា មកពី​វិទ្យាល័យ​ទួល​ថ្ម ខណៈ​លេខ​២ លី គឹម​សួរ មកពី​វិទ្យាល័យ​ទួល​ថ្ម និង​លេខ​៣​បាន​ទៅ ផាន់ សុខ​គា មកពី​វិទ្យាល័យ​ជ្រោយ​ថ្ម​៕     
 
    

Tag:
 បុណ្យ​ទន្លេ​
  ល្បុក្កតោ​
  វ៉ា​ត់ ចំរើន​
  លន់ លឹម​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com