កីឡាជាតិ
ជាតិ
បុណ្យ​ទន្លេ​៖ ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​បំបាក់​ក្រសួងមហាផ្ទៃ​ដោយ​លទ្ធផល​​ ៣-១
12, Mar 2016 , 2:28 pm        
រូបភាព
ដោយ:
ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បាន​បំបាក់​ក្រុម​ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣សិត ទល់នឹង ១សិត នា​ការប្រកួត​បាល់ទះ​ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​២  ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» នាទី​រួម​ខេត្តកំពង់ចាម ដែល​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែមីនា​។  

 
​មនុស្ស​ជាង​១​ពាន់​នាក់​បាន​ចូលរួម​ទស្សនាការ​ប្រកួត​បាល់ទះ ដើម្បី​អបអរ​ថ្ងៃទី​២ នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» នៅ​ទី​រួម​ខេត្តកំពង់ចាម រវាង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​ក្រសួងមហាផ្ទៃ នា​សាលាខេត្ត​កំពង់ចាម កាល​ព្រឹក​ថ្ងៃទី​១២ ខែមីនា  នេះ​។ បន្ទាប់ពី​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​មួយ​ព្រឹក​ពេញ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បាន​បំបាក់​ក្រុម​ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣សិត ទល់នឹង ១សិត សម្រាប់​ការប្រកួត​៤​សិត​របស់ខ្លួន​។​
 
​ទោះបីជា​យ៉ាងនេះ​ក្តី​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បាន​បាត់បង់​ឱកាស​ជា​មា្ច​ស់​ជ័យលាភី​ទៅហើយ ដោយសារ​ជា​លទ្ធផល​សម្រាប់​ការប្រកួត​៤​លើក​របស់​ក្រុម​នេះ​ទទួល​ជ័យជំនះ​២​លើក និង​ចាញ់​២​លើក​។ ខណៈ​ក្រុម​ក្រសួងមហាផ្ទៃ ទោះបីជា​រង​ការបំបាក់​ពី​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ក៏ដោយ ក៏ប៉ុន្តែ​ក្រុម​នេះ​នៅតែ​មានឱកាស​ក្នុង​ការទទួល​ជ័យលាភី ព្រោះ​សម្រាប់​ការប្រកួត​៣​លើក ក្រុម​នេះ​ទទួល​ជ័យជំនះ​២​លើក​និង​ចាញ់​១​លើក ហើយ​ក្រុម​នេះ​នឹងធ្វើ​ការប្រកួត​លើក​ទី​៤ ជាមួយ​ក្រុម​សាលាខេត្ត​កំពង់​ចា​ដើម្បី​កាត់ក្តី​សម្រាប់​ជ័យជំនះ​របស់ខ្លួន​។  
 
​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទះ​ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ឆ្នាំ​២០១៦ នាទី​រួម​ខេត្តកំពង់ចាម​មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​៥​ក្រុម​គឺ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុម​ក្រសួងមហាផ្ទៃ ក្រុម​វិសាខា​របស់​ខេត្តព្រៃវែង ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ក្រុម​សាលាខេត្ត​កំពង់ចាម​។ ប៉ុន្តែ​ក្រុម​ដែលមាន​ឱកាស​ក្នុង​ការទទួល​ជ័យលាភី​មានតែ​៣​ក្រុម​ប៉ុណ្ណោះ​គឺ​ក្រុម​ក្រសួងមហាផ្ទៃ ក្រុម​វិសាខា និង​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ ខណៈ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ម្ចាស់ផ្ទះ​សាលាខេត្ត​កំពង់ចាម ទោះបី​នៅសល់​ការប្រកួត​មួយ​ជើង​ទៀត​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ​បាន​ធ្លាក់​ពី​ជ័យលាភី​ទៅហើយ​៕ 
 
  

Tag:
 បុណ្យទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com