ពីនេះ ពីនោះ
ស្មោះត្រង់ បង់​ឋានៈ (​វគ្គ​២)
12, Mar 2016 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
 ​បន្ទាប់ពី​ត្រូវ​ដកហូត​តំណែង​ជា​អភិបាលខណ្ឌ​រួចមក សារុន បាន​ទៅសម្ងំ​រស់នៅ​ជាមួយ​ភរិយា​របស់គាត់​នៅឯ​ជាយក្រុង​។ លោក សារុន វ័យ​៤៣​ឆ្នាំ ត្រូវ​រស់នៅ​ក្រោម​ការ ចំណាយ​ថវិកា​របស់​ភរិយា​របស់គាត់ តែ​គាត់​មិនដែល​អស់សង្ឃឹម​ក្នុង​ជីវិត​ម្តងណា​ឡើយ ក្នុង​ការតស៊ូ​រស់នៅ​ប្រចាំថ្ងៃ​។

 
​សារុន តែងតែ​ទៅ​ហូប​ការ​ហ្វេ មើល​កម្មវិធី​ប្រដាល់ ឬ​បាល់ទាត់ ជាមួយ​អ្នកភូមិ​ជាយក្រុង​យ៉ាង​ស្ងប់ស្ងាត់ ប្រៀប​បានជា​មនុស្ស​សាមញ្ញ​ម្នាក់​។ ពេលខ្លះ សារុន អង្គុយ​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការវិភាគ​នយោបាយ និង​មតិ​រិះគន់​របស់​អ្នកភូមិ​។ 
 
​ពេលខ្លះ​លោក សារុន ងក់ក្បាល​ហាក់​បង្ហាញ​ពី​ការយល់ស្រប​ចំពោះ​ការលើកឡើង​របស់​អ្នកភូមិ​។ លោក សារុន មិនដែល​ជំទាស់ ឬ​ប្រមាថ​រាល់​ការលើកឡើង​នេះ​ទេ ប៉ុន្តែ​ជាទូទៅ​លោក សារុន តែងតែ​លើកយក​គំនិត​អ្នកភូមិ​ទាំងនេះ មក​ពិចារណា និង​ពិភាក្សា​ជាមួយ​ភរិយា ដ៏​មាន​សម្រស់​របស់លោក​។ ភរិយា​របស់លោក សារុន ក៏​តែងតែ​គាំទ្រ និង​លើកទឹកចិត្ត​លោក សារុន ផងដែរ ព្រោះ​ខ្លាច​លោក សារុន បាក់​ទឹកចិត្ត ក្រោយពី​ធ្លាក់​តំណែង ធ្វើ​ឲ្យ​លោក​សារុន​រីករាយ​ជានិច្ច​ទោះបីជា​គ្មាន​អំណាច​ក្តី​។​
 
​ព្រឹក​ថ្ងៃមួយ ខណៈពេល​លោក សារុន កំពុង​អង្គុយ​ទទួលទាន​គុយទាវ កាហ្វេ ជាមួយ អ្នកភូមិ​ដូច​រាល់ដង ស្រាប់តែ​ក្រុមនគរបាល​ព្រហ្មទណ្ឌ​មួយក្រុម ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ រួមជាមួយ​ព្រះរាជអាជ្ញា​ផង​បាន​មកដល់ ហើយ​ចាប់ខ្លួន​លោក សារុន ម្តងទៀត​។ លោក​ព្រះរាជអាជ្ញា​បាន​ប្រា​ប់លោក សារុន ថា លោក សារុន ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ កាលពី​កំពុង​មានអំណាច ហើយ​ការចាប់ខ្លួន​នេះ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ទទួល​ពាក្យបណ្តឹង​ត​ពី​ស្ត្រី​អ្នកជំនួញ ដែលមាន​ខ្នង​ក្រាស​ម្នាក់​។ លោក សារុន ត្រូវបាន​ស្ត្រី វ័យ​ជា​៣០​ឆ្នាំ​ម្នាក់​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីបទ​ជម្រិត​ទារប្រាក់​មិនបាន​សម្រេច កាលពី​ឆ្នាំមុន នៅពេល​ស្ត្រី​រូបនេះ ធ្វើលិខិត​សុំ​សាងសង់​លំនៅដ្ឋាន​លក្ខណៈ​ជា​ភូមិគ្រឹះ នៅជាប់​មាត់ច្រាំង និង​ដងផ្លូវ​។ 
 
​លោក សារុន ពុំបាន​តមាត់ ឬ​សួរនាំ​អ្វី​ទេ ព្រោះ​លោក​ជឿជាក់​លើ​ខ្លួន​លោក​ថា លោក​ពុំ​បានធ្វើ​អ្វី​ខុស ម្យ៉ាង​លោក​មិន​ចង់​និយាយ​អ្វី​វែងឆ្ងាយ និង​ត្រូវ​ទុក​តួនាទី​នេះ​ឲ្យ​ទៅ​មេធាវី​របស់លោក​។ ឯ​ក្រុម​កង​នគរបាល និង​ព្រះ​អាជ្ញា បាន​នាំខ្លួន​លោក​មកកាន់​តុលាការ និង​ប្រគល់​ភារកិច្ច​នេះ ឲ្យ​ទៅ​ចៅក្រម​ស៊ើបសួរ សួរនាំ​លោក​សារុន​បន្ត​។ នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ លោក សារុន បាន​និយាយ​ដដែលៗ​ថា លោក​មិនបាន​ធ្វ់​អ្វី​ខុស​ទេ​។ លោក​ជឿជាក់​លើ​ខ្លួនឯង ព្រោះ​ការឡើង​កាន់អំណាច​រប​ស់លោក គឺ​មិនមែន​កើតឡើង​ដោយសារ​ការ​សូកប៉ាន់​នោះទេ​។ លោក​សារុន បានទាមទារ​ឲ្យ​លោក​ចៅក្រម​ដោះលែង​ខ្លួន​ជា​បណ្តោះអាសន្ន និង​រង់ចាំ​មេធាវី​របស់លោក​មក​ឆ្លើយ​សំណួរ​របស់​ចៅក្រម​។ 
 
​លោក​ចៅ ក្រម​ស៊ើ​សួរ មិនបាន​យល់​ស្របតាម​ការលើកឡើង​របស់លោក សារុន ឡើយ ហើយ​លោក​ចៅក្រម បានសម្រេច​ចិត្ត​ឃុំខ្លួន​លោក​សារុន​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​
​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ ប្រកាស​ឃុំខ្លួន លោក សារុន គ្មាន​តក់ស្លុត​បន្តិច​ឡើយ ព្រោះ​លោក​មិនបាន​ធ្វើ​អ្វី តាម​ការចោទប្រកាន់​នេះ​ទេ​។ លោក សារុន បែរជា​អស់សំណើច​ចំពោះ​ការចោទប្រកាន់​របស់លោក​ចៅក្រម​ទៅវិញ ប៉ុន្តែ លោក​នៅតែ​ជឿជាក់ថា នៅពេល​មេធាវី​លោក​មកដល់ លោក​នឹង​ត្រូវបាន​ធានា​ឲ្យ​នៅក្រៅ​ឃុំ​បាន​។ 
 
​មិនយូរប៉ុន្មាន មេធាវី​របស់លោក​បាន​មក ដល់​ហើយ​បានដាក់​ពាក្យសុំ​ធានា​លោក សារុន ឲ្យ​នៅក្រៅ​ឃុំ ព្រោះ សារុន ពុំបាន​ប្រព្រឹត្ត​អំពើ ពុករលួយ ដូច​ក្នុង​ពាក្យបណ្តឹង​នោះឡើយ​។ លោក​មេធាវី​លើកឡើងថា ការប្តឹង​លោក សារុន ធ្វើឡើង គឺ​ដោយសារ​គំនុំ​គុំ​គួ​ន និង​ឈ្នានីស​ប៉ុណ្ណោះ ពុំមែន​ជា​រឿង​ពិត​ឡើយ​។ មេធាវី​លោក សារុន បាន​អះអាង​ទៀតថា លោក សារុន ជា​មនុស្ស​ស្អាតស្អំ និង​ស្មោះត្រង់​ម្នាក់​។ បើសិនជា លោក សារុន ពិតជា​បាន​ប្រព្រឹត្ត​កំហុស ដូច​ការលើកឡើង​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​ដូច​ការចោទប្រកាន់​រប​ស់​ចៅក្រម​មែន ម្ល៉េះ លោក សារុន មិន​នៅ​សម្ងំ​ឲ្យ​គេ​មក​ចាប់ខ្លួន ដោយ​ស្រួល​នោះទេ​។​
 
​ទោះបី​យ៉ាងនេះ​ក្តី ក៏​លោក​ចៅក្រម នៅតែ​មិន​អនុញ្ញាត​ឲ្យ​លោក សារុន នៅក្រៅ​ឃុំ​ដែរ ហើយ​បានសម្រេច​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ចៅក្រម​ជំនុំជម្រះ ដើម្បី​ជំនុំជម្រះ​។​
 
​មិនយូរប៉ុន្មាន ថ្ងៃ​ជំនុំជម្រះ​បានមក​ដល់​។ ដោយ​ឈរ​នៅក្នុង​រង្វង់​ក្រចកសេះ ក្នុង​សាល​ជំនុំជម្រះ ដែល​គ្មាន​ម៉ាស៊ីនត្រជាក់ និង​អវត្តមាន​ដើមបណ្តឹង លោក សារុន បាន​ប្រាប់​ទៅ​ចៅក្រម​ជំនុំជម្រះ​ទាំងបី​នាក់ ដោយ​គ្មាន​តក់ស្លុត​ថា ខ្ញុំ​សូម​ជម្រាប​លោក​តុលាការ​ថា អ្វីដែល​គេ​ចោទ ប្រកាន់​នេះ គឺជា​ការ​មួយ​បង្កាច់បង្ខូច​ឈ្មោះ​ខ្ញុំ​ទេ​។ ខ្ញុំ​មិនបាន​ធ្វើ​ទង្វើ​គ្មាន​សីលធម៌​ស្មើនឹង​ទោស​ក្បត់ជាតិ​នេះ​ទេ ប៉ុន្តែ​អ្វី ដែល​ខ្ញុំ​ធ្វើ គឺ​ដោយសារ​ខ្ញុំ​ស្រលាញ់​ជាតិ​របស់ខ្ញុំ ស្មោះត្រង់​ចំពោះ​ជាតិ​របស់ខ្ញុំ ជាពិសេស​ខ្ញុំ​ត្រូវការ​ឲ្យ​ខណ្ឌ​របស់​ក្លាយជា​ខណ្ឌ​គម្រូ ក្នុងការ​អភិវឌ្ឍ ប្រកបដោយ​បរិស្ថាន និង​ផាសុកភាព​។ ខ្ញុំ​មិន​ត្រូវការ​ឲ្យ​ខណ្ឌ​របស់ខ្ញុំ ដូច​ខណ្ឌ​នានា ដែល​គ្មាន​សណ្តាប់ធ្នាប់ គ្មាន​របៀបរបប ក្នុងការ​រស់នៅ​ទេ​។​
 
​ស្តាប់​ការពន្យល់​របស់លោក​សារុន​ហើយ ប្រធាន​ចៅក្រម​ជំនុំជម្រះ បាន​សួរ​លោក​សារុន​បន្ត ថា លោក​ថា លោក​ជាម​នុស្ស​ស្មោះត្រង់ និង​ស្រលាញ់​ប្រជាជន ស្រលាញ់​ការអភិវឌ្ឍ ចុះ​ហេតុអ្វី បានជា​ប្រជាពលរដ្ឋ គ្រាន់តែ​សុំ​សង់​លំនៅដ្ឋាន លោក​បែរជា​មិន​អនុញ្ញាត ហើយ​បែរជា​ទាមទារ​ឲ្យ​គេ​បង់ប្រាក់​ឲ្យ​ខ្លួន​ចំនួន​បី​ម៉ឺន​ដុល្លារ​បន្ថែមទៀត​។ ចំពោះ​រឿងនេះ តើ​លោក​ដោះសារ​យ៉ាងម៉េច​ដែរ​?​។​
 
​លោក សារុន ដែល​មើលទៅ​នៅតែ​រឹងប៉ឹង បាន​បញ្ចេញ​ស្នាមញញឹម​បន្តិច រួច​ងាក​មក​មើល​ភរិយា និង​មេធាវី​របស់លោក ដែល​កំពុង​អង្គុយ​នៅក្នុង​សវនាការ មុននឹង​ឆ្លើយ​ទៅកាន់​ចៅក្រម​។ លោក សារុន ពោលថា រឿងនេះ​ហើយ ដែល​ខ្ញុំ​កំពុងតែ​ចង់​សួរ​ទៅ​លោក​ចៅក្រម​វិញ​ថា តើ​លោក​មាន​ឯកសារ​ច្បាស់​ទេ​ថា ខ្ញុំ​បាន​ជម្រិត​ទារប្រាក់​ពី​ពលរដ្ឋ​ដ៏​កម្សត់​របស់ខ្ញុំ​?​។ តើ​លោក​ជឿ​ទេ​ថា គ្រាន់តែ​សាងសង់​លំនៅដ្ឋាន ត្រូវតែ​បង់ប្រាក់​រហូត​បី​ម៉ឺន​ដុល្លារ​?​។​
 
​លោក សារុន និយាយ​ដល់​ត្រឹមនេះ ចៅក្រម​មើលមុខ​គ្នា ឯ​លោក សារុន បន្ត​ចម្លើយ​ថា​៖« ខ្ញុំ​សូម ជម្រាប​លោក​ចៅក្រម​ទាំងបី​ថា មូលហេតុ​ដែល​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​លំនៅដ្ឋាន​នោះ​សាងសង់​នៅ​ទីកន្លែង​នោះ​គឺ​ដោយសារ ម្ចាស់​លំនៅដ្ឋាន មិនបាន​បំពេញ​តាម​តម្រូវការ ដែល​ខាង​ខណ្ឌ​ទាមទារ​ដូចជា ខាងមុខ​លំនៅដ្ឋាន ត្រូវតែមាន​ឃឿន ឬ​ចិញ្ចើមផ្លូវ យ៉ាងតិច​ពីរ​ម៉ែត្រ​កន្លះ ទៅ​បី​ម៉ែត្រ ទី​ពីរ មិនត្រូវ​សាងសង់​ខ្ពស់​ជាងគេ​ហួសហេតុ និង​ទី​បី ត្រូវ​សាងសង់ ដោយ​ទុក​ចំ ណី​ទន្លេ យ៉ាងតិច​ដប់​ម៉ែ​ត្រដែរ​។ ប៉ុន្តែ​សំនើ​ខាងយើង ត្រូវបាន​ម្ចាស់​លំនៅ​ដ្ឋា​ច្រានចោល និង​នៅតែ​ទាមទារ​សាងសង់​ចូល​មកលើ​ចិញ្ចើម​ថ្នាល់​ថែមទៀត​។ ចំណុច​នេះ ខ្ញុំ​សុំ​ឲ្យ​លោក ចៅក្រម​ពិចារណា ប្រសិនបើ​លោក​ចៅក្រម​ជា​ខ្ញុំ តើ​លោក​ចៅក្រម​យល់​យ៉ាងណា​?​។ គេ​អាង មាន​បងប្អូន​ជាម​ន្ត្រី​ធំ គេ​គំរាម​ខ្ញុំ ថា​គេ​ត្រូវតែ​សង់​លំនៅដ្ឋាន​នេះ​ឲ្យ​បាន ហើយ​ខ្ញុំ​នៅតែ​ហាម​ជាដាច់ខាត​ថា មិន​អនុញ្ញាត​។ ដូច្នេះ តម្រូវការ​របស់​ខណ្ឌ​ខ្ញុំ គឺ​ត្រូវ​គាត់​រំខាន​។ ខ្ញុំ​មិនបាន​ខ្លាច អំណាច​មន្ត្រី​ណា​ម្នាក់ ដែល​ប្រព្រឹត្ត​ខុស​តួនាទី​ទេ​។ ដូច​ខ្ញុំ​បាន​និយាយ​តាំង​ពីថ្ងៃ​ឃាត់ខ្លួន​មក ម្ល៉េះ​ថា ខ្ញុំ​ត្រូវ​ការរៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ខណ្ឌ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ត្រូវការ​ឲ្យ​ខណ្ឌ​របស់ខ្ញុំ នៅ​រញ៉េរញ៉ៃ​ទៀត​ទេ​។ តែ​បំណងល្អ​របស់ខ្ញុំ ទីបំផុត គឺ​បែបនេះ​»​។​
​ស្តាប់​ការរៀបរាប់​ដ៏​ក្បោះក្បាយ និង​ម៉ឺងម៉ាត់​របស់លោក​សារុន ចៅក្រម​ទាំងបី ក៏​ប្រកា​សបិទ សវនាការ និង​សុំ​លើក​ពេល​ទៅ​ប្រកាស​សាលក្រម​នៅ​មួយ​សប្តាហ៍​ក្រោយ​ទៀត​។ 
 
​ដោយ សំរែ 

(​នៅមាន​ត​)
 

© រក្សាសិទ្ធិដោយ thmeythmey.com