ជាតិ
កម្ពុជា​-​កូរ៉េ​ឯកភាពគ្នា​បង្កើត​ទំហំ​ពាណិជ្ជកម្ម​ដល់​២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០
13, Mar 2016 , 12:27 pm        
រូបភាព
 ​ក្នុង​កិច្ចប្រជុំ​ភាគី​កម្ពុជា​-​កូរ៉េ កាលពី​ថ្ងៃទី​៩ មីនា ឆ្នាំ​២០១៦ ដែល​ដឹកនាំ​ដោយ​លោម លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស ភាគី​កម្ពុជា និង​កូរ៉េ​បាន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន រួមមាន ការបង្កើន​ទំហំ​ពាណិជ្ជកម្ម ការផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា និង​ការបង្កើន​កូតា​ពលករ​កម្ពុជា ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​។​

 
​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា កម្ពុជា​-​កូរ៉េ បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​រួមមាន ភាគី​ទាំងពីរ​នឹង​បង្កើន​ពាណិជ្ជកម្ម​នឹង​គ្នា រហូតដល់​២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​។ ក្នុងនោះ ភាគី​កូរ៉េ បាន​ឯកភាព នឹង​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ចំនួន​៥១​លាន​ដុល្លារ (​ឥត​សំណង​) ដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ រួម​និង​កម្ចីសម្បទាន​ចំនួន ៣០០​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៥-២០១៨ ។ ប្រាក់​ច​ម្ចី​សម្បទាន​នឹង​ផ្តោតលើ​វិស័យ​ចំនួន​៤ រួមមាន ការអភិវឌ្ឍ​វិស័យ​កសិកម្ម ការអភិវឌ្ឍន៍​ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​វិស័យ​សុខភាព​សាធារណ​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល កម្ពុជា​-​កូរ៉េ ក៏បាន​ឯកភាពគ្នា​បង្កើត​កូតា​ពលករ​កម្ពុជា ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ផងដែរ​។ យោងតាម​ក្រសួងការបរទេស និង​សហ​ប្រ​ត្តិ​ប​ត្តិ​អន្តរជាតិ ក្នុង​វិស័យ​ឧស្សាហកម្ម​កូរ៉េ​បាន​បង្កើត​កូតា ពី​៥១០០​នាក់ ក្នុង​ឆ្នាំ​២០១៥ ដល់​៦៤០០​នាក់ ក្នុង​ឆ្នាំ​២០១៦ ៕

Tag:
 កម្ពុជា​-​កូរ៉េ​
 ​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com