កីឡាជាតិ
ជាតិ
ប្រកួត​បាល់ទះ​បុណ្យ​ទន្លេ​៖​ក្រសួងមហាផ្ទៃ​លើក​ពាន ខណៈ​ម្ចាស់ផ្ទះ​ឈរ​នៅ​បាត​តារាង​
13, Mar 2016 , 2:41 pm        
រូបភាព
ដោយ:
 
​បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ក្រុម​បាលទះ​របស់​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក ប៉ោ សារ៉ាត់ បាន​ក្លាយជា​ម្ចាស់​ជ័យលាភី ខណៈ​ក្រុម​ម្ចាស់ផ្ទះ​សាលាខេត្ត​កំពង់ចាម ឈរ​ក្នុង​លំដាប់​បាត​តារាង​។ ការប្រកួត​បាល់ទះ​ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ឆ្នាំ​២០១៦ នៅ​ទី​រួម​ខេត្តកំពង់ចាម​នេះ ប្រព្រឹត្តទៅ​រយៈពេល​៥​ថ្ងៃ និង​មាន​៥​ក្រុម​ចូលរួម​ប្រកួត​។​

 
​ក្រុម​បាល់ទះ​របស់​ក្រសួងមហាផ្ទៃ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​កម្មវិធី​ប្រកួត​ដណ្តើមពាន​រង្វាន់​បាល់ទះ​ដើម្បី​អបអរ​បុណ្យ​ទន្លេ​លើក​ទី​២ នា​ខេត្តកំពង់ចាម បន្ទាប់ពី​ក្រុម​នេះ បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ​សាលាខេត្ត​កំពង់ចាម ៣​សិត ទល់​០ សិត កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែមីនា នៅ​សាលាខេត្ត​កំពង់ចាម​។ រីឯ​ក្រុម​សាលាខេត្ត​កំពង់ចាម បន្ទាប់ពី​រង​ការបំបាក់​របស់​ក្រសួងមហាផ្ទៃ និង​ឆ្លងកាត់​ការប្រកួត​៤​ប្រកួត​ចាញ់​ទាំង​៤​ប្រកួត ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​ឈរ​ក្នុង​ចំណាត់ថ្នាក់​បាត​តារាង ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥ ក្នុងចំណោម​៥​ក្រុម​។​
 
​ក្រុម​ក្រសួងមហាផ្ទៃ​ដែលជា​អតីត​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទះ​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ​២០១៥ ទោះបី​លទ្ធផល​សម្រាប់​ការប្រកួត​៤​ប្រកួត ឈ្នះ​៣ និង​ចាញ់​១ ស្មើ​ក្រុម​បាល់ទះ​របស់​អគ្គបញ្ជាកា​រដ្ឋា​ន​អង្គរក្ស និង​ក្រុម​វិសាខា​ក៏ដោយ ក៏ប៉ុន្តែ​ក្រុម​នេះ​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ គឺ​៩​ពិន្ទុ (១.០៩១ ពិន្ទុ​គ្រាប់​បាល់​) ខណៈ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​៩​ពិន្ទុ (១.០៤៩ ពិន្ទុ​គ្រាប់​បាល់​)​។ ចំណែក​ក្រុម​វិសាខា​វិញ ទោះបី​ឈ្នះ​បី​ប្រកួត​ក៏ពិតមែន ប៉ុន្តែ​ទទួល​បានតែ​៨​ពិន្ទុ​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​បាល់ទះ​របស់​ក្រសួងមហាផ្ទៃ​លើក​ពាន​តែម្តង​។   
 
​លោក ប៉ោ សារ៉ាត់ គណៈប្រតិភូ​ដឹកនាំ​ក្រុម​ក្រសួងមហាផ្ទៃ មាន​អារម្មណ៍​សប្បាយរីករាយ ចំពោះ​តំណែង​ជា​ម្ចាស់​ជើងឯក សម្រាប់​ការចូលរួម​លើកដំបូង​ក្នុង​ពិធីបុណ្យ​ទន្លេ​របស់ខ្លួន និង​បាន​ប្តេជ្ញា​ថា នឹង​គ្រង់​តំណែង​ជើងឯក​ឲ្យ​បាន ប្រសិនបើ​បាន​ចូលរួម​ប្រកួត​ក្នុង​បុណ្យ​ទន្លេ​លើក​ទី​៣ នា​ឆ្នាំក្រោយ នៅ​ខេត្តស្ទឹងត្រែង​។  
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ពានរង្វាន់​បាល់ទះ ដើម្បី​អបអរ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​២ នាទី​រួម​ខេត្តកំពង់ចាម ក្រុម​បាល់ទះ​របស់​ក្រសួងមហាផ្ទៃ​បានក្លាយ​ជា​ម្ចាស់​ជើងឯក ខណៈ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ជើងឯក​រង ឬ​ឯ​ក្រុម​វិសាខា​ទទួលបាន​ចំណាត់​លេខ​៣ ចំណែក​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៤ ដោយឡែក​ក្រុម​ម្ចាស់ផ្ទះ​សាលាខេត្ត​កំពង់ចាម​ទទួល​ចំណាត់ថ្នាក់​លេខ​៥ ៕ 
 
 

Tag:
 បុណ្យ​ទ​ន្ល​
  ​បាល់ទះ​
 ​ កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com