អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​បា​ម៉ា និយាយ​ឌឺ​ថាបើ ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​លោក​ប្តូរ​លំនៅ​ទៅ​កាណាដា​
14, Mar 2016 , 7:32 am        
រូបភាព
ដោយ: ថ្មីៗ
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងថា​ក្នុងន័យ​កំប្លែង​ថា លោក​និង​ប្រជាជន​អាមេរិក​ច្រើន​ទៀត​នឹង​ចាក​ចេញទៅ​រស់នៅ​កាណាដា បើសិនជា លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​មែន​។ លោក​លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​ព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា លោក Justine Trudeau សប្តាហ៍​មុន​។  



​ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឆ្លៀត​និយាយ​កំប្លែង​លេង​ថា ប្រជាជន​អាមេរិក​ច្រើន​រួមទាំង​លោក​ផង​នឹង​ប្តូរ​លំនៅ​ទៅ​កាណាដា បើសិន ជា​បេក្ខជន​នាំមុខ​បក្ស​សាធារណរដ្ឋ ដូ​ណា ត្រាំ ជាប់ឆ្នោត​មែន​។ ប៉ុន្តែ​លោក​សង្ឃឹមថា វា​នឹងមិន​មានរឿង​អ្វី​កើតឡើង ទោះជា​អ្នកណា​ជាប់ឆ្នោត​ក្តី​។​
 
​ឆ្លើយតប​សំណួរ​ទាក់ទិន​ផលប៉ះពាល់​អនាគត​ទំនាក់ទំនង​អាមេរិក​និង​កាណាដា កាលណា​បើ​បេក្ខជន​បក្ស​សាធារណរដ្ឋ​ដូចជា ដូ​ណា​ល់​ត្រាំ​ជាប់ឆ្នោត លោក អូ​បា​ម៉ា បាន​លើកឡើងថា​៖« រាល់​លើក​ឲ្យ​តែ​យើង​មានការ​បោះឆ្នោត​ប្រធានាធិបតី មិត្ត​របស់​យើង​នៅ​ទិស​ខាងជើង (​កាណាដា​) តែងតែ​ប្រុងប្រៀប​ដើម្បី​ទទួល​ប្រជាជន​អាមេរិក​ដ៏​ច្រើនសន្ធឹក​។​
 
​លោក​ក៏​ឆ្លៀត​និយាយ​លេង​បន្ថែមថា​៖«​សូម​មិត្ត​កាណាដា​ត្រៀមខ្លួន​ដើម្បី​ទទួល​ប្រជាជន​អាមេរិក​ច្រើនសន្ធឹក​សន្ធាប់​ដែល​ប្តូរ​លំនៅ​ទៅ​រស់នៅ​កាណាដា នៅពេលដែល​បេក្ខជន​បក្ស​ផ្សេងទៀត​ជាប់ឆ្នោត​»​។ 
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នាយករដ្ឋមន្ត្រី​វ័យក្មេង​រូប​ស្រស់​កាណាដា មិន​រំពឹង​ទេ​ថា មាន​ប្រជាជន​អាមេរិក​ច្រើនសន្ធឹក​នឹង​ដណ្តើម​គ្នា​ចូលទៅ​រស់នៅ​ទឹកដី​កាណាដា និង​មាន​ផលប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​អា​មេ​រិ​និង​កាណាដា​ឡើយ ទោះជា​អ្នកណា​ឈ្នះឆ្នោត​ក៏ដោយ​។

លោក​ក៏​រំពឹង​មុតមាំ​ផងដែរ​ថា នៅពេល​ខាងមុខ​មេដឹកនាំ​អាមេរិក​ថ្មី​ដែល​មក​ជំនួស​តំណែង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​បន្ត​ការលើកកម្ពស់​ទំនាក់ទំនង​ជាមួយ​កាណាដា​ឲ្យ​កាន់តែ​ប្រសើរ​និង​ស៊ីជម្រៅ​កាន់តែខ្លាំង​។ 
 
​ចាប់តាំងពី បេក្ខជន​បក្ស​សាធារណរដ្ឋ និង​ជា​សេដ្ឋ​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ បាន​សំឡេងគាំទ្រ​កាន់តែច្រើន គេ​កត់សម្គាល់ថា ចំនួន​ប្រជាជន​អាមេរិក​កាន់តែច្រើន​ដែល​ប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​ដើម្បី​ស្វែងយល់​និង​សួរ​សំណួរ​នានា​ពាក់ព័ន្ធ​ពី​ការ​ទៅ​រស់នៅ​ប្រទេស​កាណាដា​៕ 

Tag:
 ដូ​ណា​ល់ ត្រាំ
  បារ៉ាក់ អូបាម៉ា
  Justin Trudeau
© រក្សាសិទ្ធិដោយ thmeythmey.com