ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ព្រមាន​ដាក់ទោសអង្គ​ការផ្ដល់​ប្រាក់កម្ចីដែលចង់​​រឹបអូស​ផ្ទះ​ពលរដ្ឋ
14, Mar 2016 , 11:24 am        
រូបភាព
សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល មុននឹង​ប្រែក្លាយ​ខ្លួន​ទៅជា​មីក្រូហិរញ្ញវត្ថុ ដែល​ផ្ដល់​សេវា​ប្រាក់កម្ចី​ជូន​ពលរដ្ឋ​នោះ ភាគច្រើន​មាន​ចេតនា​រឹបអូស​ដីធ្លី និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ។ នាយករដ្ឋមន្ត្រី​អះអាងថា អង្គ​ការផ្ដល់​ប្រាក់កម្ចី​ទាំងនោះ មាន​គោលការណ៍​ធូរ​លុង​ក្នុង​ការផ្ដល់​ប្រាក់កម្ចី​ជូន​ប្រជាពលរដ្ឋ ដោយ​មិនបាន​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដែល​ហាក់ដូច​ជាមាន​គម្រោង​ឲ្យ​ពលរដ្ឋ​ខ្ចីប្រាក់​បំណុល​វ័ណ្ឌក ដោយ​គ្មាន​ប្រាក់​សងវិញ​គឺ​រឹបអូស​យក​ផ្ទះសម្បែងតែម្ដង។



ប្រមុខ​រដ្ឋាភិបាល ក៏បាន​ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ ត្រួតពិនិត្យ​លើ​លើ​បញ្ហា​អង្គការក្រៅរដ្ឋាភិបាល និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ​ឡើងវិញ ដោយ​លោក​បានបញ្ជា​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​ផ្លូវច្បាប់ទៅ​លើ​អង្គការ និង​បុគ្គល​ដែល​ធ្វើ​ខុសច្បាប់​មួយចំនួន​នេះ ដោយមិនគួរ​​លើកលែងទោសឲ្យពួកគេ​រួច​ពី​សំណាញ់​ច្បាប់​ឡើយ។

ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ​ជាតិ​ស្តីពី ការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា៖«កន្លងទៅនេះ​ការធ្វើសកម្មភាព​ឯកឯង​របស់​អង្គការ​មួយចំនួន កាល​មុននេះ​ជា​អង្គការក្រៅរដ្ឋាភិបាល ប៉ុន្ដែ​ប្រែក្លាយ​ខ្លួន​ទៅជា​មីក្រូហិរញ្ញវត្ថុ ហើយ​អ្នក​ទាំងនោះ​កន្លែង​ខ្លះ​ហាក់ដូច​ជាមាន​ចេតនា​តែម្ដង។ ឧទាហរណ៍​ធម្មតា​គោលការណ៍​សម្រាប់​ការ​ឲ្យ​ខ្ចី យើង​តែងតែ​ដឹងថា​តើ​សមត្ថភាព​នេះ​មាន​សមត្ថភាព​សង​ឬ​អត់ នេះ​ជា​បញ្ហាសំខាន់។ប៉ុន្ដែ​នេះ​អត់​ទេ​ហាក់ដូច​ជាមាន​ចេតនា​ដើម្បី​រឹបអូស​យក​ផ្ទះសម្បែង​នឹង​ដីធ្លី​តែម្ដង តាមរយៈ​ភាព​ធូរ​លុង​ក្នុងការ​ឲ្យ​ខ្ចី ជួនកាល​ឲ្យ​ខ្ចី​ទិញ​ម៉ូតូ​ជិះ​លេង ដល់​ជិះ​លេង​ទៅ​គ្មាន​លទ្ធភាព​សង​ពី​ណា ដល់ពេល​កំណត់​គឺ​ចាប់ផ្ដើម​រឹបអូស​យក​ផ្ទះសម្បែង​ដីធ្លី​តែម្ដង»។

បើទោះជា​មិន​និយាយ​ចំឈ្មោះ​អង្គការ​ណាក៏ដោយ តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ទិដ្ឋភាព​ជាក់ស្ដែង​ក្នុង​ករណីថ្មីៗនេះ ដែល​ប្រជាជន​ជាប់ជំពាក់​ប្រាក់​ធនាគារ​ជាង៧២ម៉ឺន​រៀល ហើយ​បាន​យកប្រាក់​ទៅ​សង តែ​​បែរជា​ធនាគារ​ធ្វើ​ហាក់ដូចជា​មិន​ព្រម​ទទួល ដោយមាន​គោលបំណង​ចង់​រឹបអូស​ផ្ទះ​ពលរដ្ឋ​តែម្តង រហូត​ទាល់តែ​មានការ​អន្តរាគមន៍​ដោយផ្ទាល់​ពី​ភរិយា​របស់​សម្ដេច ទើប​ផ្ទះ​ពលរដ្ឋ​នោះ​អាច​រួច​ផុតពី​ការ​រឹបអូស​។ សម្ដេច​ថា ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​បែបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ​ត្រូវ​ពិ​និត្យឡើងវិញ​ជាបន្ទាន់។

ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏​ព្រមាន​ទៅកាន់​មន្ត្រី និង​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ទាំងអស់ កុំ​ចេះតែ​​ជូ​យ​ធនាគារ​ធ្វើបាប​ប្រជាពលរដ្ឋ​ឡើយ ពោលគឺ​មិនត្រូវ​លូកដៃ​ចូលក្នុង​ការជួយ​រឹបអូស​យក​ផ្ទះ​ប្រជាពលរដ្ឋ​ដាក់លក់​ឡៃ​ឡុង​តាម​សំណើ​ធនាគារ​នោះទេ៕




Tag:
 ហ៊ុន សែន
 ហិរញ្ញវត្ថុ
 រឹបអូសផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com