អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គំនិត​ផ្តួចផ្តើម​ចិន «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» មិនមែនជាការ​ពង្រីក​អំណាច តែ​បម្រើ​ប្រយោជន៍​ពិភពលោក​
14, Mar 2016 , 11:52 am        
រូបភាព
ដោយ:
 
​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​បញ្ជាក់ថា «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ​» មិនគួរ​ត្រូវបាន​ចាត់ទុកថា​ជាការ​ពង្រីក​អំណាច​រប​ស់​នោះទេ ក៏ប៉ុន្តែ​វា គឺជា​ការបង្កើត​ឱកាស​សម្រាប់​ពិភពលោក​ទៅវិញ​នោះទេ​។ ការអះអាង​នេះ ក៏​ទទួលបាន​ការយល់ស្រប​ពី​សំណាក់​អ្នកស្រាវជ្រាវ​សកល​មួយចំនួន​ផងដែរ​។​



«​គំនិត​ផ្តួចផ្តើម (​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​) គឺជា​គំនិត​របស់​ចិន ក៏ប៉ុន្តែ​ឱកាស គឺ​ត្រូវបាន​បង្កើត និង​ជា​កម្មសិទ្ធិ​របស់​ពិភពលោក​»​។ នេះ​គឺជា​ការលើកឡើង​របស់​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី នៅក្នុង សន្និសីទកាសែត​ក្រៅ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នៃ​សភា​ចិន​ទាំងពីរ​។​
 
​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី សំដៅលើ​វិថី​សូត្រ និង​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច ដែល​ផ្សារភ្ជាប់​ចិន​ជាមួយ អឺរ៉ុប តាមរយៈ​អាស៊ី​កណ្តាល និង​អាស៊ី​ខាងលិច ហើយ វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ត​ភ្ជាប់​ចិន​ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ អាហ្វ្រិក និង​អឺរ៉ុប​។ វិថី​ទាំងពីរ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង (Xi Jinping ) ក្នុងពេលដែល​លោក ធ្វើ​ទស្សនកិច្ច​ប្រទេស​អាស៊ី​កណ្តាល និង​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៣​។ ហើយ​ផែនការ​សកម្មភាព​ត្រូវបាន​ចេញផ្សាយ​នៅ​ឆ្នាំ​២០១៥ និង​បច្ចុប្បន្ន គំនិត​ផ្តួចផ្តើម​នេះ កំពុងតែ​ត្រូវបាន​អនុវត្ត​ហើយ​។ 
 
​បើតាម​អះអាង​របស់លោក វ៉ាង​ក្នុង​សន្និសីទកាសែត មកទល់ពេលនេះ មាន​ប្រទេស​៧០ និង​អង្គការ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត បានបង្ហាញ​ពី​ការចាប់អារម្មណ៍ និង​ប្រទេស​៣០​ហើយ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ចិន​ដើម្បី​កសាង​«​ខ្សែក្រវ៉ាត់ និង​វិថី​»​នោះ​។ លោក ក៏បាន​បញ្ជាក់​ដែរ ខណៈពេលដែល​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ចិន​បាននិងកំពុង​តែ​ប្រតិបត្តិការ​គម្រោង​ជំហាន​ដំបូង​ដែល​ផ្គត់ផ្គង់​ដោយ​មូលនិធិ​សូត្រ​សមុទ្រ ក៏​ត្រូវបាន​ដំណើរការ​ផងដែរ​។​
 
​ជាក់ស្តែង​នោះ លោក វ៉ាង បាន​លើក​ពី​សម​ទ្ធិ​ផល​មួយចំនួន​ដែល​ស្ថិតក្រោម​គម្រោង​នោះ​ដែលមាន​ដូចជា​ខ្សែ​រថភ្លើង​លឿន​បំផុត​ដែល​ត​ភ្ជាប់​ដោយផ្ទាល់​ពី​ចិន​ទៅ​អឺរ៉ុប​តាមរយៈ​ខ្សែ​រថភ្លើង​ដែល​កំពុងតែ​ស្ថិតក្រោម​ការសាងសង់​នៅ Budapest Belgrade Jakarta និង Bandung ផងដែរ​។ ដោយឡែក​សម្រាប់​គម្រោង​នៅ​ប៉ាស៊ីហ្វិក​ដែលជា​គម្រោង​ចម្បង​តាមរយៈ​គំនិត​ផ្តួចផ្តើម​នោះដែរ លោក វ៉ា់ង បាន​ពន្យល់ថា​គម្រោង​បានចាប់ផ្តើម​ដំណើរការ​ហើយ​ក្នុងនោះ​មានដូចជា​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ និង​ផ្លូវ​រថភ្លើង​ចិន​-​ថៃ​។​
 
​ក្នុង​ក្រសែភ្នែក​អ្នកស្រាវជ្រាវ និង​អ្នក​តាន​ដាន​គោលនយោបាយ​ការបទេស​នេះ បានចាត់ទុក​សម​ទ្ធិ​ផល គឺជា​ការបម្រើ​ផលប្រយោជន៍​ពិភពលោក​មួយ​ដ៏​ធំ​។ លោក Masood Khalid អគ្គរដ្ឋទូត​បា​គី​ស្ថាន​ប្រចាំ​ចិន បាន​សាទរ​ពី​តួនាទី​របស់​កិច្ចសហប្រតិបត្តិការ​ចិន​-​បា​គី​ស្ថាន ដែល​លោក​ថា គំនិត​ផ្តួចផ្តើម​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ទាំង​ប្រជាជន និង​ប្រទេស​ក្នុង​តំបន់​ទៀតផង​។ 
 
​ជាមួយគ្នានេះ​ផងដែរ លោក Jaeho Hwang អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សិក្សា​បរទេស​កូរ៉េខាងត្បូង បានកំណត់​សម្គាល់​ផងដែរ​ថា​សកម្មភាព​ការទូត​របស់​ចិន នឹង​បង្ហាញ​ពី​តួនាទី​របស់ខ្លួន​កាន់តែ​ល្អប្រសើរ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែ​វ៉ា​ត់ និង​វិថី​នោះ​។ លោក Hwang បាន​បន្ថែម​ដែរ​ថា​តាមរយៈ​ការកសាង​វិថី ចិន​នឹង​គោរព​តាម​គោលការណ៍​នៃ​ការពិគ្រោះ​យោបល់ ការផ្តល់ និង​រលែក​ផលប្រយោជន៍​រួម​ដែល​ចាត់ជា​គំនិត​ផ្តួចផ្តើម​ដែលមាន​ការបើកចំហរ ជាជាង​ការពង្រីក​ឥទ្ធិពល​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com