អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង ថា​កូរ៉េខាងត្បូង ព្យាយាម​បង្កើត​រឿង​បង្ខូច​កេរ្តិ៍ឈ្មោះ​ខ្លួន និង​បញ្ឆោត​ភ្នែក
14, Mar 2016 , 2:21 pm        
រូបភាព
ដោយ:
 
​កូរ៉េខាងជើង បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​កូរ៉េខាងត្បូង​ដែលថា​ក្រុង​ព្យុងយ៉ាង បាន​វាយប្រហារ​ប្រព័ន្ធ Smartphones របស់​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​កន្លងទៅ​។ កូរ៉េខាងជើង បានចាត់ទុក​ការចោទប្រកាន់​នោះ​ជា​រឿង​ឥត​បានការ​។​


​កាសែត​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun បាន​ចុះផ្សាយ​នូវ​អត្ថបទ​មួយ​នៅ​ថ្ងៃទី​១៣ ខែមីនា ម្សិលមិញ ដោយបាន​ប្រើពាក្យ​ខ្លាំងៗ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​កូរ៉េខាងត្បូង​ដែល​បាន​ចោទ កូរ៉េខាងជើង​ថា​លួច​ស្តាប់​ការសន្ទនា​និង​សារ​ក្នុង​ប្រព័ន្ធ​ទូរ​សព្ទ Smartphones របស់​មន្ត្រី​កូរ៉េខាងត្បូង​។ កាសែត​នោះ បាន​ហៅ​ការ​ចោទថា ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស និង​ឥតប្រយោជន៍​ពីស​ត្រូវ​ដែល​តែង តែ​រំខាន និង​បង្ខូច​កេរ្តិ៍ឈ្មោះ​នយោបាយ​កូរ៉េខាងជើង​។​
 
​កាសែត​ដដែល ក៏បាន​បន្ថែម​ដែលថា ក្រុង​សេ​អ៊ូ​ល បាននិងកំពុង​ព្យាយាម​ប្រើប្រាស់ «​ការ​គំរាម​បែប​បោក​បញ្ឆោត​» ដើម្បី​ទាក់ទាញ​ការគាំទ្រ​សម្រាប់​សេចក្តីព្រាងច្បាប់​ប្រឆាំងនឹង​បទល្មើស​តាម​អ៊ិន​ធ័​រ​នែ​ត ដែល​ផ្តល់​អំណាច​កាន់តែខ្លាំង​ទៅលើ​ភ្នាក់ងារ​ចារកម្ម​ជាតិ​កូរ៉េខាងត្បូង​លើ​ប្រព័ន្ធគ្រប់គ្រង​អ៊ិន​ធ័​រ​នែ​ត​។ នេះ កូរ៉េខាងជើង ទំនងជា​សំដៅលើ​ភាពចម្រូងចម្រាស​នៅក្នុង​សភា​កូរ៉េខាងត្បូង​លើ សេចក្តីព្រាងច្បាប់​ប្រឆាំង​បទល្មើស​តាម​អ៊ី​ន​ធ័​រ​នែ​ត​ដែល​កំពុងតែ​រាំងស្ទះ​ដោយសារ​មានការ​ជំទាស់​ពី​ក្រុម​បក្សប្រឆាំង ហើយ​ធ្វើ​ដូច្នេះ ទើប​អាចជួយ​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​នោះបាន​។​
 
​សូម​រម្លឹក​ផងដែរ​ថា កាលពី​សបា្តហ៍​មុន ភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង បានចេញ​របាយការណ៍​មួយ ដោយ​ចោទ​កូរ៉េខាងជើង​ថា បាន​វាយប្រហារ​ប្រព័ន្ធ​ទូរ​សព្ទ Smartphone របស់​ប្រជាជន​កូរ៉េខាងត្បូង ដែល​រួមបញ្ចូល​ទាំង​ការផ្ញើរ​សារ និង​សន្ទនា​របស់​មន្ត្រី​រដ្ឋាភិបាល​សំខាន់​១០​រូប​ក្នុង ចន្លោះ​ខែកុម្ភៈ និង​ដើមខែ មីនា​ថ្មីៗ​នេះ​។​
 
​ក្នុងពេល​នោះដែរ ភ្នាក់ងារ​ចារកម្ម​ជាតិ​កូរ៉េខាងត្បូង បានប្រកាស​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​ដើម្បី​ត្រួតពិនិត្យ​លើក​ប្រព័ន្ធគ្រប់គ្រង​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ប្រឆាំងនឹង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺរ​នែ​ត​ដែលមាន​ការចូលរួម​ពី​ក្រសួង​ចំនួន​១៤ ដែល​រាប់បញ្ចូល​ទាំង​មន្ត្រី​សម្របសម្រួល​គោលនយោបាយ អ្នកគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ និង​ក្រសួងការពារជាតិ និង​វិទ្យាសាស្ត្រ​ផងដែរ​៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com