កីឡាជាតិ
ជាតិ
បុណ្យ​ទន្លេ​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​កីឡា ៥ ប្រភេទ​ទួលបាន​ការគាំទ្រ​ខ្លាំង​
14, Mar 2016 , 3:36 pm        
រូបភាព
ដោយ:
 
​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​«​ទន្លេ​ស្អាត សហគមន៍​ល្អ​»  នៅ​ខេត្តកំពង់ចាម រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ បាន​ប្រព្រឹត្តទៅ​ក្រោម​ការពង្រឹង​សន្តិសុខ​យ៉ាង​តឹងរឹង​របស់​គណៈ​អភិបាលខេត្ត​កំពង់ចាម​។ ពិធី​ដែល​ដាក់​ឲ្យ​មានការ​ប្រកួត និង​សម្តែង​កីឡា​១១​ប្រភេទ បានបញ្ចប់​ទៅដោយ​ជោគជ័យ កាលពី​ថ្ងៃអាទិត្យ​ទី​១៣ ខែមីនា ម្សិលមិញ ខណៈ​កីឡា​៥​ប្រភេទ​ទទួល​បានការ​គាំទ្រ​ច្រើនជាងគេ​។​

 
​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅក្នុង​ទី​រួម​ខេត្តកំពង់ចាម ដោយមាន​សន្តិសុខ កងកម្លាំង​នគរបាល​ប្រដាប់អាវុធ យាមកាម​យ៉ាង​តឹងរឹង នៅតាម​បណ្តោយ​មាត់ទន្លេ តាម​បណ្តា​ផ្លូវ​មួយចំនួន និង​តាម​ស្តង់​លក់ទំនិញ ជាពិសេស​ត្រង់ចំណុច​រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា (KIZONA) រយៈពេល​៣​ថ្ងៃ នា​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ឆ្នាំ​២០១៦​។ ពិធីបុណ្យ​ទន្លេ ក្រោម​ប្រធានបទ ទន្លេ​ស្អាត សហគមន៍​ល្អ នា​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បានបញ្ចប់​ទៅដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​។​
 
​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ពិធីបុណ្យ​ទន្លេ​នេះ បាន​ប្រព្រឹត្តទៅ​ដោយមាន​ការការពា​រ​យ៉ាង​ម៉ឺងម៉ាត់ សម្រាប់​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ទស្សនា​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​យើង​បានដាក់​កម្លាំង​របស់​យើង​ជាង​៣​ពាន់​នាក់ ហើយ​ក្នុង​ចំនួន​ជាង​៣​ពាន់​នាក់​នេះ ក៏មាន​ខាង​នគរបាលជាតិ​ចំនួន​២​រយ​នាក់ មាន​ខាង​កងរាជអាវុធហត្ថ​ថ្នាក់ជាតិ​មកជួយ​អន្តរាគមន៍​ចំនួន​១​រយ​នាក់​ផងដែរ​»​។​
 
​ពិធីបុណ្យ​ទន្លេ​នេះ ក៏មាន​កីឡា​១១​ប្រភេទ​បាន​ចូលរួម និង​សម្តែង​ដើម្បី​អបអរ​កម្មវិធី​បុណ្យ​នេះ​ផងដែរ រូ​ម​មាន ការរត់​ប្រណាំង​លក្ខណៈ​កម្សាន្ត កីឡាប្រដាល់​ក្បាច់គុន​ខ្មែរ កីឡា​ចំបាប់​បូរាណ កីឡាបាល់ទះ កីឡាហែលទឹក កីឡា​អុកចត្រង្គ កីឡា​ទូកក្តោង កីឡា​សម្តែង​លើទឹក​(Fly Boat) ការ​ប្រណាំងទូក​ប្រពៃណី កីឡា​ឆត្រយោង និង​កីឡា​សី​ស្លាប​-​សីដក់ ហើយ​ប្រភេទ​កីឡា​ចំនួន​៥ ក្នុងចំណោម​១១​ប្រភេទ​នេះ បានទទួល​ការគាំទ្រ​ខ្លាំងជាងគេ​។​
 
​លោក វ៉ា​ត់ ចំរើន ដែលជា​ប្រធាន​អនុគណៈកម្មការ​បុណ្យ​ទន្លេ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​វាយតម្លៃ​បែបនេះ​ថា​៖«​តាម​ការតាមដាន និង​វាយតម្លៃ​របស់ខ្ញុំ កីឡា​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​មាន​ចំនួន​៥ គឺ ការរត់​ប្រណាំង​កម្សាន្ត ការ​ប្រដាល់​ក្បាច់បុរាណ​ខ្មែរ កីឡាបាល់ទះ កីឡា​ចំបាប់​បុរាណ និង​កីឡា​សម្តែង​លើទឹក​»​។ 
 
​ជាមួយគ្នានេះដែរ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា សង្កេតឃើញថា ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពុងចាម​រយៈពេល ៣ ថ្ងៃ​មកនេះ មាន​អ្នកចូលរួម​ទស្សនា​ច្រើនជាង​បុណ្យ​ទន្លេ ដែល​រៀបចំ​ធ្វើ​នៅ​ខេត្តក្រចេះ​កាលពី​ឆ្នាំមុន​។ «​សកម្មភាព​នេះ អាច​បញ្ជាក់បាន​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មានការ​យល់ដឹង និង​ស្គាល់​ច្រើន​ពី​ក្បាច់​ចំបាប់​បូរាណ​ខ្មែរ ព្រោះ​ពួគគាត់​មិន​ត្រឹមតែ​មក​ចូលរួម​ទស្សនា​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​សម្តែង​ជាមួយ​យើង​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ធិ​ន វិចិត្រ​។​
 
​ចំពោះ​បញ្ហា​អ​នា​ម័យវិញ លោក លន់ លឹម​ថៃ បានបញ្ជាក់​ទៀតថា ដើម្បី​រក្សា​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ទស្សនា​ដើរ​កម្សាន្ត និង​ដើម្បី​ឲ្យ​ស្របតាម​ប្រធានបទ​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» របស់​ពិធីបុណ្យ​ទន្លេ​លើក​ទី​២​នេះ ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម បានដាក់​ពង្រាយ​បន្ទប់​អនាម័យ​ចំនួន​១៤​កន្លែង និង​ធុងសំរាម​ជាច្រើន​នៅតាម​បណ្តា​ស្តង់​លក់ទំនិញ និង​តាម​ដងផ្លូវ​សាធារណៈ​ផ្សេងៗ​ជាច្រើន ជាពិសេស​មានការ​ចូល​រួម​យុទ្ធនា​ការដើរ​រើស​សំរាម​របស់ សិស្ស និស្សិត ស្ម័គ្រចិត្ត​របស់​សាលា​ជាតិ​កសិកម្ម​ខេត្តកំពង់ចាម​។ កត្តា​ទាំងនេះ​បានធ្វើ​ឲ្យ​កម្មវិធី​បុណ្យ​ទន្លេ​លើក​ទី​២ មាន​រយៈពេល​៣​ថ្ងៃ និង​មាន​អ្នកចូលរួម​ចន្លោះ​ពី​៤០​ម៉ឺន​ទៅ​៥០​ម៉ឺន​នាក់​មួយ​នេះ​មាន​ភាពស្រស់ស្អាត និង​មាន​បរិយាកាស​ល្អ​។​
 
​គួរ​បញ្ជាក់ថា ការប្រកួត​ប្រណាំងទូក​ប្រពៃណី​ចំណុះ​២២​នាក់​ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​១៣ ខែមីនា ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ ពិជ័យ​កុមារ​តេ​ជោ​សែន​ជ័យ របស់​ខេត្តកណ្តាល ខណៈ​លេខ​២​បាន​ទៅ នាគរាជ​កោះសូទិន មកពី​កោះសូទិន និង​លេខ​៣​បាន​ទៅ ហនុមាន​ពេញ​តារា​រះ មកពី​ព្រៃឈរ​៕ 
    

Tag:
 បុណ្យ​ទន្លេ​
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com