អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជិន​ពីង ប្រាប់​ឲ្យ​កងទ័ព​បន្ត​ការអភិវឌ្ឍ​គំនិត​ថ្មី​លើ​វិស័យ​យោធា​
14, Mar 2016 , 4:31 pm        
រូបភាព
ដោយ:
 
 
​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​ការកែប្រែ​ថ្មី​ទាំង​ផ្នែក​ទ្រឹស្ដី​និង​បច្ចេកវិទ្យា និង​បានចាត់ទុក​នេះ​ជា​ចំណុច​គ​ន្លិះ​សម្រាប់​ការអភិវឌ្ឍ​យោធា​និង​កងទ័ព​នៅ​ទូទាំងប្រទេស​។ លោក ស៊ី ថ្លែង​ដូចនេះ​ក្នុងជំនួប​ជាមួយ​សមាជិកសភា​មកពី​យោធា​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំសភា​តំណាង​ប្រជាជន​ចិន​នៅ​ថ្ងៃទី​១៣ ខែមីនា​។ លោក ស៊ី ក៏បាន​ជំរុញ​ឲ្យ​កងទ័ព​ត្រូវតែ​អភិវឌ្ឍ​ខ្លួនឯង​នៅ​គ្រប់​បរិបទ​ទាំងអស់​។​

 
​ថ្លែង​ទៅកាន់​សមាជិកសភា​យោធា​នៃ​កងទ័ព​រំដោះប្រជាជន​ចិន លោក ស៊ី ជិន​ពីង បានលើកឡើង​ពី​អនាគត​របស់​កងទ័ព​រំដោះប្រជាជន​ចិន ដែល​ពឹង​ផ្អែកលើ​ការកែប្រែ​ថ្មី​និង​ការកែទម្រង់​។ ប្រធានាធិបតី ស៊ី ជិន​ពីង ថែមទាំង​ទទូច​ឲ្យ​កងទ័ព​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ការច្នៃប្រឌិត និង​កំណត់​សមត្ថភាព​ប្រយុទ្ធ​នៅ​គ្រប់​ការងារ​ទាំងអស់ ព្រមទាំង​បង្កើន​គំនិត​កែប្រែ​ថ្មី​នៅ​គ្រប់ផ្នែក​។​
 
​លោក ស៊ី ជិន​ពីង ដែលជា​ប្រធាន​គណៈកម្មាការ​យោធា​របស់​បក្ស​កុម្មុយនីស្ត​ផង​នោះ ក៏បាន​បញ្ជាក់​ពី​ចំណុច​មួយចំនួនទៀត​ដែល​ត្រូវ​កែលម្អ ដូចជា​រដ្ឋបាល​យោធា និង​សមត្ថភាព​របស់​កងទ័ព​។ លោក ក៏បាន​ស្នើ​ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ផ្ដោត​ទៅ​ការងារ​អាទិភាព​ទាំងនេះ ដើម្បី​ចាប់ផ្ដើម​ការអភិវឌ្ឍ​នៅ​គ្រប់ផ្នែក និង​ធ្វើ​ឲ្យ​កងទ័ព​ប្រទេស​ចិន​កាន់តែខ្លាំង​ឡើង​។​
 
​ប្រធាន​គណៈកម្មការ​យោធា​រូបនេះ​ក៏បាន​លើកឡើង​ដែរ​ថា គំនិត​ច្នៃប្រឌិត​ថ្មី​គឺជា​ចំណុច​ស្នូល​នៃ​ការប្រកួតប្រជែង​របស់​កងទ័ព ហើយ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ទៀតផង​។ ត្រង់ចំណុច​នេះ លោក ស៊ី ជិន​ពីង បាន​ទទូច​ដល់​មន្ត្រី​ទាំងអស់​ឲ្យ​គាំទ្រ​ដល់​គំនិត​ថ្មីៗ ដែល​នឹង​ជួយ​ជំរុញ​គុណភាព ប្រសិទ្ធភាព និង​ស្ថិរភាព​របស់​វិស័យ​ការពារជាតិ​និង​ការអភិវឌ្ឍ​យោធា​។  
 
​បន្ថែម​ពី​ការលើកឡើង​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​យោធា លោក ស៊ី ជិន​ពីង បាន​ប្រាប់​មន្ត្រី យោធា​ដែល​ចូលរួម​ប្រជុំ​ក្នុង​សភា​តំណាង​ប្រជាជន​ចិន ពី​ផែនការ​ប្រាំ​ឆ្នាំ​លើក​ទី​១៣ (២០១៦-២០២០)​។ លោក​ថា ផែនការ​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ការពារជាតិ និង​ការអភិវឌ្ឍ​លើ​វិស័យ​យោធា​។ ក្រៅពីនេះ លោក​បាន​ទទូច​ឲ្យ​កងទ័ព ត្រូវការពារ​សុច្ចរិត​ភាព​នយោបាយ ការកែទម្រង់​និង​នីតិរដ្ឋ ព្រមទាំង​បន្ត​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​ផងដែរ​។ 
 
​ការលើកឡើង​របស់លោក ស៊ី ជិន​ពីង ធ្វើឡើង​ក្រោយ​ពេលដែល​លោក​បានប្រកាស​ធ្វើការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​វិស័យ​ការពារជាតិ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​។ អង្គភាព​កងទ័ព​សំខាន់ៗ ដែល​រួមមាន​ទីបញ្ជាការ​រួម​ក​ង​ទ័ព កងកម្លាំង​រ៉ុក្កែត និង​កងកម្លាំង​គាំទ្រ ត្រូវបាន​បង្កើត​នៅក្រោម​កងទ័ព​រំដោះប្រជាជន​ចិន​។ កងទ័ព​ចិន ក៏បាន​បន្ថយ​ភូមិភាគ​យោធា​មក​ត្រឹម​ប្រាំ ខណៈ​ពីមុន​មាន​ដល់​ប្រាំពីរ​ភូមិភាគ​។ ជាមួយគ្នានេះ កាលពី​ដើមខែ​កន្លងទៅ ចិន​បានប្រកាស​ពី​កំណើន​ទាប​បំផុត​លើ​ថវិកា​ប្រចាំឆ្នាំ​របស់​វិស័យ​ការពារជាតិ​ក្នុង​រយៈពេល​៦​ឆ្នាំ​មកនេះ​។ រដ្ឋាភិបាល​ចិន​គ្រោង​នឹង​បង្កើន​ការចំណាយ​នៅត្រឹម​៧.៦​ភាគរយ គឺ​ទាប​ជាង​ឆ្នាំមុន​ដែលមាន​១០.១​ភាគរយ​៕
 
 
    

Tag:
 ចិន​
  ស៊ី​ជិន​ពីង
© រក្សាសិទ្ធិដោយ thmeythmey.com