អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មីយ៉ាន់ម៉ា បោះឆ្នោតប្រធានាធិបតីនៅថ្ងៃស្អែក
14, Mar 2016 , 5:15 pm        
រូបភាព
ដោយ:
សភា​សហភាព​មី​យ៉ាន់​ម៉ា បានកំណត់​យក​ថ្ងៃទី​១៥ ខែមីនា ស្អែក​នេះ ដើម្បី​បោះឆ្នោត​ជ្រើស​ជ្រើស​ប្រធានាធិបតី​ថ្មី​ជំនួស​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ថេ​ន សេន​។ ការចូល​កាន់តំណែង​ក្នុងការ ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុងខែ​មីនា ឬ​ដើម​ខែមេសា​ខាងមុខនេះ​ផងដែរ​។



បេក្ខជន​ប្រធានាធិបតី​បីនាក់​ដែលមាន​ពីរ​នាក់​មកពី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​តំណាង​ឲ្យ សភា​មី​យ៉ាន់​ម៉ា​ទាំងពីរ​ថ្នាក់ និង​ម្នាក់ទៀត​ជា​តំណាង​របស់​ក្រុម​យោធា នឹងត្រូវ​បោះឆ្នោត​សម្រេច​ចុងក្រោយ​ដោយ​សភា​សហភាព​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃស្អែក​នេះហើយ​។ ការបោះឆ្នោត​នេះ គឺជា​ការជ្រើសរើស បេក្ខជន​ម្នាក់​ទៅកាន់​តំណែង​ប្រធានាធិបតី និង​ពីរ​នាក់​ផ្សេងទៀត សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​ទី​១ និង​ទី​២​។

លោក Htin Kyaw សមាជិកសភា​មកពី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ត្រួវបាន​លោកស្រី ស៊ូ​ជី ជ្រើស​ជា​បេក្ខជន​តំណាង​ឲ្យ​បក្ស​លោកស្រី​នៅ​សភា​ជាន់​ទាប បាន​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី តំណាង​ឲ្យ​សភា​ជាន់​ទាប​ក្នុង​សំឡេងគាំទ្រ​២៧៤​នៃ​សំឡេង​សរុប​៣១៧​។ លោក Htin Kyaw គឺជា​មនុស្ស​ជិតស្និទ្ធ​របស់លោក​ស្រី ស៊ូ​ជី ជា​អតីត​អ្នកបើក​ឡាន​ឲ្យ​លោកស្រី ហើយក៏​ជា​បេក្ខជន​តែមួយ គត់​ក្នុងចំណោម​បេក្ខជន​ទាំងបី​ដែល​ត្រូវបាន​គេ​រំពឹង​នឹង​មកកាន់​តំណែង​ប្រធានាធិបតី​ជំនួស​លោក ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ថេ​ន សេន​។

 រីឯ​លោក Henry Van Htio ដែលជា​ជនជាតិ​ឈិន ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​កូតា​មកពី​សភា​ជាន់ខ្ពស់​របស់​បក្ស​លោកស្រី​ស៊ូ​ជី ក៏បាន​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​សភា​ជាន់ខ្ពស់​ផងដែរ​ដោយមាន​សំឡេងគាំទ្រ​១៤៨​នៃ​សំឡេង​សរុប​១៦៧​។ ហើយ​បេក្ខជន​ចុងក្រោយ​ដែលជា​តំណាង ក្រុម​យោធា និង​ទទួលបាន​បេក្ខភាព​ដោយ​ស្វ័យប្រវត្តិ គឺ​លោក Myint Swe ដែល​បច្ចុប្បន្ន​ជា​ប្រធាន រដ្ឋមន្ត្រី​នៅ​យ៉ា់ំង​ហ្គូ​ន​។

សូមបញ្ជាក់​ផងដែរ​ថា តាម​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា បេក្ខជន​ប្រធានាធិបតី​ទាំងបី នឹងត្រូវ​ដាក់ឈ្មោះ​ដើម្បី​ឲ្យ​សភា​សហភាព​បោះឆ្នោត​សម្រេច​។  បេក្ខជន​ណា​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ នឹង​ទទួលបាន​តំណែង​ប្រធានាធិបតី និង​បេក្ខជន​ដែល​ទទួលបាន​សំឡេងគាំទ្រ បន្តបន្ទាប់ នឹង​ទទួលបាន​តំណែង​អនុ​ប្រធានាធិបតី​។ តែ​វា​គ្មាន​រឿង​ដែល​គួរ​ព្រួយបារម្ភ នោះទេ​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​បេក្ខជន​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នោះ ដ្បិត បក្ស​នេះ មាន​សំឡេង​លើសពី​ហាសិប​បូក​មួយ​នៃ​សំឡេង​សរុប​របស់​សភា​ទៅទៀត​។

យ៉ាងណាក៏ដោយ វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​ស៊ូ​ជី ដែល មិនអាច​មានលទ្ធភាព​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​បាន ដ្បិត​មានការ​ហាមឃាត់​ពី​មាត្រា​៥៩ នៃ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​។ តែ​លោកស្រី​ស៊ូ​ជី ធ្លាប់បាន​អះអាង​ជាច្រើនលើក​ច្រើនសារ​រួចទៅហើយ​ថា លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត ដែល​នេះ ចង់​មានន័យថា ប្រធានាធិបតី​ថ្មី ក៏ត្រូវ​ដើរ​តាម​គន្លង​នយោបាយ និង​ការបង្គាប់បញ្ជា​របស់លោក​ស្រី​ដដែល​៕​

© រក្សាសិទ្ធិដោយ thmeythmey.com