ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​លោក ឯក សំអុល ចប់​អាណត្តិ សភា​រើស​សមាជិក​ថ្មី​ជំនួស​
14, Mar 2016 , 6:59 pm        
រូបភាព
 
​រដ្ឋសភា ប្រកាស​ជ្រើសរើស​ឥស្សរជន​មួយរូប ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​លោក ឯក សំអុល ដែលជា​ប្រធាន​នៃ​ស្ថាប័ន​កំពូល​មួយ​នេះ​។ នេះ​បើតាម​សេ​ក្តី​ជូនដំណឹង​របស់​រដ្ឋសភា ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ ។


​លោក ឯក សំអុល នឹងត្រូវ​លាលែង​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយពី​លោក​បញ្ចប់​អាណត្តិ​ក្នុង​ឆ្នាំ​២០១៦​នេះ​។ លោក ឯក សំអុល ដែល​រដ្ឋសភា​ជា​អ្នក​ជ្រើសរើស បាន​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ តាំងពី​ឆ្នាំ​២០០៧ មកម្ល៉េះ​។ 
 
​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​មានប្រសាសន៍ថា ឥស្សរជន​ថ្មី​មួយរូប នឹង​កាន់តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ជំនួស​លោក ឯក សំអុល ក្រោយពី​រដ្ឋសភា​ជ្រើសរើស​រួចរាល់​។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា ឥស្សរជន​ថ្មី​នេះ នឹង​ក្លាយជា​សមាជិក​ធម្មតា​ប៉ុណ្ណោះ ព្រោះ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​អាស្រ័យ​លើក​សមាជិក​ទាំង​៩​រូប ជា​អ្នកបោះឆ្នោត​ជ្រើសរើស​។  
​លោក​បន្ថែមថា ព្រះមហាក្សត្រ នឹង​តែងតាំង​សមាជិក​ថ្មី​១​រូប ចំណែកឯ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក៏​នឹង​ជ្រើសតាំង​សមាជិក​ថ្មី​១​រូប​ដែរ ព្រោះ​សមាជិក​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​៣​រូប តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ ជា​រៀងរាល់​៣​ឆ្នាំ​ម្តង​។ 
 
​យោងតាម​រដ្ឋធម្មនុញ្ញ  ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ឋានៈ​និង​បុព្វសិទ្ធិ ស្មើនឹង​ប្រធានរដ្ឋសភា​។ ចំណែកឯ​សមាជិក​មាន​ឋានៈ​និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធានរដ្ឋសភា​។   សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង ឬ​ជ្រើស​តាំងពី​ចំណោម​ឥស្សរជន ដែលមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ៤៥​ឆ្នាំ មាន​បទពិសោធ​ការងារ​យ៉ាងតិច ១៥​ឆ្នាំ និង​មាន​សញ្ញាប័ត្រ​ឧត្ដមសិក្សា​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច​។​
 
​សូមបញ្ជាក់ថា សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១​រូប និង​សមាជិក​ចំនួន  ៨​រូប​។ ក្នុងចំណោម​សមាជិក​ទាំង​៩​រូបនោះ ៣​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​៣​រូប​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រីឯ​៣​រូប​ទៀត​តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕
 
 

Tag:
 រដ្ឋសភា​
  ក្រុមប្រឹក្សាធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com