អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រឿង​អា​ស្រូវពុករលួយ​៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​ប្រកាសថា​មិន​ចេញពី​តំណែង​
14, Mar 2016 , 7:39 pm        
រូបភាព
 ​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោកស្រី Dilma Rousseff នឹងមិន​ចេញពី​តំណែង​ឡើយ ទោះជា​មាន​ចលនា​បាតុកម្ម​កើតឡើង​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​ព្រោះ​រឿង​ពុករលួយ​ក៏ដោយ​។ លោកស្រី​ថា គ្មាន​ហេតុផល​អ្វីដែល​លោកស្រី​ត្រូវ​លាលែង ហើយ​អ្នកប្រឆាំង​លោកស្រី​ក៏​គ្មានអ្វី​ជា​មូលដ្ឋាន​បង្ខំ​ឲ្យ​លោកស្រី​ចាកចេញ​ដែរ​។​

 
​ចលនា​បាតុកម្ម​នៅតាម​ទីក្រុង​ធំៗ​ដូចជា Brasilia និង Rio de Janeiro  ត្រូវបាន​រៀបចំឡើង​ថ្ងៃអាទិត្យ​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​ប្រមុខរដ្ឋ​ប្រេ​ស៊ី​ល លោកស្រី Dilma Rousseff ចុះ​ចេញពី​តំណែង​។ ប៉ុន្តែ លោកស្រី Dilma Rousseff បានប្រកាស​ជាមុន​ហើយ​ថា «​កុំ​សង្ឃឹម​លោកស្រី​ចុះចេញ​ពី​តំណែង​ឲ្យ​សោះ​»​។​
 
​តាមពិតទៅ​បាតុករ​ទាមទារ​ឲ្យ​លោកស្រី​លាលែង​ពី​តំណែង ព្រោះ​ពួកគេ​ចង់​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​លាលែង​ពី​តំណែង​ដើម្បី​បោះឆ្នោត​ជាថ្មី ព្រោះ​លោកស្រី​ប្រព្រឹត្ត​អំពើពុករលួយ​។ តែ​ក្រៅពី​ការប្រមូលផ្តុំ​គ្នា​របស់​បាតុករ​ប្រឆាំង​រដ្ឋាភិបាល គេ​ឃើញ​មាន​បាតុករ​គាំទ្រ​រដ្ឋាភិបាល​ច្រើន​ល្មម​ដែរ​នាំគ្នា​ប្រមូល​ផ្តុំគ្នា​ទាមទារ​ឲ្យ​ក្រុមប្រឆាំង​បញ្ឈប់​ការតវ៉ា់​នេះ​ទៀត​។ 
 
​យោងតាម​សារព័ត៌មាន Al Jazeera បាតុករ​ម្នាក់​ជា​វិស្វករ​ឈ្មោះ Alexandre Cortes​ដែល​បាន​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​នេះ​បាន​អះអាងថា​៖« ខ្ញុំ​គាំទ្រ​ការដកហូត​តំណែង​របស់​លោកស្រី និង​មានការ​បោះឆ្នោត​ថ្មី ព្រោះតែ​ការបោះឆ្នោត​ឆ្នាំ ២០១៤​កន្លងទៅ​លោកស្រី​ប្រើប្រាស់​លុយកខ្វក់ ពុករលួយ​»​។ 
 
​លោកស្រី Dilma Rousseff បានទទួល​ជ័យជម្នះ​លើក​ទី​ពីរ​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៤ ប៉ុន្តែ​លោកស្រី​បានទទួល​សំឡេង​ច្រើនជាង​គូប្រជែង​លោកស្រី​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ហើយ​មកដល់​ពេលបច្ចុប្បន្ន ប្រជាប្រិយភាព​របស់លោក​ស្រី​ក៏​ធ្លាក់ចុះ​ទាប​បំផុត​ទៀត​។ 
 
​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​នេះ កាលពី​ខែតុលា​ឆ្នាំមុន​តុលាការ​កំពូល​ប្រេ​ស៊ី​ល​បានប្រកាសថា ការប្រើប្រាស់​លុយ​កម្ចី​ពី​ធនាគារ​រដ្ឋ របស់​រដ្ឋាភិបាល​លោកស្រី Dilma Rouseff កាលពី​ឆ្នាំ ២០១៤ ពិតជា​រំលោភច្បាប់​។ ហើយ​ក្រោយមក​ក៏មាន​ការស៊ើបអង្កេត​ពា​ក់​ព័ន្ធ​យុទ្ធនា​ការឃោសនា​នយោបាយ​ក្នុង​ឆ្នាំ ២០១៤ របស់លោក​ស្រី​ផងដែរ​។​
 
​ក្រៅពី​រឿង​ពុករលួយ លោកស្រី​ក៏ត្រូវ​ប្រជាជន​ប្រេ​ស៊ី​ល​រិះគន់​ខ្លាំង​ដែរ ព្រោះតែ​រដ្ឋាភិបាល​លោកស្រី​អសមត្ថភាព ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​។   សេដ្ឋកិច្ច​ប្រេ​ស៊ី​ល​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ២៥​ឆ្នាំ​មកនេះ ហើយ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ក៏​ជាហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មហាអំណាច​អាមេរិកខាងត្បូង​នេះ​ប្រឈម​វិបត្តិ​ដែរ​៕ 

Tag:
 ប្រេ​ស៊ី​ល​
  Dilma Rousseff
 ​ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com