អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា ៖ ទាហាន​កុមារ​៤៦​នាក់​ត្រូវបាន​ដោះលែង​ឲ្យ​ជួបជុំ​គ្រួសារ​វិញ​
14, Mar 2016 , 8:39 pm        
រូបភាព
 
​យោធា​មី​យ៉ាន់​ម៉ា​បានសម្រេច​ដោះលែង​ទាហាន​កុមារ​ចំនួន ៤៦​នាក់​បន្ថែមទៀត​នៅ​ថ្ងៃអាទិត្យ​ទី ១៣​ខែមីនា​ម្សិលមិញ​នេះ​។ ការសម្រេច​ដោះលែង​ទាហាន​កុមារ​នេះ ជាការ​ខិតខំ​ប្រឹងប្រែង​របស់​មី​យ៉ាន់​ម៉ា​ដើម្បី​បញ្ចប់​ការជ្រើសរើស​និង​ប្រើប្រាស់​កុមារ​ក្នុង​ជួរ​កងទ័ព ស្របតាម​កិច្ចព្រមព្រៀង​ដែល​ប្រទេស​បង្កើត​ជាមួយ​អង្គការ​សហប្រជាជាតិ​ឆ្នាំ ២០១២ ។​


​ខណៈដែល​មានការ​រិះគន់​ថា យោធា​មី​យ៉ាន់​ម៉ា យឺតយ៉ាវ​ក្នុងការ​ដោះស្រាយ​រឿង​ប្រើប្រាស់​កុមារ​ក្នុង​ជួរ​កងទ័ព ថ្ងៃទី ១៣ មីនា ម្សិលមិញ​នេះ ស្ថាប័ន​យោធា​ប្រទេស​នេះ​បានសម្រេច​ដោះលែង​ទាហាន​កុមារ​ចំនួន ៤៦​នាក់​បន្ថែមទៀត​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP កុមារ​ទាំង​៤៦​នាក់​នោះ​ត្រូវបាន​យោធា​មី​យ៉ាន់​ម៉ា «Tatmadaw» ដោះលែង​និង​បញ្ជូន​ឲ្យ​ទៅ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​ពួកគេ​អស់ហើយ​។​
 
​ការសម្រេច​ដោះលែង​ទាហាន​ក្មេងៗ​ក្រោម​អាយុ​នេះ ត្រូវបាន​ធ្វើឡើង​តាំងពី​ឆ្នាំ ២០១២ មកម្ល៉េះ​នៅពេលដែល​រដ្ឋាភិបាល​ពាក់​កណ្តាល​យោធា​មី​យ៉ាន់​ម៉ា​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​ការអនុវត្ត​របស់​យោធា​មី​យ៉ាន់​ម៉ា​ហាក់​មានការ​យឺតយ៉ាវ​ខ្លាំង​។ 
 
​ក្នុង​ពិធី​ដោះលែង​ទាហាន​កុមារ ឧ​ត្ត​ម​សេនីយ៍ Tauk Tun បាន​លើកឡើងថា​៖​​« យោធា​មី​យ៉ាន់​ម៉ា​បាន​ដោះលែង​ទាហាន​មិនទាន់​គ្រប់​អាយុ ៧៤៤​នាក់ ដែល​ការដោះលែង​មាន​ចំនួន ១២​ដង​រាប់ទាំង​ពេលនេះ​ផង​»​។​
 
​យ៉ាងណាមិញ គ្មាន​របាយការណ៍​ជាក់លាក់ ដែល​បង្ហាញ​ពី​ចំនួន​កុមារ​ទាំងអស់​ដែល​កំពុងស្ថិត​ក្នុង​កាត​ព្វ​កិច្ច​យោធា​ឡើយ​។ ការរំលោភ​សិទ្ធិមនុស្ស​ដោយ​បង្ខំ​ឲ្យ​កុមារ​ចូល​បម្រើ​ក្នុង​វិស័យ​កងទ័ព​នេះ កា្ល​យ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​នៅ​មី​យ៉ាន់​ម៉ា​តាំងពី​យូរ​មកហើយ​។ ខាង​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​បង្ហើប​ថា​យ៉ាងហោចណាស់​ក្រុម​ឧទ្ទាម ៧​ក្រុម​បានជ្រើសរើស​កុមារ​មិន​គ្រប់​អាយុ​ឲ្យ​កាន់​កាំភ្លើង​ប្រយុទ្ធ​។​
 
​ការបន្ត​ដោះលែង​ទាហាន​កុមារ​នេះ កើតឡើង​ស្រប​ពេលដែល​មី​យ៉ាន់​ម៉ា​ស្ថិតក្នុង​ដំណាក់កាល​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​ពេញលេញ​។ ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ខែវិច្ឆិកា​ឆ្នាំ មុន ដែល​បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឈ្នះឆ្នោត​ភ្លូក ទឹក​ភ្លូ​កដី បង្ហាញ​ពីស​ញ្ញា​វិជ្ជា​មាន​សម្រាប់​ប្រទេស​ស្ថិតក្រោម​របប​សឹក​អស់​រាប់​ទសវត្សរ៍​មក​នោះ​។  ប៉ុន្តែ​ស្ថាប័ន​យោធា​នៅតែមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​នយោបាយ​ប្រទេស​នេះ ព្រោះ​ក្រុម​ឧ​ត្ត​ម​សេនីយ៍​នៅ​បន្តកាន់កាប់​ក្រសួង​សំខាន់​បី​មាន​ក្រសួងការពារជាតិ ក្រសួង​កិច្ចការ​ព្រំដែន និង​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​។ គេ​មិន​រំពឹងថា ឥទ្ធិពល​ពួកគេ​នឹង​សាបរលាប​ឆាប់ៗ​ឡើយ​៕
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
 ​ ទាហាន​កុមារ​
 ​ សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com