អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការកំណត់​ជោគវាសនា អាសាដ ធ្វើ​ឲ្យ​កិច្ចចរចា​ស៊ី​រី​នៅ​ហ្សឺ​ណែវ​ស្រពិចស្រពិល​ខ្លាំង
14, Mar 2016 , 9:39 pm        
រូបភាព
 
 
​កិច្ចចរចា​សន្តិភាព​ស៊ី​រី​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ហ្សឺ​ណែវ ខណៈដែល​បញ្ហា​ចម្រូងចម្រាស​រឿង​បង្កើត​រដ្ឋ​សហព័ន្ធ និង​តួនាទី​របស់​ប្រធានាធិបតី​ស៊ី​រី កា្ល​យ​ជា​ប្រធានបទ​ចម្រូងចម្រាស​បំផុត​។ រដ្ឋាភិបាល​ស៊ី​រី​ថា​កិច្ចចរចា​នឹង​បរាជ័យ បើ​ជជែក​រឿង​បោះឆ្នោត​និង​បង្កើត​រដ្ឋ​សហព័ន្ធ​។ ប៉ុន្តែ​លោកខាងលិច​ដែល​គាំទ្រ​ក្រុមប្រឆាំង​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ថា​កុំ​ព្យាយាម​យក​លេស​រារាំង​ដំណើរកា​រ​ចរចា​សន្តិភាព​នេះ​។​


លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាន



​ខណៈដែល​បទ​ឈប់​បាញ់​ត្រូវបាន​ភាគី​អនុវត្ត តំណាង​ក្រុម​អន្តរជាតិ​គាំទ្រ​ស៊ី​រី កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ដើម្បី​ចាប់ផ្តើម​ដំណើរ​ការចរចា​សន្តិភាព​ស៊ី​រី​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ខែមីនា​នេះ​។ 
​ប្រធានបទ «​អាសាដ ត្រូវ​នៅ​បន្ត​តំណែង​ទៀត​ឬ​អត់​» នោះ​ស្រាប់តែ​ក្លាយជា​រឿងចម្រូងចម្រាស​និង​ក្តៅ​ខ្លាំង​ជាថ្មី​សម្រាប់​ការចរចា​លើក​នេះ ហើយ​ការកំណត់​យក​ការបែងចែក​រដ្ឋបាល​តា​ម​រដ្ឋ​សហព័ន្ធ​នោះ​ក៏​ត្រូវបាន​គេ​កំណត់​យកមក​ជជែក​ដូចគ្នា​។ 
 
១.​ការចរចារ​ចាប់ផ្តើម​ទាំង​ភាគី​ខ្វែងគំនិត​មើលមុខ​គ្នា​មិន​ចំ​
​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី លោក Walid al-Moallem បាន​ចេញមុខ​ថ្លែងថា រដ្ឋាភិបាល​ស៊ី​រី​នឹងមិន​ពិភាក្សា ជាមួយ​អ្នក​ដែល​ចង់យក​បញ្ហា​ប្រធានាធិបតី និង​ការបោះឆ្នោត​ស៊ី​រី​មកលើ​តុ​ចរចា​ឡើយ​។ ហើយ​លោក​ក៏​សង្កត់ធ្ងន់​ដែរ​ថា បើសិនជា​ភាគី​ម្ខាង​ទៀត​បន្ត​ចរ​ចេស​ទាមទារ​ឲ្យ​អាសាដ​ចេញពី​តំណែង ការចរចា​នឹង​បរាជ័យ ព្រោះ​ការបញ្ចប់​ជម្លោះ​មិនមែន​ពឹង​តែ​លើ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ម្ខាង​ឡើយ​។ 
 
​លោក​លើកឡើង​បែបនេះ ស្រប​ពេលដែល​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​លោកខាងលិច លើកឡើង​ម្តង​ហើយ​ម្តង​ទៀតថា ការបណ្តេញ លោក អាសាដ ចេញពី​តំណែង​ជា​រឿង​តែមួយគត់​ដែល​អាច​បញ្ចប់​សង្គ្រាមស៊ីវិល​បង្ហូរឈាម​គ្នា ដល់​៥​ឆ្នាំ​មកនេះ​។  សម្រាប់​ក្រុម​ឧទ្ទាម​ប្រឆាំង​របប​អាសាដ ថា​ខ្លួន​ព្រម​បញ្ចប់​ជម្លោះ​ដរាបណា​អាសាដ​លែងមាន​វត្តមាន​ក្នុង​នយោបាយ​។​
 
​ក្រៅពីនេះ ប្រមុខ​ការទូត​ស៊ី​រី​ខាងលើ បាន​ឆ្លៀ​យ​វាយប្រហារ​បេសកជន​ពិសេស អង្គការសហប្រជាជាតិ​លោក Staffan de Mistura​ផង ដែល​លោក​បាន​លើកឡើងថា ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ស៊ី​រីនឹង​ចាប់ផ្តើម​ក្នុង​រយៈពេល​១៨​ខែ​ទៅមុខ ហើយ​ប្រធានបទ​ស្តីពី​ការបង្កើត​រដ្ឋ​សហព័ន្ធ​នៅ​ស៊ី​រី មិនត្រូវ​ដកចេញ​ពី​តុ​ចរចា​ថ្ងៃ​ចន្ទ​ឡើយ​។ 
 
​ការបង្កើត​រដ្ឋ​សហព័ន្ធ​នៅ​ស៊ី​រី​ដែល​ត្រួវ​ត្រាយផ្លូវ​សម្រាប់​ការ​ប្រតិភូកម្ម​អំណាច ស្វ័យភាព​ច្រើន​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាពិសេស​ទៅដល់​ជនជាតិ​ផ្សេងទៀត​ក្នុងប្រទេស​ស៊ី​រី ជា​អ្វីដែល​ក្រុមប្រឆាំង​និង​លោកខាងលិច​ចង់បាន​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ទាត់ចោល​គំនិត​នេះ ដោយ​អះអាងថា ដំណោះស្រាយ​ល្អ​សម្រាប់​ស៊ី​រី​គឺ​រក្សា​រដ្ឋ​ទោល​ដែលមាន​ការឯកភាព​ជា​តិ​ខ្ពស់​ដូច​ពេលបច្ចុប្បន្ន​។​
 
​២.​បារាំង អាមេរិក​ព្រមាន​រដ្ឋាភិបាល​ស៊ី​រី កុំ​ព្យាយាម​បង្អាក់​កិច្ចចរចា​សន្តិភាព​
​ការខ្វែងគំនិត​គ្នា​រឿង​ប្រធានបទ​នៃ​កិច្ចចរចា​ជា​ឧបសគ្គ​យ៉ាង​ធំ​សម្រាប់​ការបញ្ចប់​ជម្លោះ​នៅ​ស៊ី​រី​។ គ្មាន​ការឯកភាព​គ្នា​កើតឡើង​រវាង​ក្រុមប្រឆាំង​និង​រដ្ឋាភិបាល​សោះ​ជុំវិញ ការកំណត់​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពិភាក្សាគ្នា ខណៈដែល​ភាគី​ម្ខាងៗ​អួតថា​ខ្លួន​មាន​ឆន្ទៈ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​ជម្លោះ​។​
 
​លោក ច​ន ឃែ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​ចោទប្រកាន់ សម​ភាគី​ស៊ី​រី​ថា កំពុង​ព្យាយាម​បង្អាក់​ការចរចា​ពេលនេះ​។ ហើយ​លោក​បាន​ព្រមាន​បណ្តា​សម្ព័ន្ធមិត្ត​រដ្ឋាភិបាល​ស៊ី​រី មាន​អ៊ីរ៉ង់ និង​រុស្ស៊ី ពី​លទ្ធភាព​នៃ​ការបរាជ័យ​នៃ​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​ដែល​បាន​ចូល​ជា​ធរមាន​ពីថ្ងៃ ២៧​កុម្ភៈ​កន្លងមក​នោះ​។ ចំណែក​សម​ភាគី​បារាំង​លោក Jean-Marc Ayrault ក៏បាន​ទិតៀន​ពាក្យសម្តី​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី​ផងដែរ តែ​លោក​បាន​អំពាវនាវ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ស៊ី​រី​ប្រឹងប្រែង​ទាំងអស់គ្នា​ដើម្បី​រក្សា​ឲ្យ​បាន​ដំណើរការ​ចរចា​រកស​ន្តិ​ភាព​នេះ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com