អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន បង្កើត​មជ្ឈមណ្ឌល​អន្ត​រ​ជាតិដោះស្រាយ​បញ្ហា​ដែនសមុទ្រ ខណៈ​ខ្លួន​បន្ត​វាតទី​ក្នុង​តំបន់​ជម្លោះ​
14, Mar 2016 , 10:19 pm        
រូបភាព
ដោយ:
 
​បញ្ហា​ប្រវត្តិសាស្ត្រ និង​ភាពមិន​ដាច់ស្រេច​ក្នុងការ​កំណត់ព្រំដែន​សមុទ្រ បាន​បង្កើត​ឲ្យ​មាន​ភាព​ចម្រូង ចម្រាស​ជាច្រើន​រវាង​ចិន និង​ប្រទេសជិតខាង​។ តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានលើកឡើង​ថា​ចិន​បាន​បង្កើត​តុលាការ និង​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ច្រើនជាងគេ​របស់​ពិភពលោក​។ ជាមួយគ្នា​ប្រធាន​តុលាការ​កំពូល​ប្រជាជន​ចិន លោក Zhou Qiang  បានលើកឡើង​ថា​ចិន​នឹង​បង្កើត​មជ្ឈមណ្ឌល​យុត្ត​ធម៌​អន្តរជាតិ​ដែនសមុទ្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ ដែល​គម្រោង​នេះ ត្រូវបាន​មើលឃើញថា​ជាការ​អនុវត្ត ស្តង់ដារ​ពីរ​ជាន់​ពោលគឺ​ចិន​បដិសេធ​ចូល​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ តែ​មក​បង្កើត​តុលាការ​ដោយ​ខ្លួនឯង​វិញ​។​


លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាន



​លោក Zhou Qiang ប្រធាន​តុលាការ​កំពូល​ប្រជាជន​ចិន នៅ​ថ្ងៃទី​១៣ ខែមីនា បានប្រកាសថា​ក្រុង​ប៉េកាំង នឹង​បង្កើត​មជ្ឈមណ្ឌល​យុត្ត​ធម៌​អន្តរជាតិ​មួយ​ដែលមាន​មុខងារ​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​ចិន និង​សិទ្ធិ​ដែនសមុទ្រ​ផងដែរ​នោះ​។ គម្រោង​បង្កើត​នេះ ប្រកាសឡើង​ស្របពេល​បញ្ហា​ដែនសមុទ្រ​ចិន កំពុង​តែមាន​ប្រទាញប្រទង់​ជាមួយនឹង​រដ្ឋ​ជម្លោះ​ជាពិសេស​នោះ​គឺ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ 
 
១. ចិន ព្យាយាម​បង្កើត​យន្តការ​ថ្មី​ផ្តល់​ភាពស្របច្បាប់​ចំពោះ​សកម្មភាព​រំលោភ​ខ្លួនឯង​?
​ក្នុង​បទ​បង្ហាញ​ពី​របាយការណ៍​ក្នុងឱកាស​នៃ​កិច្ចប្រជុំសភា​ទាំងពីរ​ប្រចាំឆ្នាំ លោក Zhou Qiang បាន​អះ អាង​ថា ចិន មាន​តុលាការ​ដោះស្រាយ​លើ​បញ្ហា​សមុទ្រ​១០​រួចទៅហើយ ដែល​ចំនួន​នេះ បាន​បង្ហាញថា ចិន​ស្ថិតនៅ​លំដាប់​កំពូល​របស់​ពិភពលោក​ដែលមាន​តុលាការ​ដោះស្រាយ​លើ​បញ្ហា​នេះ​។ លោក Qiang ក៏បាន​បន្ថែម​ដែរ​ថា កន្លងមក​ក្នុង​ឆ្នាំ​២០១៥ តុលាការ​បាន​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ប្រមាណ​ជាង ១៦០០០​ករណី​រួចទៅហើយ​។ 
 
​ក្នុងឱកាស​ដដែល​លោក Qiang បាន​សង្កត់ធ្ងន់ថា​យើង​ត្រូវតែ​ការពារ​សុវត្ថិភាព​អធិបតេយ្យ​ជាតិ សិទ្ធិ​ដែនសមុទ្រ និង​ផលប្រយោជន៍​ស្នូល​ជាដាច់ខាត ហើយ ចិន នឹង​ពង្រឹង​លើ​វិស័យ​តុលាការ​ដែនសមុទ្រ និង កសាង​មជ្ឈមណ្ឌល​យុត្ត​ធម៌​ដែនសមុទ្រ​អន្តរជាតិ​ផងដែរ​។ តែ លោក Qiang មិនបាន​បញ្ជាក់ថា​តើ​គម្រោង​នៃ​ការបង្កើត​តុលាការ​នោះ​ចាប់ផ្តើម​ពេលណា ទីតាំង​នៃ​ស្នាក់ការ និង​ករណី​ណាខ្លះ​ដែល​អាច​ទទួល​យកមក​ដោះស្រាយ​នោះទេ​។​
 
​ជុំវិញ​បញ្ហា​ដែនសមុទ្រ​នេះដែរ ចិន កំពុង​តែមាន​បញ្ហា​ចម្រូងចម្រាស និង​ភាព​តានតឹង​ជាមួយនឹង ជប៉ុន​លើ​បណ្តុំ​កោះ​សិន​ហ្គា​ហ្គុ និង​ជម្លោះ​ជាមួយនឹង​រដ្ឋ​អាស៊ាន​ដែល​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​
 
​ដោយឡែក​សម្រាប់​ការបង្កើត​មជ្ឈមណ្ឌល​ឬ ក៏​តុលាការអន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​នេះ ត្រូវបាន​មើល​គេ​មើលឃើញថា​គ្រាន់តែ​ជា​យន្តការ​មួយ​ថ្មី​របស់​ចិន​ដើម្បី​ព្យាយាម​បង្កើត​ភាពស្របច្បាប់ ដោយ​ឯកតោភាគី ខណៈ​ចិន ខ្លួនឯង​កំពុងតែ​រំលោភ និង​វាតទី​ក្នុង​តំបន់​ជម្លោះ​ជាពិសេស​នោះ គឺ​ក្នុង តំបន់​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​។ ចិន​បាន​វាតទី​ក្នុងការ​សាងសង់​កោះ​សិប្បនិម្មិត និង​ចុង​ក្រោយនេះ ថែម​បំពាក់​សព្វាវុធ​ក្នុង​តំបន់​ជម្លោះ​ជា​លក្ខណៈ​ឯកតោភាគី​ទៀតផង​។ 
 
២. មជ្ឈមណ្ឌល​អន្តរជាតិ​ដែនសមុទ្រ​ជាការ​ចូលរួមចំណែក​ដោះស្រាយ​រឿង​សមុទ្រ ឬ​ស្តង់ដារ​ពីរ​ជាន់​?
​តាមពិតទៅ ដូច​បានកំណត់​នៅក្នុង​អនុ​ញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ រដ្ឋ​ពាក់ព័ន្ធ​ដែលមាន​បញ្ហា​ឬ​ជម្លោះ​លើ​ដែនសមុទ្រ អាច​ដោះស្រាយ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដែល​ក្នុងនោះ​ម​ជ្ឈ​ត្ត​ការ នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ គឺជា​តុលាការ​មួយ​ដែលមាន​សមត្ថកិច្ច​ដោះស្រាយ​ករណីនេះ ដោយមាន​ទាំង​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ​ផងដែរ​។ 
 
​កន្លងមក ហ្វីលីពីន បាន​ប្តឹង​ទៅកាន់​តុលាការអន្តរជាតិ​ក្រុងឡាអេ​ប្រទេស​ហូ​ឡង់​ប្រឆាំង​ចិន​លើ​ការ រំលោភ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​តំបន់​ត្រួតស៊ីគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​បច្ចុប្បន្ន សំណុំ រឿងនេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ដែល​ត្រៀម​នឹង​ប្រកា​សម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ផងដែរ​។ អ្វី​គួរកត់សម្គាល់​នោះ ចិន បាន​បដិសេធ​មិន​ចូលរួម​ក្នុងការ​នីតិវិធី​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ហ្វីលីពីន​នោះទេ ដោយ​ចិន អះអាងថា​ឆ្នាំ​២០០៦ ចិន ប្រកាស​លើកលែង​ចំពោះ​បទ​បញ្ញា​ត្តិ នៃ​ការដោះស្រាយ​តាម​ម​ជ្ឈ​ត្ត​ការ​។ 
 
​យ៉ាងណាក៏ដោយ ការបង្កើត​មជ្ឈមណ្ឌល​ដោះស្រាយ​សមុទ្រ​អន្តរជាតិ ខណៈពេល​ចិន មិន​ចូលរួម ដោះស្រាយ​តាម​ម​ជ្ឈ​ត្ត​ការ​អន្តរ​ជា​តិំ នោះបាន​បង្ហាញ​ឲ្យ​ឃើញថា នេះ​ជា​សកម្មភាព​ការអនុវត្ត ស្តង់ដារ​ពីរ​ជាន់​។ នេះ មានន័យថា​គម្រោង​រប​ស់​ចិន គឺ​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​របស់ខ្លួន ដែល​មិន​ស្របតាម​បទដ្ឋាន​អន្តរជាតិ​នោះទេ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com